Connect with us

សន្តិសុខសង្គម

អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តចុះបង្ក្រាបទីតាំងលួចប្រព្រឹត្តបទល្មើស Online Scam នៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនបរទេសជាង ៤០០ នាក់

បានផុស

នៅ

ក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលនីតិវិធីពីលោក កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងចម្រុះ និងសម្របសម្រួលនីតិវិធីពីលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបន្តចុះពិនិត្យតាមអគារដែលសង្ស័យ និងបង្ក្រាបបទល្មើស Online Scam នៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនបរទេសជាង​ ៤០០នាក់ ព្រមទាំងដកហូតវត្ថុជាច្រើនទៀត ដែលប្រព្រឹត្តបទល្មើស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងនោះផងដែរកម្លាំងគណៈបញ្ជាឯកភាពបានចុះពិនិត្យទីតាំងអាគារសង្ស័យលួចប្រព្រឹត្តបទល្មើស Online Scam ចំនួន៣ ៖ ទីតាំងអគារកម្ពស់៧ជាន់ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីសង្ស័យមានជនបរទេសរស់នៅប្រមូលផ្តុំ និងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមានម្ចាស់ឈ្មោះ ជា សក់ហៀក ភេទស្រី និងមានឈ្មោះ ខឹម ថន ភេទប្រុស ជាតំណាង

ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានត្រួតពិនិត្យឃើញ អគារមានចំនួន ៦៣បន្ទប់ ជនបរទេស ២៩នាក់ប្រុស ជាជនជាតិចិន មានលិខិត ឆ្លងដែន និងបណ្ណការងារត្រឹមត្រូវ ប្រើប្រាស់ទិដ្ឋាការស្នាក់នៅប្រភេទ EB ហើយរកពុំឃើញឧបករណ៍ សម្ភារសង្ស័យពាក់ព័ន្ធលួចប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា (Online Scams) ប៉ុន្តែម្ចាស់ទីតាំងមិនបានរាយការណ៍ជូនសមត្ថកិច្ចតាមនីតិវិធីទេ។ សមត្ថកិច្ចជំនាញបានអប់រំណែនាំឱ្យតំណាងម្ចាស់ទីតាំងបញ្ជូនព័ត៌មានជនបរទេសដែលស្នាក់នៅទីតាំងរបស់ខ្លួន ក្នុងបង្កើតប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស (FPCS) និងផ្សព្វផ្សាយណែនាំដល់តំណាង់ម្ចាស់ទីតាំង អំពីច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ០៣។

ទីតាំងទី២ ៖ អគារកម្ពស់៦ជាន់ មាន១០២បន្ទប់ ជាអគារស្នាក់នៅ ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ក្នុងប្រតិបត្តិការ កម្លាំងចម្រុះបានរកឃើញជនបរទេសរស់នៅប្រមូលផ្តុំប្រមាណចំនួន ៣០៧នាក់ ស្រី៣៥នាក់ (ជាជនជាតិឥណ្ឌូនេស៊ី) ហើយរកពុំឃើញឧបករណ៍សម្ភារសង្ស័យពាក់ព័ន្ធលួចប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា (Online Scams)។

ទីតាំងទី៣ ៖ អគារកម្ពស់៤ជាន់ ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រកឃើញជនបរទេសរស់នៅប្រមូលផ្តុំចំនួន៨៤នាក់ ស្រី៥នាក់ (ចិនចំនួន៨១នាក់/ស្រី៤នាក់, មីយ៉ាន់ម៉ា២នាក់/ស្រី១ នាក់ និងប៉ាគីស្ថាន១នាក់)។ ក្នុងពេលប្រតិបត្តិការ រកឃើញសម្ភារសង្ស័យមួយចំនួនបម្រើឲ្យបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដូចជា laptop១០គ្រឿង និងទូរស័ព្ទ១៩គ្រឿង។

ក្រោយប្រតិបត្តិការកម្លាំងចម្រុះបានបញ្ជូនជនជាតិចិន៦នាក់ទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីសួរនាំបន្តនីតិវិធី និងជនជាតិចិន៧៥នាក់ស្រី៤នាក់, មីយ៉ាន់ម៉ា២នាក់ ស្រី១នាក់, ប៉ាគីស្ថាន១នាក់ប្រុសបញ្ជូនទៅមណ្ឌលកងវ៉ាខេត្ត ដើម្បីរៀបចំនីតិវិធីបញ្ជូនចេញ។ ចំពោះទីតាំងអគារសម្រេចបិទជាបណ្តោះអាសន្នរហូតដល់មានការជូនដំណឹងជាថ្មី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម