ព័ត៌មានជាតិ
ល្បែងប្រជាប្រិយវាយខែល នឹងត្រូវយកទៅសម្ដែងក្នុងព្រឹត្តិការណ៍អន្តរជាតិដែលមានជាង២០ប្រទេសចូលរួម
ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មការជាតិអូឡាំពិក លោក សេង ប៊ុនសុង និងជាប្រធានក្រុមអ្នកស្រាវជ្រាវក្បាច់គុនបុរាណខ្មែរ ថា ល្បែងប្រជាប្រិយវាយខែលរបស់បងប្អូនជនជាតិភាគតិចកួយ នឹងត្រូវយកទៅសម្តែងនៅក្នុងព្រឹត្តិការណ៍អន្តរជាតិនាថ្ងៃទី១១-១២-១៣ ខែកក្កដា ឆ្នាំ២០២៤ ដែលមានប្រទេសជាងម្ភៃមកសម្តែងចូលរួមនៅក្នុងប្រទេសកម្ពុជា។

លោក សេង ប៊ុនសុង ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មការជាតិអូឡាំពិក បានថ្លែងបែបនេះក្នុងគ្រាដែលលោកចុះទៅស្វែងរកក្រុមល្បែងប្រជាប្រិយរបស់ជនជាតិភាគតិចកួយ គឺល្បែងវាយខែលនៅឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ ។
លោកប្រធានក្រុមប្រឹក្សាជាន់ខ្ពស់បន្តថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះល្បែងប្រជាប្រិយខ្មែរ ដែលបានបាត់បង់ក្នុងសម័យប៉ុលពត ត្រូវបានគាស់កកាយយកមកសម្តែងឡើងវិញដើម្បីអោយពិភពលោកបានស្គាល់នូវរតនៈសម្បត្តិ និងជាអត្តសញ្ញាណរបស់ជាតិខ្មែរយើង។ ទីប្រឹក្សាជាន់ខ្ពស់បញ្ជាក់បន្ថែមថា ល្បែងប្រជាប្រិយវាយខែលរបស់បងប្អូនជនជាតិភាគតិចកួយ នឹងត្រូវយកទៅសម្តែងនៅក្នុងព្រឹត្តិការណ៍អន្តរជាតិនាថ្ងៃទី១១-១២-១៣ ខែកក្កដា ឆ្នាំ២០២៤។

លោក ថាយ អ៊ុ អភិបាលរងស្រុកថាឡាបរិវ៉ាត់ បានឲ្យដឹងថា ល្បែងវាយខែលនេះ ជាល្បែងប្រជាប្រិយរបស់ជនជាតិកួយនៅក្នុងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ តែប៉ុណ្ណោះ ហើយវាត្រូវបានបាត់ទៅវិញនៅក្នុងសម័យប៉ុលពត។ លោកបន្តថា ក្រោយមកល្បែងវាយខែលនេះ ត្រូវបានរដ្ឋបាលខេត្តស្ទឹងត្រែងស្រាវជ្រាវយកមកសម្តែងឡើងវិញនៅក្នុងកម្មវិធីបុណ្យព្រះគោតែប៉ុណ្ណោះ ដែលបុណ្យព្រះគោត្រូវបានប្រជាជននៅស្រុកថាឡាបរិវ៉ាត់មានជំនឿ ហើយនាំគ្នាធ្វើជារៀរាល់ឆ្នាំមិនដែលខាន។
លោកអភិបាលរងស្រុកបន្តឲ្យដឹងទៀតថា បច្ចុប្បន្នឧបករណ៍សម្រាប់ល្បែងវាយខែលត្រូវបានខ្វះខាតមួយចំនួន ដោយនៅសល់តែស្គរ ខែល និងរំពាត់។ ចំណែកមន្តអាគមគាថាផ្សេងៗ ត្រូវបានបាត់រលត់ខ្លះៗ ដោយសារចាស់ៗបានស្លាប់បាត់អស់។

លោក កៅ ជួន ជនជាតិកួយរស់នៅភូមិអន្លង់ជ្រៃបានគាំទ្រលើកិច្ចការងារអភិរក្សនេះ ដើម្បីឱ្យយុវជនជំនាន់ក្រោយជួយអភិរក្សបន្តកុំឱ្យបាត់បង់នៅពេលអស់ពីចាស់ទុំទៅ។ កីឡានេះមានតាំងពីសម័យឧដុង្គមកម្លេះ ក្នុងចន្លោះឆ្នាំ១៦២០ លុះមកសម័យប៉ុលពត ត្រូវពួកខ្មែរក្រហមលុបបំបាត់ចោល។ ទើបក្រោយថ្ងៃរំដោះ៧មករា ចាស់ៗ ជនជាតិកួយនាំគ្នាស្រាវជ្រាវ និងសម្ដែងរំលឹកឡើងវិញនៅក្នុងពិធីបុណ្យព្រះគោ និងនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើង។
លោក កៅ ជួន បានអះអាងថា កេរ្ត៍តំណែលដូនតាយើងត្រូវតែនាំគ្នាថែរក្សាដើម្បីបង្ហាញពីអត្តសញ្ញាណជាតិ និងកូនចៅកុំឱ្យភ្លេច និងចេះធ្វើសម្ភារៈវាយខែលមានដូចជាស្គរធ្វើពីឈើ មានពាសស្បែកសត្វ និងយកស្លឹកទ្រាំង ដើមឬស្សីមកធ្វើជារបាំងខែល និងយកដើមផ្តៅ ឬដើមសោមតូចៗមកចងរឹតផ្គុំគ្នាឱ្យណែនដើម្បីយកមកវាយ ហៅថា រំពាត់ខែល។

សូមបញ្ជាក់ថា ជនជាតិកួយ នឹងអភិរក្សឡើងវិញ ដែលជាកេរ្តិ៍មរតកវប្បធម៌របស់ដូនតា សំរាប់កូនចៅជំនាន់ក្រោយ។លោកដាក់ក្តីសង្ឃឹមថា ល្បែងប្រជាប្រិយជនជាតិភាគតិចកួយ(វាយខែល)ប្រចាំនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នឹងគាស់រំលើងឡើងវិញ ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


