ព័ត៌មានជាតិ
លោក គី តិច នឹងគោរពតាមសេចក្តីសម្រេចរបស់តុលាការ បើមានការសម្រេចបែបណានោះ
លោក គី តិច មេធាវីរាជរដ្ឋាភិបាល បានថ្លែងប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ថា លោកនឹងគោរពតាមសេចក្តីសម្រេចរបស់តុលាការ ប្រសិនបើសាលាដំបូងរាជធានីភ្នំពេញសម្រេចបែបណា លើសំណើសុំបន្តសវនាការសំណុំរឿងព្រហ្មទណ្ឌរបស់លោក កឹម សុខា នោះ។
ឆ្លើយតបសំណួរថា តើលោកយល់យ៉ាងណាចំពោះការដាក់ពាក្យស្នើសុំបន្តសវនាការរបស់ក្រុមមេធាវីការពារក្តីលោក កឹម សុខា ? លោក គី តិច បានបញ្ជាក់ប្រាប់កម្ពុជាថ្មីយ៉ាងខ្លីថា “ករណីនេះ ជាសមត្ថកិច្ចរបស់តុលាការ ខាងខ្ញុំគោរពតាមការសម្រេចរបស់តុលាការ”។
ទាក់ទងការស្នើបន្តសវនាការរបស់មេធាវីការពារក្តីលោក កឹម សុខា នេះ ការិយាល័យយើងនៅមិនទាន់អាចសុំការបញ្ជាក់ពីលោក គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបាននៅឡើយទេ រហូតមកដល់រសៀលថ្ងៃទី២៧ ខែមករា នេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្រុមមេធាវីការពារក្តីលោក កឹម សុខា បានដាក់លិខិតជាថ្មី (លើកទី៣) ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តសវនាការជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌរបស់លោក គឹម សុខា ដែលបានផ្អាកកាលពីចុងខែមីនា ឆ្នាំ២០២០ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ហើយការស្នើសុំនេះ ដោយសំអាងថា ទី១, ដោយសារស្ថានភាពជំងឺ Covid-19 រាជរដ្ឋាភិបាលគ្រប់គ្រងបានទាំងស្រុងហើយ តាមរយៈក្រសួងសុខាភិបាល ទី២, ដើម្បីជៀសវាងការបន្តផ្អាកដំណើរការនីតិវិធី ជាពិសេសដើម្បីជៀសវាងការបន្តរំលោភបំពានលើសិទ្ធិ ក្នុងការទទួលបានការជំនុំជម្រះក្តីឆាប់រហ័ស និងយុត្តិធម៌របស់លោក កឹម សុខា។ ទី៣, ដើម្បីកុំឲ្យទុកសំណុំរឿងចាស់ចោលយូរពេក ពីព្រោះអង្គសវនាការបានធ្វើការដេញដោលយ៉ាងច្រើនរួចហើយ។
សំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសរបស់លោក កឹម សុខា ត្រូវបានផ្អាកជាបណ្តោះអាសន្នតាមរយៈលិខិតជូនដំណឹងមួយរបស់លោក កូយ សៅ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយសារតែមានការរីករាលដាលនៃជំងឺកូវីដ១៩ ហើយនឹងបន្តលុះត្រាតែមានការជូនដំណឹងជាថ្មី។
លោក កឹម សុខា ត្រូវបានចាប់ និងឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទធ្វើសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។
យោងតាមក្រមព្រហ្មទណ្ឌបទធ្វើសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ អាចជាប់ពន្ធនាគារពី១៥ ឆ្នាំដល់៣០ឆ្នាំ បើរកឃើញការពិតដូចការចោទប្រកាន់នោះមែន៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


