Connect with us

ព័ត៌មានអន្ដរជាតិ

ស្ដេច ​ព្រុយណេ រុះរើគណៈរដ្ឋមន្ត្រី ដោយ​តែងតាំង បុត្រា Mateen ជារដ្ឋមន្រ្តីការបរទេស​ទាំង​វ័យក្មេង​​

បានផុស

នៅ

ស្តេចស៊ុលតង់ Hassanal Bolkiah របស់​ប្រទេសព្រុយណេ បានតែងតាំងព្រះបុត្រា Abdul Mateen ដែលទើប​មាន​អាយុ​​៣៤ឆ្នាំ ជារដ្ឋមន្រ្តីការបរទេស នៅក្នុងការរុះរើគណៈរដ្ឋមន្រ្តីទ្រង់ទ្រាយធំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការរៀបចំយុទ្ធសាស្ត្រផ្ទេរអំណាចទុកជាមុន សម្រាប់អ្នកដឹកនាំជំនាន់ក្រោយ ក្នុងព្រះរាជាណាចក្រដ៏សម្បូរបែបដោយប្រេងកាតមួយនេះ។

ស្តេចស៊ុលតង់ Hassanal Bolkiah និងព្រះបុត្រា Abdul Mateen អំឡុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងប្រទេសកម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមជាព្រះរាជបុត្រទី ១០ និងជាបុត្រាទី ៤ របស់ព្រះចៅស៊ុលតង់ ព្រះអង្គម្ចាស់ Abdul Mateen ស្ថិតនៅលំដាប់ឆ្ងាយបន្តិចក្នុងការឡើងស្នងរាជ្យ ប៉ុន្តែរូបសម្រស់ដ៏ស្រស់សង្ហារបស់ព្រះអង្គ បានទាក់ទាញអ្នកគាំទ្រជាង ៣ លាននាក់នៅលើបណ្តាញសង្គម Instagram ដែលជួយផ្តល់នូវមុខមាត់បែបសម័យទំនើបសម្រាប់ព្រះរាជវង្សានុវង្ស។ នេះបើយោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters

ចំពោះព្រះអង្គម្ចាស់ Mateen គឺជាមន្ត្រីយោធាដែលបានទទួលការបណ្តុះបណ្តាលពីអង់គ្លេស នៅក្នុងកងកម្លាំងប្រដាប់អាវុធព្រុយណេ ទ្រង់ក៏ជាអ្នកបើកបរឧទ្ធម្ភាគចក្រ និងជាអ្នកចូលចិត្តលេងកីឡាប៉ូឡូ (Polo)មួយរូបផងដែរ។ បុត្រអង្គនេះ តែងតែអមព្រះបិតាក្នុងដំណើរទស្សនកិច្ចផ្លូវការនៅបរទេស រួមទាំងកិច្ចប្រជុំកំពូលការទូតនានា ជាពិសេសទ្រង់បានយាងអមបិតាក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ ២០២២។

ដោយឡែក ក្រៅពីព្រះអង្កម្ចាស់ Mateen, បុត្រាប៉ុន្មានអង្គទៀតក៏ត្រូវបានតែងតាំងផងដែរ។ ព្រះរាជបុត្រាច្បងទីពីររបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ Abdul Malik ត្រូវបានតែងតាំងជារដ្ឋមន្ត្រីនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលនេះជាតួនាទីក្នុងគណៈរដ្ឋមន្ត្រីលើកដំបូងរបស់ព្រះអង្គ ។ ចំណែកឯព្រះរាជបុត្រច្បងគឺ ព្រះរាជទាយាទ Al-Muhtadee Billah នៅតែបន្តរក្សាតំណែងជារដ្ឋមន្ត្រីជាន់ខ្ពស់នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី (PMO) ដដែល ។ ព្រះអង្គគឺជាអ្នកបន្តវេនផ្ទាល់លំដាប់ទី១ ក្នុងការឡើងស្នងរាជ្យបល្ល័ង្ក។

ទោះបីជាប្រគល់តំណែងឲ្យបុត្រាក្ដី តែព្រះចៅស៊ុលតង់ Hassanal បានមានព្រះរាជបន្ទូលនៅក្នុងការប្រកាសតាមកញ្ចក់ទូរទស្សន៍ និងបានបង្ហោះនៅលើគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលថា ព្រះអង្គនឹងនៅតែបន្តកាន់តំណែងសំខាន់ៗដដែល រួមមាន នាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។

គួរបញ្ជាក់ថា ស្ដេចស៊ូលតង់ Hassanal Bolkiah សព្វថ្ងៃមានព្រះជន្ម៧៩ព្រះវស្សា ហើយមួយរយៈចុងក្រោយនេះ ព្រះអង្គមានបញ្ហាព្រះរាជសុខភាពមួយចំនួន ក្នុងនោះមានទាំងការវះកាត់ផ្លាស់ប្តូរក្បាលជង្គង់ កាលពីខែមករា ហើយទ្រង់បានបង្ហាញព្រះរាជវត្តមានជាសាធារណៈតិចជាងមុន ក្នុងឆ្នាំនេះ។ កាលពីឆ្នាំមុន ព្រះអង្គក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដោយសារតែព្រះកាយពលទន់ខ្សោយខ្លាំង អំឡុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងរដ្ឋធានីគូឡាឡាំពួរ ប្រទេសម៉ាទ្បេស៊ី៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

បុត្រាបុត្រីទាំង ១២ អង្គរបស់ស្ដេចស៊ុលតង់ សុទ្ធតែមានព្រះរាជកិច្ចធំៗក្នុងជួររាជវាំង ព្រុយណេ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម