Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនផលិតបន្ទះឈីបយក្ស Intel គ្រោងបង្កើនការវិនិយោគនៅវៀតណាម​

បានផុស

នៅ

ក្រុមហ៊ុនផលិតបន្ទះឈីបយក្សរបស់សហរដ្ឋអាមេរិក Intel គ្រោង​​បង្កើន​ការវិនិយោគ គាំទ្រការបណ្តុះបណ្តាលកម្លាំងពលកម្ម និងជួយអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបន្ទះឈីប នៅក្នុងប្រទេសវៀតណាម។ នេះ​បើតាមការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន VNS នាថ្ងៃសៅរ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្តេជ្ញាបង្កើនការវិនិយោគនេះ ធ្វើឡើង​អំឡុង​កិច្ចពិភាក្សាអំពីទិសដៅយុទ្ធសាស្ត្រថ្មីរបស់ក្រុមហ៊ុន Intel នៅ​វៀតណាម រវាងអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Bùi Hoàng Phuong និងអនុប្រធានទទួលបន្ទុកកិច្ចការរដ្ឋាភិបាលអន្តរជាតិរបស់ក្រុមហ៊ុន Intel លោកស្រី Sarah Kemp នៅទីក្រុងហាណូយ កាលពីថ្ងៃសុក្រ។

លោក Phương បានសរសើរការរួមចំណែករបស់ក្រុមហ៊ុន Intel ចំពោះឧស្សាហកម្មអេឡិចត្រូនិក និងបន្ទះឈីប​របស់​វៀតណាម ហើយបាននិយាយថា ក្រសួងនឹងបន្តគាំទ្រក្រុមហ៊ុន Intel និងដៃគូខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់របស់​ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគបច្ចេកវិទ្យា​ទំនើប​នៅក្នុងប្រទេស។ លោក​បន្តថា កិច្ចសហប្រតិបត្តិការនេះ អាចជួយធ្វើឱ្យប្រទេសវៀតណាមក្លាយជាផ្នែកមួយដ៏សំខាន់នៃខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់​បន្ទះ​ឈីប​សកល។

លោក Phương បានស្នើឡើងនូវវិស័យអាទិភាពចំនួន ៥ សម្រាប់កិច្ចសហប្រតិបត្តិការ៖ ការពង្រីកការវិនិយោគ ការស្រាវជ្រាវ និងផលិតកម្ម; ការផ្តល់ដំបូន្មានលើមជ្ឈមណ្ឌលផលិតបន្ទះឈីប​ជាតិ; ការជួយអភិវឌ្ឍរោងចក្រផលិតបន្ទះឈីប​ដំបូងគេរបស់ប្រទេសវៀតណាម; ការកែលម្អការបណ្តុះបណ្តាលកម្លាំងពលកម្ម​បន្ទះឈីប​; និងការកសាងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម​បន្ទះឈីបរបស់វៀតណាម។

ជាមួយគ្នានោះ ភាគីទាំង ២ បាននិយាយថា ពួកគេចង់បានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធនៅក្នុងដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍ ដោយមានគោលដៅរួមគ្នាក្នុងការធ្វើឱ្យប្រទេសវៀតណាមក្លាយជាផ្នែកសំខាន់មួយនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់​បន្ទះឈីប​សកល។

កាលពីដើមខែនេះ ឧទ្យានឧស្សាហកម្ម Saigon High-Tech Park ​ដែលមាន​រោងចក្ររបស់ Intel បាននិយាយថា ក្រុមហ៊ុន Intel កំពុងផ្លាស់ប្តូរផ្នែកខ្លះនៃខ្សែ​ច្រវ៉ាក់ផលិតកម្ម​បន្ទះឈីប​របស់ខ្លួនពីប្រទេសកូស្តារីកា ​មក​កាន់វៀតណាម ដែលបង្ហាញពីការប្តេជ្ញាចិត្តកាន់តែខ្លាំងចំពោះប្រទេសវៀតណាមជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់មួយនៅក្នុងបណ្តាញសកលរបស់​ក្រុមហ៊ុន។ ការផ្លាស់ប្តូរនេះ រួមមានខ្សែច្រវ៉ាក់​ផ្គុំ ការវេចខ្ចប់ និងការធ្វើតេស្ត​បន្ទះឈីប​សម្រាប់​ម៉ាស៊ីនមេទំនើប ដែលគេ​ប្រើក្នុងមជ្ឈមណ្ឌលទិន្នន័យ និងបណ្តាញឌីជីថលជំនាន់ក្រោយ។ ក្រុមហ៊ុន Intel ក៏កំពុងផ្ទេរបច្ចេកវិទ្យាវេចខ្ចប់កម្រិតខ្ពស់ Embedded Multi-die Interconnect Bridge របស់ខ្លួន ទៅកាន់រោងចក្ររបស់ខ្លួននៅវៀតណាមផងដែរ។

គួរគូសបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុន Intel Products Vietnam ​​នៅតែ​ជា​រោងចក្រផ្គុំ និងសាកល្បងធំជាងគេបំផុតរបស់ក្រុមហ៊ុន​ Intel នៅទូទាំងពិភពលោក ជាមួយនឹងការវិនិយោគចុះបញ្ជីសរុបជិត ៤,១២ ​ប៊ីលានដុល្លារអាមេរិក គិតត្រឹមត្រីមាសទី១​​ ឆ្នាំ ២០២៦៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម