ព័ត៌មានជាតិ
កម្ពុជា នឹងមានក្រុមហ៊ុនផលិតសម្បកកង់រថយន្តពីរទៀត ឆាប់ៗនេះ
ក្រុមហ៊ុនផលិតសម្បកកង់រថយន្តចំនួន២ទៀត កំពុងធ្វើការចរចា និងជ្រើសរើសទីតាំង ដើម្បីបើករោងចក្រនៅកម្ពុជា ខណៈបច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួន៣ហើយ កំពុងវិនិយោគក្នុងឧស្សាហកម្មផលិតសម្បកកង់នេះ។ នេះជាការបញ្ជាក់របស់លោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងវេទិកាធុរកិច្ចកម្ពុជា ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្ងៃកាលពីថ្ងៃទី១១ ខែសីហា។

លោក វុទ្ធី បានបង្ហើបប្រាប់ថា ក្រុមហ៊ុនចំនួន២នេះ កំពុងស្វែងទីតាំងនៅវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយចំនួននៅកម្ពុជា។ ខណៈដែលកម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៤ កន្លែង ដែលកំពុងដំណើរការ និងបានបង្កើតការងារជាង ១៧៥ ពាន់កន្លែង។
ក្នុងនាម គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ជា វុទ្ធី បានលើកឡើងថា នឹងខិតខំប្រឹងប្រែងដើម្បីពិភាក្សាជាមួយនឹងបណ្តាក្រុមហ៊ុនទាំងអស់នោះ ធ្វើយ៉ាងណាឱ្យទិញជ័រកៅស៊ូនៅកម្ពុជា ដើម្បីយកទៅផលិតសម្បកកង់រថយន្ត។ លោក បានសង្កត់ធ្ងន់ថា ដើម្បីផលិតបានសម្បកកង់រថយន្តមួយ គឺត្រូវការគ្រឿងបង្គុំ និងវត្ថុធាតុដើមប្រមាណជាង១០០មុខ។

បច្ចុប្បន្ននេះក្រុមហ៊ុនដែលកំពុងវិនិយោគក្នុងឧស្សាហកម្មផលិតសំបកកង់រថយន្ត មានចំនួន៣ក្រុមហ៊ុន ដែលមានទីតាំងនៅខេត្តព្រះសីហនុ ខេត្តក្រចេះ និងក្រុងបាវិត ខេត្តស្វាយរៀង។
អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា រំពឹងថា ក្រុមហ៊ុនវិនិយោគចំនួន៣ និងគ្រោងបង្កើតថ្មី២ទៀតនេះ នឹងចូលរួមចំណែកស្រូបកៅស៊ូកម្ពុជា យ៉ាងតិចចំនួនប្រមាណ២សែនតោនក្នុងមួយឆ្នាំ ស្របពេលដែលបច្ចុប្បន្ននេះ ការផលិតជ័រកៅស៊ូនៅក្នុងទូទាំងប្រទេសបានបរិមាណសរុបជាង៥០ម៉ឺនតោន សម្រាប់ការនាំចេញ។ ក្នុងនោះនាំចេញក្រៅផ្លូវការ ប្រមាណ២០ម៉ឺន និងផ្លូវការប្រមាណ៣០ម៉ឺនតោន។
ទោះយ៉ាងណា បច្ចុប្បន្ននេះ មានតែក្រុមហ៊ុនមួយប៉ុណ្ណោះ ដែលបានទិញជ័រកៅស៊ូកម្ពុជា ដោយក្នុងរយៈពេល៥ខែ ឆ្នាំ ២០២៣នេះ ទិញចំនួន១៤០០០តោន ហើយក្រុមហ៊ុនដទៃទៀតបាននាំចូលវត្ថុធាតុដើម ពាក់កណ្តាលសម្រេចពីប្រទេសជិតខាង។
សូមបញ្ជាក់ថា រយៈពេល៧ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ទទួលបានថវិកាជាង ៣៨៥លានដុល្លារ កើនឡើង៤៣ភាគរយ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


