ព័ត៌មានជាតិ
ជប៉ុន ផ្តល់ជំនួយជិត ១៤លានដុល្លារ ដើម្បីគាំទ្រសកម្មភាពកម្ចាត់មីននៅកម្ពុជា
រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយជិត ១៤លានដុល្លារ ដើម្បីគាំទ្រសកម្មភាពកម្ចាត់មីននៅកម្ពុជា។ នេះបើតាមការឱ្យដឹងពីលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់។

លោក ហេង រតនា និង លោក Jun KATO អគ្គនាយកក្រុមហ៊ុន SATO KOGYO CO., LTD នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី គម្រោងសាងសង់អគារហ្វឹកហ្វឺននៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន នៅខេត្តកំពង់ឆ្នាំង និងអគារផ្សព្វផ្សាយ អប់រំយល់ដឹងពីសង្គ្រាម(សារមន្ទីរតេជោសន្តិភាព) នៅខេត្តសៀមរាប ដែលមានថវិកាសរុបចំនួន ២ ០៧៩ ៨០០ ០០០ យ៉េន (ប្រមាណជិត ១៤លានដុល្លារអាម៉េរិក) ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ផ្ដល់ជូនរាជរដ្ឋាភិបាល ដើម្បីគាំទ្រអង្គភាព CMAC ធ្វើការសាងសង់សំណង់អាគារទាំង ២ទីតាំងនេះ។

លោកអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា អគារដែលត្រូវសាងសង់នៅវិទ្យាស្ថាន បច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង រួមមាន អគារសាលប្រជុំ (ចំណុះ៤០០នាក់) ចំនួន ១ខ្នង អគារសិក្សាចំនួន ១ខ្នង ២ជាន់ មាន ១០បន្ទប់ អគារអន្ដេវាសិកដ្ឋាន ២ខ្នង (សម្រាប់សិក្ខាកាម ចំនួន ១២០នាក់) អគារអាហារដ្ឋានចំនួន ១ខ្នង ព្រមទាំងសម្ភារបំពាក់ដូចជា កុំព្យូទ័រ ទូរទស្សន៍ សម្ភារសិក្សាតុ-កៅអី ជាដើម។

ចំណែក អគារសារមន្ទីរតេជោសន្ដិភាពស្ថិតនៅខេត្តសៀមរាប ជាអគារសំណង់មានរាងការ៉េខាងក្រោមមានទំហំ ១០៨ម៉ែត្រគុណ ១០៨ម៉ែត្រ និងខាងលើរាងមូលមានអង្កត់ផ្ចិត ៥២ម៉ែត្រ មាន២ជាន់ កម្ពស់១៧ម៉ែត្រ មានទំហំជាង ១៥ ០០០ម៉ែត្រក្រឡា ហើយអាចក្លាយជាអគារ មានរាងគ្រាប់មីនប្រឆាំងមនុស្សធំជាងគេនៅក្នុងពិភពលោក។ អគារសារមន្ទីរនេះ ក៏អាចក្លាយជាមរតកជាតិមួយក្នុងការដាក់បង្ហាញជូនសាធារណជនជាតិ និងអន្ដរជាតិ ឱ្យយល់កាន់តែច្បាស់ថែមទៀតនូវការខិតខំពុះពារប្ដូរផ្ដាច់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា និងបានកសាងសន្ដិភាពយ៉ាងពេញលេញពិតប្រាកដមួយសម្រាប់ប្រជាជន និងប្រទេសជាតិដ៏កំសត់នេះ។
ជាមួយគ្នានោះ លោក ហេង រតនា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុនដែលតែងតែគាំទ្រយ៉ាងសកម្មលើវិស័យសកម្មភាពមីននៅកម្ពុជា។ ជាពិសេស ការផ្តល់ជំនួយជាថវិកា ទីប្រឹក្សាបច្ចេកទេស និងសម្ភារបច្ចេកទេសដល់អង្គភាព CMAC ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការលុបបំបាត់ការគំរាមកំហែងដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម ការចូលរួមផ្តល់នូវក្តីសុខដុមរមនារបស់ប្រជាជនកម្ពុជាឡើងវិញ និងការចូលរួមកសាងអនាគតកម្ពុជាប្រកបដោយក្តីសង្ឃឹម និងភាពជឿជាក់នៅកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានា លើវិស័យកំចាត់មីននេះ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


