ព័ត៌មានជាតិ
ត្រឹមមួយខែនៃការដំណើរការកម្មវិធី (APP) NoDrug ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន មានអ្នកទាញយកមកប្រើប្រាស់ជាង ៨៦០៤នាក់
រយៈពេលមួយខែនៃការដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃ (APP) NoDrug https://nodrugsnacd.com/download_kh ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ពីថ្ងៃទី២៣ (https://nodrugsnacd.com/download_kh) ខែមេសា ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ មានអ្នកទាញយកនិងប្រើប្រាស់ សរុបបានចំនួន ៨ ៦០៤ នាក់។

នេះជាការបញ្ជាក់ឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ក្នុងកិច្ចប្រជុំបូកសរុបការងារផ្សព្វផ្សាយអប់រំកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។ លោកបានថ្លែងថា នេះជាការបោះជំហានដ៏វិជ្ជមានមួយក្នុងការងារអប់រំនិងការប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយប្រើប្រាស់មធ្យោបាយបណ្តាញទំនាក់ទំនងសង្គមទំនើប និងរហ័សពេញនិយម និងមានជំនឿថាចំនួននៃការដំឡើងនិងប្រើប្រាស់កម្មវិធីនេះនឹងកើនឡើងកាន់តែច្រើនថែមទៀតដើម្បីរួមគ្នាទប់ស្កាត់និងបង្ក្រាបគ្រឿងញៀនខុសច្បាប់។

លោករដ្ឋមន្ត្រី ប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំបានថ្លែងថា ការបង្កើតកម្មវិធីទូរសព្ទដៃ APP NoDrug ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងក្រោមការដឹកនាំរបស់លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងជាប្រធានគណៈបញ្ជាការយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩។
លោកបានថ្លែងថា ការងារផ្សព្វផ្សាយអប់រំជាការងារអាទិភាពទី១ ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី៩ ឆ្នាំ២០២៤ នេះ ហើយគណៈកម្មការទទួលបន្ហទុកផ្សព្វផ្សាយអប់រំ ដឹកនាំអន្តរវិស័យលើការបញ្ជ្រាបការយល់ដឹងពីផលប៉ះពាល់ វិនាសកម្ម និងបំផុសចលនាប្រឆាំងគ្រឿងញៀនគ្រប់វ័យនិងគ្រប់មជ្ឈដ្ឋាន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ មានការប្រកាសដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទ APP NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ ដើម្បីពង្រឹងនិងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនឲ្យបានកាន់តែទូលំទូលាយ និងជ្រួតជ្រាបដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ធ្វើយ៉ាងណាឱ្យសាធារណជនទូទៅបានយល់ដឹងកាន់តែច្បាស់ និងមានសមត្ថភាពកាន់តែរឹងមាំក្នុងការបង្ការការពារខ្លួន ការពារក្រុមគ្រួសារ និងមិត្តភក្តិ ។ ជាងនេះទៀត គឺដើម្បីឱ្យពួកគាត់បានយល់ដឹងនិងអាចចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច អនុវត្តច្បាប់ ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធ នឹងគ្រឿងញៀន។
កម្មវិធីទូរសព្ទដៃ (APP) NoDrug មានកម្មវិធីជាច្រើនរួមមាន៖ ព័ត៌មានថ្មីៗទាក់ទងនឹងការប្រឆាំងគ្រឿងញៀន, ការកម្សាន្តដោយភ្ជាប់ជាមួយសារអប់រំ, មេរៀននិងចំណេះដឹង ប្រឡង, ទីតាំងមណ្ឌលស្តារសម្បទា និងមានកម្មវិធីសម្រាប់រាយការណ៍មកកាន់សមត្ថកិច្ចដើម្បីចាត់វិធានការប្រឆាំងនឹងការប្រើប្រាស់ និងជួញដូរគ្រឿងញៀនគ្រប់ប្រភេទ។

យោងតាមរបាយការណ៍របស់ក្រុមការងារគ្រប់គ្រងកម្មវិធីទូរសព្ទដៃ APP NoDrug នៃអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនជាច្រើនត្រូវបានពលរដ្ឋរាយការណ៍តាមរយៈកម្មវិធីនេះ និងសមត្ថកិច្ចទទួលអនុវត្តបង្ក្រាបប្រកបដោយជោគជ័យ។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមដំឡើងនិងប្រើប្រាស់ APP NoDrug https://nodrugsnacd.com/download_kh ទាំងអស់គ្នាព្រមទាំងជួយផ្សព្វផ្សាយដល់សមាជិកគ្រួសារ (https://nodrugsnacd.com/download_kh) មិត្តភ័ក្តិឱ្យប្រើប្រាស់ទាំងអស់គ្នា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងកសាងសង្គមកម្ពុជាមួយដែលគ្មានគ្រឿងញៀន៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


