Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ ចង់ឃើញជ័យលាភីសហគ្រិនថ្នាក់ជាតិរបស់កម្ពុជា ឈានជើងប្រកួតដល់កម្រិតតំបន់

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចង់​ឃើញ​ជ័យលាភី​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​ប្រកួត​ពានរង្វាន់​សហគ្រិន​ថ្នាក់​ជាតិ​របស់​កម្ពុជា អាច​ពង្រីក​វិសាលភាព​ប្រកួត​ប្រជែង​របស់​ខ្លួន​ដល់​កម្រិត​តំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ថ្លែង​នេះ ខណៈ លោក​រដ្ឋមន្ត្រី បាន​អញ្ជើញ​បិទ​ការ​ប្រកួត​ពានរង្វាន់​សហគ្រិន​ថ្នាក់​ជាតិ ឆ្នាំ ២០២៣ ដែល​ជា​កិច្ចសហការ​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​សហគ្រិនភាព និង​នវានុវត្តន៍ និង​សហគ្រិន​ខ្មែរ ធ្វើឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា កាលពី​ល្ងាច​ថ្ងៃ​ទី ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៣។

លោក ហេង សួរ បាន​គូស​បញ្ជាក់​ថា «ខ្ញុំ​ចង់​ឲ្យ​កម្មវិធី​សហគ្រិន​នេះ​ធំ​ជាង​មុន និង​មាន​ការ​ប្រកួត​ប្រជែង​ដល់​កម្រិត​ថ្នាក់​តំបន់ ហើយ​ព្រឹត្តិការណ៍ នៃ​ការ​ប្រកួតប្រជែង​នេះ ត្រូវ​បាន​សង្គម និង​រាជរដ្ឋាភិបាល​ទទួល​ស្គាល់»។

សម្រាប់ លោក​រដ្ឋមន្ត្រី ការ​ឈាន​ឡើង​ដល់​កម្រិត​អន្តរជាតិ គឺជា​ការ​បង្ហាញ​ពី​សក្ដានុពល នៃ​សហគ្រិន​កម្ពុជា​ក្នុង​កម្រិត​តំបន់​ដែល​ជា​ការ​ពង្រីក​សមត្ថភាព និង​ដកស្រង់​បទពិសោធន៍​បន្ថែម ព្រោះ​សហគ្រិន​កម្ពុជា ក៏​មាន​សមត្ថភាព​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ។ បន្ថែម​ពី​នេះ ការ​បង្កើន​ទំហំ នៃ​ការ​ផ្តល់​ពានរង្វាន់​ដល់​ជ័យលាភី ក៏​ជា​ចំណុច​ដែល​នឹង​បង្កើន​ការ​ទាក់ទាញ​បេក្ខភាព​ចូលរួម​ការ​ប្រកួតប្រជែង។

សូម​បញ្ជាក់​ថា ការ​ប្រកួតប្រជែង​ពានរង្វាន់​សហគ្រិន​ថ្នាក់​ជាតិ​ឆ្នាំ ២០២៣ នេះ មាន​ជ័យលាភី​ចំនួន ៤ រូប ដែល​មាន​គោលបំណង​ពង្រឹង និង​ពង្រីក​ភាព​ជា​ដៃគូ​រវាង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន និង​ទំនួល​ខុសត្រូវ​សង្គម​តាមរយៈ​ការ​កសាង​អនាគត​សហគ្រិន​នៅ​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម