Connect with us

សេដ្ឋកិច្ច

​កម្ពុជា​ មាន​រោងចក្រ​ផលិតសំបកកង់រថយន្ត​ចំនួន ៨​

បានផុស

នៅ

គិតរហូត​មកដល់ពេលនេះ​ ​វត្តមាន​រោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា បាន​កើនឡើង​ដល់​ចំនួន​ ៨ ​រោងចក្រ ​បោះទីតាំង​នៅ​​តំបន់​សេដ្ឋកិច្ច​ចំនួន៥ ​នៃ​ខេត្តស្វាយរៀង ​ព្រះសីហនុ ​និង​ខេត្តក្រចេះ ដែល​ជាការបោះជំហាន​ទៅមុខមួយកម្រិតទៀត​លើវិស័យឧស្សាហកម្ម​របស់​កម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គណៈកម្មាធិការវិនិយោគកម្ពុជា ​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ នៅថ្ងៃទី ១៧ ​ខែមីនា ​ឆ្នាំ ២០២៦​ បាន​រៀប​ចំកិច្ចប្រជុំពិភាក្សាស្តីពីការលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់វត្ថុធាតុដើម​ (កៅស៊ូ) រវាងរោងចក្រ​ផលិត​សំបកកង់រថយន្តនៅកម្ពុជា ​ជាមួយសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជាក្រោមវត្តមានលោក ​ជា វុទ្ធី ​អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា​ ​និង​សមាគមអភិវឌ្ឍន៍​កៅស៊ូកម្ពុជា ​ព្រមទាំង​ តំណាងក្រុមហ៊ុនវិនិយោគផលិតសំបកកង់រថយន្តទាំង៨។​

​កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់វត្ថុធាតុដើម (កៅស៊ូ) រវាងរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា ជាមួយសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា។

កិច្ចពិភាក្សាបានផ្តោតលើសក្តានុពល បញ្ហាប្រឈម និងដំណោះស្រាយគោលនយោបាយ ដើម្បី​បង្កើនការប្រើប្រាស់កៅស៊ូក្នុងស្រុករបស់ឧស្សាហកម្មផលិតសំបក​កង់រថយន្តដែលអាចចាត់ទុកថាជាការនាំចេញនៅនឹងកន្លែង។ ​

​លោក ​ម៉ែន ​សុភក្តិ ​ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​មានប្រសាសន៍ថា ​ថ្វីត្បិតស្ថានភាពសេដ្ឋកិច្ច ​នយោបាយ ​នៅ​លើពិភពលោកជួបបញ្ហា ​ប៉ុន្តែ​ការនាំចេញនៅក្នុងវិស័យកៅស៊ូកម្ពុជា ​បន្តមានស្ថិរ​ភាព​ល្អ ខណៈ​តម្លៃក៏​បានខ្ពស់​គួរសម។​

​លោក ​ម៉ែន ​សុភក្តិ ​បន្ថែមថា៖ «គោលនយោបាយរបស់រាជរដ្ឋាភិបាល មានការគាំពារទៅលើ​អ្នកវិនិយោគ​ដែល​មកផលិតជាផលិតផលសម្រេច​នៅក្នុងស្រុក ទន្ទឹមនេះ កម្ពុជាមានវត្ថុធាតុដើម​ច្រើន​អាចផ្គត់​ផ្គង់ទៅរោង​ចក្រកែច្នៃ​ដែលមកពីក្រៅប្រទេសបាននោះ ​ជាពិសេស​ ដូចជារោង​ចក្រ​កង់ឡាន ​កំពុងដំណើរការ ​ការប្រមូលទិញវត្ថុ​ធាតុដើមក្នុងស្រុក​មកកែច្នៃ​ដើម្បីយក​ទៅប្រើប្រាស់ ​ខណៈ​រោង​ចក្រកែ​ច្នៃក្នុងស្រុក​ក៏មានឱកាសកែច្នៃ ​និង​លក់ក្នុងស្រុកដែរ»។

​យោងតាម​ក្រសួង​ពាណិជ្ជកម្ម​ នៅក្នុងឆ្នាំ ២០២៥​ កម្ពុជា​រកចំណូល​បាន​ជាង​ ១,៣៨ ​ពាន់​លាន​ដុល្លារ ​ពី​ការ​នាំចេញ​សំបក​កង់​រថយន្ត ​កើន​ឡើង​ ៥៧,៨៦% ធៀប​នឹង​ឆ្នាំ ​២០២៤ ​ដែល​សម្រេច​បាន ​៨៧៤ ​លាន​ដុល្លារ​។

​កម្ពុជា​មានផ្ទៃដីដាំដុះកៅស៊ូ​សរុបប្រមាណ ​៤៥ ម៉ឺនហិកតា ​ផ្ដល់ទិន្នផលប្រមាណ ​៤២ ​ម៉ឺនតោន​ ក្នុងមួយឆ្នាំ ​ដែលពីមុន​ជ័រកៅ​ស៊ូមាន​ការនាំចេញ​ទាំងស្រុង ​ខណៈបច្ចុប្បន្ន កម្ពុជាមានលទ្ធភាពកែច្នៃ និងលក់ក្នុង​ស្រុក៕

អត្ថបទ៖ ឡេង​ ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម