ព័ត៌មានជាតិ
រដ្ឋាភិបាលកម្ពុជា ណែនាំអន្តរក្រសួងប្រារព្វទិវាកុមារអន្តរជាតិ ដើម្បីលើកកម្ពស់សិទ្ធិកុមារ
រាជរដ្ឋាភិបាលកម្ពុជា ណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធរៀបចំខួបលើកទី ៧៥ ទិវាកុមារអន្តរជាតិ១មិថុនាដើម្បីលើកកម្ពស់ និងជំរុញការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព ការអភិវឌ្ឍកុមារ ការការពារកុមារពីបញ្ហាប្រឈមនឹងការរំលោភបំពានគ្រប់រូបភាព។
សារាចរស្តីពី ការរៀបចំខួបលើកទី៧៥ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ ២០២៤ ចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាតែងតែចូលរួមប្រារព្វទិវាកុមារទាំងនេះ ដើម្បីរំឭកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះកុមារ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ការប្រារព្ធទិវាកុមារអន្តរជាតិ១មិថុនា គឺដើម្បីរំឭកនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃរបបពួកហ្វាសស៊ីស អ៊ីត្លែរដែលបានកាប់សម្លាប់ស្រ្តីនិងកុមារនៅភូមិលីឌីសៃ ប្រទេសឆេកូស្លូវ៉ាគី និងនៅភូមិអូរាឌូ ប្រទេសបារាំង ក្នុងអំឡុងឆ្នាំ១៩៤២-១៩៤៤ នៃសង្គ្រាមលោកលើកទី២ និងដើម្បីរួមគ្នាទប់ស្កាត់អំពើហិង្សា ថែរក្សាសន្តិភាពពិភពលោក ព្រមទាំងជំរុញការអនុវត្តសិទ្ធិកុមារនៅគ្រប់ប្រទេស។
ការប្រារព្ធទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា គឺជាការបង្កើនចលនាពិភពលោកប្រឆាំងពលកម្មកុមារ ដែលបានស្តែងឱ្យឃើញតាមរយៈការផ្តល់សច្ចាប័នដោយប្រទេសជាច្រើនលើពិភពលោក លើអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារលេខ១៨២ ស្ដីពីការហាមប្រាមនិងសកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងអនុសញ្ញាលេខ១៣៨ ស្តីពីការកម្រិតអាយុអប្បបរមាសម្រាប់ការចូលធ្វើការងារ សំដៅទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារក្នុងទម្រង់ធ្ងន់ធ្ងរ ដូចជាទាសករកុមារ ការជួញដូរកុមារ ពេស្យាចារកុមារ ការប្រើប្រាស់កុមារក្នុងជម្លោះប្រដាប់អាវុធ និងក្នុងស្ថានភាពងាយរងគ្រោះជាដើម។
សារាចរបញ្ជាក់ថា៖«ដោយឡែក កម្ពុជាប្រារព្ធទិវាកុមារអន្តរជាតិនេះឡើង ដើម្បីលើកកម្ពស់និងជំរុញការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព ការអភិវឌ្ឍកុមារ ការការពារកុមារពីបញ្ហាប្រឈមនឹងការរំលោភបំពានគ្រប់រូបភាព»។ ជាពិសេសដើម្បីរំឭកដល់មហាវិនាសកម្មដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលក្នុងនោះកុមារត្រូវបានបំបិទសិទ្ធិសេរីភាពទាំងស្រុង ហើយទទួលរងនូវការកាប់សម្លាប់ ការធ្វើទារុណកម្ម ការបង្ខំឱ្យធ្វើការជាទម្ងន់ ការបង្អត់អាហារ និងការរស់នៅយ៉ាងលំបាកវេទនាដោយអយុត្តិធម៌ ព្រមទាំងបានបន្សល់ទុកនូវផលពិបាកយ៉ាងធ្ងន់ធ្ងរបំផុតទៀតផង។

ដើម្បីអបអរសាទរទិវាកុមារ រាជរដ្ឋាភិបាលកម្ពុជា ណែនាំដល់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិ រដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធត្រូវសហការរៀបចំពិធីជួបជុំថ្នាក់ជាតិ និងរៀបចំកម្មវិធី កម្សាន្តផ្សេងៗ សម្រាប់កុមារនៅរាជធានីភ្នំពេញ។
កម្មវិធីនេះ ត្រូវប្រារព្ធក្រោមប្រធានបទ«ការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល» និង «រួមគ្នាអនុវត្តការប្ដេជ្ញាចិត្តដើម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ»៕
អត្ថបទ៖ ឡាយ សាមាន
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៧ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


