ព័ត៌មានជាតិ
បណ្ឌិត ហ៊ុន ម៉ាណែត៖ កម្ពុជា ជាប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស មានគណបក្សច្រើន
បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល មានប្រសាសន៍ថា កម្ពុជា គឺជាប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស ដោយមានគណបក្សនយោបាយច្រើនចូលរួមនៅក្នុងការប្រកួតប្រជែង ហើយប្រជាពលរដ្ឋជាម្ចាស់ប្រទេសមានសិទ្ធិជ្រើសរើសអ្នកដឹកនាំរបស់ខ្លួនតាមរយៈការបោះឆ្នោត។

ការថ្លែងនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។

បណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា ជាក់ស្តែង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅនេះ ពិតជាបានដំណើរការដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ និងគ្មានអំពើហិង្សា ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋខ្មែរប្រមាណជាង ៨០ % នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយគណបក្សនយោបាយទាំង ១៧ ក៏មានឱកាសពេញលេញក្នុងការធ្វើសកម្មភាពស្របតាមបទប្បញ្ញត្តិច្បាប់ ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ។

បណ្ឌិត ហ៊ុន ម៉ាណែត អះអាងថា ទាំងនេះ ពិតជាបានបង្ហាញអំពីភាពចាស់ទុំ និងភាពម្ចាស់ការ នៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំងជាការឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា នៅក្នុងការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។

បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ជាង ៤៤ ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលមានភាពត្រឹមត្រូវខាងនយោបាយ, មានការគាំទ្រពេញទំហឹងពីប្រជាជន, មានរចនាសម្ព័ន្ធចាត់តាំងពីលើដល់ក្រោម និងមានធនធានមនុស្សប្រកបដោយគុណធម៌ សមត្ថភាព សាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ និងរបៀបរបបធ្វើការច្បាស់លាស់ សំដៅធ្វើយ៉ាងណារក្សានូវនិរន្តរភាពយូរអង្វែងសម្រាប់អនាគត នៃជាតិ និងប្រជាជនកម្ពុជា។

បណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងបន្តថា គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំ ក៏នឹងនៅបន្តប្រកាន់ខ្ជាប់នូវគោលការណ៍សាមគ្គីប្រជាជាតិទាំងមូលដោយមិនរើសអើង នៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈ ដើម្បីការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីឱ្យបានគង់វង្ស ព្រមជាមួយនឹងការបន្តការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យមានការរីកចម្រើនប្រកបដោយភាពសុខដុមរមនា ដូចអារ្យប្រទេសនានានៅក្នុងតំបន់ ជាពិសេសគ្មានការកើតឡើងវិញជាថ្មីនូវអំពើប្រល័យពូជសាសន៍ សង្គ្រាម និងការបែកបាក់ផ្ទៃក្នុងជាតិ ដូចដែលធ្លាប់កើតមានទ្បើងក្នុងពេលអតីតកាល។

បណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្នុងនាមជាសកម្មជនយុវជនគណបក្ស ដែលជាជំនួយការរបស់គណបក្សក្នុងការបំផុសចលនាយុវជនឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស គឺចំពោះមុខនេះ យើងត្រូវចូលរួមចំពេញភារកិច្ចមួយចំនួន ជាអាទិ៍៖ ទី១. ជំរុញ និងផ្សព្វផ្សាយដល់ប្រជាជនឱ្យចេញទៅបោះឆ្នោតឱ្យបានច្រើនបំផុត ដើម្បីអនុវត្តសិទ្ធិជ្រើសរើសអ្នកដឹកនាំ និងការពារលិទ្ធិប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា និងទី២. ខិតខំពន្យល់ និងណែនាំប្រជាជនឱ្យយល់ច្បាស់អំពីវិធីសាស្ត្រក្នុងការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីក្លាយជាសន្លឹកឆ្នោតបានការក្នុងការគាំទ្រគណបក្សដែលខ្លួនពេញចិត្ត ស្របតាមការសម្រេចចិត្តរបស់ខ្លួនក្នុងបន្ទប់សម្ងាត់៕




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ