Connect with us

ព័ត៌មានជាតិ

មកដល់ពេលនេះ តើកម្ពុជាបាននិងកំពុងអនុវត្ត របបសន្តិសុខសង្គមប៉ុន្មានប្រភេទហើយ?

បានផុស

នៅ

ដើម្បីធានាឱ្យមានសមធម៌សង្គម ក៏ដូចជាការលើកកម្ពស់សុខុមាលភាព និងជីវភាពរបស់ពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឱ្យមានរបបសន្តិសុខសង្គម ដែលបានដើរតួនាទីដ៏សំខាន់ក្នុងកិច្ចគាំពារសង្គមទាំងវិស័យឯកជន និងវិស័យសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងទាន់ពេលវេលា។ មកដល់ពេលនេះ តើកម្ពុជាបាននិងកំពុងអនុវត្តរបបសន្តិសុខសង្គមប៉ុន្មានប្រភេទហើយ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ហេង​ សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បច្ចុប្បន្ន របបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងអនុវត្តរបបសន្តិសុខសង្គមចំនួន៤ រួមមាន៖ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព របបសន្តិសុខសង្គមសម្រាប់ប្រាក់សោធនសម្រាប់វិស័យឯកជន និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបវិភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជ និងអ្នកនៅក្នុងបន្ទុក ប.ស.ស។

របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ បានដាក់ឱ្យអ​នុវត្តសម្រាប់វិស័យឯកជន​ នៅក្នុងឆ្នាំ២០០៨ និងសម្រាប់វិស័យសាធារណៈ នៅក្នុងឆ្នាំ២០២១។ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ គឺជាការធានារ៉ាប់រងទៅលើគ្រោះថ្នាក់​ទាំង ឡាយដែលកើតឡើងចំពោះមន្ត្រីរាជការ និងកម្មករនិយោជិត ដែលជាសមាជិក ប.ស.ស ក្នុងពេលបំពេញការងារទាំងនៅកន្លែងធ្វើការ និងទាំងពេលធ្វើដំណើរទៅមកពីផ្ទះ និងកន្លែងធ្វើការ។ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារនេះ នឹងផ្ដល់នូវសេវាព្យាបាល ថែទាំ​វេជ្ជសាស្ត្រនៅតាមមន្ទីរពេទ្យ ដែលជាដៃគូរបស់ ប.ស.ប។ រហូតមកដល់បច្ចុប្បន្ននេះ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់លើការលើកកម្ពស់សុវត្ថិភាព និងសុខភាពនៅកន្លែងការងារ។

សម្រាប់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ត្រូវបានដាក់ឱ្យអនុវត្តសម្រាប់វិស័យឯកជន ក្នុងឆ្នាំ២០១៦ និងសម្រាប់វិស័យសាធារណៈ ក្នុងឆ្នាំ២០១៨។ ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ជាការអនុវត្តជំហានទី២ បន្ទាប់ពី របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់មន្ត្រីរាជការ និងជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សំដៅដល់ការធានារ៉ាប់រងសុខភាពសង្គមដែលផ្តល់អត្ថប្រយោជន៍សេវាបង្ការសុខភាព ព្យាបាល និងថែទាំវេជ្ជសាស្រ្ត និងផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់រយៈពេលនៃការផ្អាកការងារ ដោយការព្យាបាលជំងឺ ឬគ្រោះថ្នាក់ផ្សេងៗក្រៅពីហានិភ័យការងារ និងការសម្រាកមាតុភាព។

ការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព គឺជាយន្តការពីរដែលត្រូវបានផ្សារភ្ជាប់នឹងគ្នា ដោយសារមិនអាចទទួលត្រឹមតែការគាំពារផ្នែកជំងឺ ឬគ្រោះថ្នាក់បណ្តាលមកពីការងារប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានការគាំពារចំពោះជំងឺ ឬគ្រោះថ្នាក់ទូទៅដែលមិនមានពាក់ព័ន្ធនឹងការងារផងដែរ។ ភាពផ្សារភ្ជាប់នៃការអនុវត្តរបបសន្តិសុខសង្គមទាំងពីរផ្នែកនេះ ជាទំនាក់ទំនងមានឥទ្ធិពលទៅវិញទៅមក និងផ្តល់ភាពពេញលេញក្នុងការគាំពារសុខភាពរបស់សមាជិក ប.ស.ស។ ផ្នែកថែទាំសុខភាពនេះ បាននិងកំពុង ចូលរួមចំណែកលើកកម្ពស់សុខភាពមន្ត្រីរាជការ និងកម្មករនិយោជិត និងផ្តល់ការបង្ការជំងឺទូទៅ។

ចំពោះរបបសន្តិសុខសង្គមប្រាក់សោធនក្នុងវិស័យឯកជន ត្រូវបានបង្កើតឡើងនៅក្នុង ខែមករា ឆ្នាំ២០២២ និងចាប់ផ្ដើមការប្រមូលវិភាគទាន នៅក្នុងខែតុលា ឆ្នាំ២០២២។ របបសន្តិសុខសង្គមប្រាក់សោធនក្នុងវិស័យឯកជន គឺជាប្រព័ន្ធសន្តិសុខសង្គមថ្មីមួយក្នុងការផ្ដល់ជូនប្រាក់ចូលនិវត្តន៍សម្រាប់កម្មករនិយោជិត ដែលលក្ខខណ្ឌដើម្បីទទួលបានប្រាក់សោធននេះ កម្មករនិយោជិត ត្រូវបានចុះក្នុងបញ្ជីនៅ ប.ស.ស ផ្នែកប្រាក់សោធន ហើយបានបង់ភាគទានចូល ប.ស.ស យ៉ាងតិច១២ខែ និងមានអាយុយ៉ាងតិច៦០ឆ្នាំ។

នៅពេលដល់អាយុយ៉ាងតិច៦០ឆ្នាំ កម្មករនិយោជិតមានសិទ្ធិស្នើសុំប្រាក់ចូលនិវត្តន៍បាន ដោយនឹងត្រូវទទួលបានអត្ថប្រយោជន៍ពី ប.ស.ស មួយចំនួន ជាអាទិ៍៖ ទទួលបានប្រាក់ចូលនិវត្តន៍ជាប្រចាំខែ ទទួលបានការព្យាបាលនៅមន្ទីរពេទ្យជាដៃគូរបស់ ប.ស.ស ដោយឥតគិតថ្លៃ ទទួលបានប្រាក់វិភាជន៍បូជាសព នៅពេលទទួលមរណភាព ជាដើម។

ដោយឡែក នៅដើមអាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ប្រព័ន្ធសន្តិសុខសង្គមថ្មីមួយទៀត ក៏ត្រូវបានដាក់ឱ្យអនុវត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ គឺរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជ (ប្រជាពលរដ្ឋដែលជាអ្នកប្រកបរបរផ្ទាល់ខ្លួន) និងអ្នកនៅក្នុងបន្ទុក ប.ស.ស។ ប្រជាពលរដ្ឋដែលជាអ្នកប្រកបរបរផ្ទាល់ខ្លួន និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស រួមមាន ប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុក អាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់ភាគទានត្រឹមតែ ១៥ ៦០០រៀល គឺអាចទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រនៅគ្រប់ពេទ្យដែលជាដៃគូរបស់ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ។

របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាល បង្កើតឡើងដើម្បីជួយប្រជាពលរដ្ឋឱ្យទទួលបានការថែទាំសុខភាពសម្រាប់ខ្លួនឯង ប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុក ក្នុងការជួយឱ្យប្រជាពលរដ្ឋទាំងអស់អាចគ្រប់គ្រងចំណាយលើបញ្ហាសុខភាព និងគ្រោះថ្នាក់ផ្សេងៗ ក្នុងគោលដៅរក្សាលំនឹងប្រាក់ចំណូលក្នុងគ្រួសារ និងបង្កើនផលិតភាពការងារ។ ក្នុងនោះ អត្ថប្រយោជន៍ដែលទទួលបានពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តនេះ ដូចជា សេវាពិនិត្យ ពិគ្រោះយោបល់ ព្យាបាល ថែទាំសុខភាព ប្រាក់បំណាច់មាតុភាព និងប្រាក់វិភាជន៍បូជាសព ជាដើម។

ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ គឺត្រូវចុះបញ្ជីជាសមាជិក ប.ស.ស. និងបានបង់ភាគទាន ២ខែជាប់គ្នា ហើយចំពោះប្រជាពលរដ្ឋដែលជាអ្នកប្រកបរបរផ្ទាល់ខ្លួន ជាស្ត្រីដែលបានបង់ភាគទានចំនួន ៩ខែក្នុងអំឡុងពេល១២ខែចុងក្រោយ គិតដល់កាលបរិច្ឆេទសម្រាលកូន នឹងទទួលបានប្រាក់បំណាច់មាតុភាព៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម