Connect with us

ព័ត៌មានជាតិ

ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯកតម្លៃ ២៤លានដុល្លារ ជួយសម្អាតទឹកកខ្វក់​មុនបង្ហូរចូលទន្លេ

បានផុស

នៅ

ជប៉ុន បានផ្តល់ហិរញ្ញប្បទានឥតសំណងក្នុងទំហំទឹកប្រាក់ប្រមាណ ២៤លានដុល្លារ សម្រាប់សាងសង់​អាង​ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក ដើម្បីសម្អាតទឹកកខ្វក់ចេញពីតំបន់កណ្តាល រួចបង្ហូរចូលបឹងជើងឯក មុននឹងបង្ហូរចូលក្នុងទន្លេបាសាក់។ នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ”​ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ​ នាព្រឹកថ្ងៃទី ២៧ ធ្នូនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួង ស្រេង បានឱ្យដឹងទៀតថា អាងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក បានបើកការដ្ឋានសាងសង់នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២។ លោកបានបន្តថា គម្រោងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់នេះ ត្រូវបានរាជ​រដ្ឋាភិបាលកម្ពុជា ជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ កាលពីថ្ងៃទី ០៣ខែ តុលា ឆ្នាំ ២០១៩ និងបន្ទាប់មកទីភ្នាក់ងារ JICA បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងជាមួយក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០១៩។ ​​

បើតាមលោកអភិបាលរាជធានីភ្នំពេញ ស្ថានីយនេះ អាចមានសមត្ថភាពបូម ៤៦៨ម៉ែត្រគីប ក្នុងមួយម៉ោង។​​

លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បានលើកឡើងថា ប្រទេសជប៉ុន បាននិងកំពុងផ្តល់កិច្ចសហប្រតិបត្តិការដល់ប្រទេសកម្ពុជា លើវិស័យជាច្រើន រួមមាន ការបង្រួបបង្រួមសន្តិភាព និងការស្តារប្រទេសឡើងវិញ បន្ទាប់ពីសង្គ្រាមស៊ីវិលបានបញ្ចប់ ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍធន​ធានមនុស្សជាដើម។ នៅក្នុងនោះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទាក់ទងនឹងវិស័យទឹក ​​ដែលមានសារសំខាន់​មិនអាចខ្វះបានសម្រាប់ប្រជាជន និងឧស្សាហកម្ម ដែលជប៉ុនបានយកចិត្តទុកដាក់បំផុត។

លើសពីពីនេះទៀត លោកថា ភាពជោគជ័យដ៏អស្ចារ្យដែលសម្រេចបានលទ្ធផលយ៉ាងធំធេង ក្នុងការផ្គត់ផ្គង់ទឹក​នៅក្នុងរាជធានីភ្នំពេញ ត្រូវបានទទួលស្គាល់ថា ភ្នំពេញអច្ឆិរយៈ។

លោក បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យទឹកកខ្វក់នេះ នឹងក្លាយជាអច្ឆិរយៈមួយទៀត រវាងភាព​ជាដៃគូជប៉ុន និងកម្ពុជា។

ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៣នេះ ក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម