ព័ត៌មានជាតិ
ត្រូវការទុនវិនិយោគជាង ១ ពាន់លានដុល្លារដើម្បីបញ្ចប់អគារជាប់គាំងនៅខេត្តព្រះសីហនុ
បើតាមការបញ្ជាក់ពីលោក អូន ព័ន្ធមុនីរ័ត្ន នៅក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤ ការដោះស្រាយអាគារជាប់គាំងក្នុងខេត្តព្រះសីហនុដែលមានជាង ៣០០ អគារត្រូវការទុនវិនិយោគប្រមាណជាង ១ ពាន់លានដុល្លារ។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ ២០១៦ មក ការវិនិយោគក្នុងខេត្តព្រះសីហនុមានសន្ទុះកើនឡើងយ៉ាងគំហុកជាពិសេសការរីកដុះដាលយ៉ាងលឿននូវសំណង់អគារជាសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញនិងកន្លែងស្នាក់នៅ។

ទោះជាយ៉ាងនេះក្ដីក្នុងដំណាក់កាលពីឆ្នាំ ២០១៩ ការផ្លាស់ប្តូរនៅក្នុងការវិវឌ្ឍនៃស្ថានភាពសង្គមសេដ្ឋកិច្ចគួបផ្សំនឹងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងបញ្ហាប្រឈមជាសកលផ្សេងទៀត បណ្តាលឲ្យសំណង់អគារជាច្រើនត្រូវបានផ្អាកឬបញ្ឈប់ដំណើរការសាងសង់។
លោក អូន ព័ន្ធមុនីរ័ត្ន អះអាងថា បច្ចុប្បន្នអគារដែលផ្អាកដំណើរការសាងសង់មានចំនួន ៣៦២ ដែលត្រូវការទុនវិនិយោគប្រមាណ ១១៦១ លានដុល្លារ ដើម្បីបញ្ចប់ការសាងសង់ ខណៈដែលអគារសាងសង់រួចប៉ុន្តែពុំទាន់បានដំណើរការមានចំនួន ១៧៦។
ខេត្តព្រះសីហនុ ត្រូវបានចាត់ទុកថាជាខេត្តមួយដែលមានសក្ដានុពលសេដ្ឋកិច្ចខ្ពស់ មានឆ្នេរសមុទ្រដ៏ស្រស់ស្អាតសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិព្រមទាំងមានទីតាំងធនធាន ហេដ្ឋារចនាសម្ព័ន្ធនិងតំបន់សេដ្ឋកិច្ចពិសេសធំៗដែលអំណោយផលដល់ការជំរុញសកម្មភាព ធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគនិងផលិតកម្មព្រមទាំងអាចបង្កលក្ខណៈងាយស្រួលដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូលឲ្យហក់ឡើងខ្ពស់។
បើតាមលោក អូន ព័ន្ធមុនីរ័ត្ន ឈរលើមូលដ្ឋាននេះហើយទើបរាជរដ្ឋាភិបាលបានដាក់ចេញនៅក្នុងឯកសារគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៣ ទិសដៅអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង សំដៅប្រែក្លាយខេត្តនេះជាប៉ូលសេដ្ឋកិច្ចឈានមុខនិងជាក្បាលម៉ាស៊ីនដ៏សំខាន់មួយក្នុងប្រទេសសម្រាប់ជំរុញការអភិវឌ្ឍប្រកបដោយចិរភាពបរិយាប័ន្ននិងភាពធន់។
លោកបន្តថា ដើម្បីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចខេត្តព្រះសីហនុ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគាំទ្រជាបន្តបន្ទាប់មានជាអាទិ៍ ការកសាងផ្លូវល្បឿនលឿនភ្នំពេញខេត្តព្រះសីហនុ ការកសាងផ្លូវនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទូទាំងប្រទេស ជាពិសេសការដាក់ចេញនូវវិធានការជាកញ្ចប់ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំងកាលពីខែមីនាឆ្នាំ ២០២៣ ដែលរួមបញ្ចូលនូវវិធានការទូទៅនិងវិធានការលើកទឹកចិត្តសម្រាប់អនុវត្តរហូតដល់ឆ្នាំ ២០២៦៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


