Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ណែនាំឲ្យទូរទស្សន៍ជាតិកម្ពុជា ផ្សាយផ្ទាល់ការប្រកួតបាល់ទាត់រវាងគូផ្សេងទៀត ក្រៅពីគូខ្មែរជាមួយប្រទេសផ្សេង

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យទូរទស្សន៍ជាតិកម្ពុជា ផ្សាយផ្ទាល់នូវការប្រកួតកីឡាបាល់ទាត់រវាងគូផ្សេងទៀត នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម មិនមែនផ្សាយតែគូខ្មែរជាមួយប្រទេសផ្សេងឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ១៣៧ នៃទិវាពលកកម្មអន្តរជាតិ ១ឧសភា និងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដែលប្រារព្ធធ្វើឡើងនៅចំណតកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីយប់មិញសម្ដេច និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួនទៀត បានរង់ចាំទស្សនាការផ្សាយផ្ទាល់អំពីការប្រកួតកីឡាបាល់ទាត់ មុនការបើកជាផ្លូវការនូវព្រឹត្តិការណ៍ស៊ីហ្គេម។ ប៉ុន្តែសម្ដេច និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បានបើកគ្រប់ប៉ុស្ដិ៍ទូរទស្សន៍ មិនមានការផ្សាយបន្តផ្ទាល់ឡើយ នូវការប្រកួតបាល់ទាត់រវាងថៃ-សិង្ហបុរី និងការប្រកួតបាល់ទាត់រវាងវៀតណាម-ឡាវ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថា «ដល់បន្ទាប់ទៅ ទូរស័ព្ទទៅទូរទស្សន៍ជាតិ…ទូរទស្សន៍ជាតិវាឆ្លើយមកម៉េចទេ! វាថា វាផ្សាយតែរវាងគូខ្មែរ ជាមួយនឹងគូបរទេស…»។

បើតាមសម្ដេចតេជោ ហ៊ុន សែន ការបើកជាផ្លូវការនូវព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅសល់តែ ៤ថ្ងៃទៀតប៉ុណ្ណោះ ហើយគ្រាន់តែពិធីដង្ហែភ្លើងគប់ស៊ីហ្គេម បានក្លាយជាបុណ្យមួយនៅតាមបណ្ដាខេត្តនានា។ សម្ដេចតេជោ ហ៊ុន សែន លើកជាសំណួរថា ហេតុអ្វីមិនព្រមផ្សាយផ្ទាល់នូវការប្រកួតកីឡាបាល់ទាត់រវាងគូដទៃទៀត ក្រៅពីគូខ្មែរជាមួយបរទេស?

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ឥឡូវសូមផ្ដាំទៅទូរទស្សន៍ជាតិ ល្ងាចនេះ ត្រូវតែផ្សាយឲ្យបាន បើផ្សាយមិនបានអគ្គនាយកដកទាំងអស់ អត់មានទុកអ្នកឯងមួយទេ ប្រាប់ឲ្យហើយ»។

សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនេះ សម្ដេចតេជោ ហ៊ុន សែន ចង់ឲ្យក្លាយជាមោទនភាពរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល តែហេតុអ្វីមិនព្រមផ្សព្វផ្សាយការប្រកួតកីឡា ឲ្យបានច្រើន?៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម