ព័ត៌មានជាតិ
ដំណាំកសិកម្មដែលរងការវាយប្រហារពីសត្វដង្កូវហ្វូង ស្រោចស្រង់បាន ក្រោយអន្តរាគមន៍ទាន់ពេល
ដំណាំកសិកម្មដែលត្រូវបានរងការវាយប្រាហារពីសត្វដង្កូវហ្វូងប្រមាណ ២ ម៉ឺន ៣ ពាន់ ហិកតានៅ ១៥ ខេត្ត បានលូតលាស់ឡើងវិញ បន្ទាប់ពីមានការអន្តរគមន៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរពាក់ព័ន្ធ បានទាន់ពេលវេលា។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ នេះថា ស្ថានភាពដង្កូវហ្វូង ត្រូវបានគ្រប់គ្រងបានហើយ ដោយសារតែក្រសួងកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធបានចុះអន្តរាគមន៍ទូទាំងប្រទេសទាន់ពេលវេលា ខណៈដែលមានការចូលរួមពីប្រជាកសិករ នៅចំពេលដែលអាកាសធាតុអំណោយផល។
លោក ឃឹម ហ្វីណង់បញ្ជាក់ថា៖ «ភ្លៀងធ្លាក់ចុះមក ដង្កូវលិចទឹកងាប់ រីឯមេអំបៅក៏ថមថយដែរ នៅពេលមានភ្លៀង ហើយពងមេអំបៅក៏មិនញាស់ ហើយដក់ឌឿដែលមាននៅក្នុងដី អត់អាចក្លាយទៅជាមេអំបៅបាន ដល់ចឹងស្ថានភាពបានល្អប្រសើរឡើង»។

លោកបញ្ជាក់ថា ដំណាំដែលប៉ះពាល់កន្លងមក ភាគច្រើនបានលូតលាស់ឡើងវិញទាំងអស់ ដូចជាស្រូវ ទោះបីដង្កូវស៊ីដល់ដីហើយ ក៏លាស់ឡើងវិញដែរ ដំឡូងមីក៏ដូចគ្នា លែងជាបញ្ហាប្រឈមហើយ។
មន្ត្រីអ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ប្រភពនៃការកកើតមានដង្កូវហ្វូង ដោយសារតែ ការប្រែប្រួលអាកាសធាតុ អាកាសធាតុក្ដៅខ្លាំង អូសបន្លាយរយៈពេលវែង។
លោក ឃឹម ហ្វីណង់លើកឡើងថា៖ «រដូវក្ដៅហើយសើម អំណោយផលសម្រាប់សត្វចង្រៃដូចជាដង្កូវដែលកើតចេញពីមេអំបៅ នៅពេលដែលអាកាសធាតុក្ដៅខ្លាំងវដ្ដជីវិតរបស់វាថយពី ៤០-៥០ ថ្ងៃ ធ្លាក់នៅតែ ៣០ ថ្ងៃ ឆាប់ញាស់ ឆាប់ធំ ឆាប់បង្កកំណើតក្លាយជាមេអំបៅ ហើយក៏ឆាប់ពង ដែលធ្វើឱ្យដង្កូវផ្ទុះឡើងលឿន។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះអន្តរាគមតាំងពីចាប់ផ្ដើមដំបូង ប្រសិនបើមិនបានអន្តរាគមន៍ទាន់ពេលវេលា ករណីនេះ នឹងមានទំហំខូចខាតធំ។
លោក អិល ឈិញ ប្រធានសមាគមដំឡូងមីខ្មែរប្រាប់កម្ពុជាថ្មីនៅថ្ងៃនេះដែរថា ស្ថានភាពដង្កូវហ្វូងបានធូរស្រាលហើយ បន្ទាប់ពីមន្ត្រីរដ្ឋាភិបាល និងក្រុមហ៊ុនជីថ្នាំបានចុះផ្សព្វផ្សាយថ្នាំឱ្យកសិករយកទៅបាញ់ រួមផ្សំនឹងមានភ្លៀងធ្លាក់ធ្វើឱ្យងាប់មេអំបៅ។
លោកបញ្ជាក់ថា៖ «កាលដំបូងដង្កូវស៊ីលឿនណាស់ ពេលទៅឃើញពីល្ងាច ទិញថ្នាំទៅបាញ់ តែចំប្រភេទថ្នាំខ្សោយ ដល់ព្រឹកឡើងទៅមើលខ្ទេចអស់តែម្ដង»។ ទោះយ៉ាងណា ទំហំខូចខាតនៅខេត្តឧត្តរមានជ័យត្រឹមតែ ៥ ហិកតាប៉ុណ្ណោះ ក្រៅពីនេះ គឺប៉ះពាល់តិចតូច។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម មានផ្ទៃដីដំណាំកសិកម្មប្រមាណ ២ ម៉ឺន ៣ ពាន់ហិកតា ស្ថិតនៅក្នុងខេត្តចំនួន ១៥ បានរងផលប៉ះពាល់ ដោយសារដង្កូវហ្វូង ក្នុងនោះទំហំខូចខាតមានតិចតួច ដោយសារការអន្តរាគមនបានទាន់ពេលវេលា។
ក្នុងចំណោមផ្ទៃដីកសិកម្មដែលរងការវាយប្រហារពីសត្វដង្កូវហ្វូងមានដំណាំស្រូវ ១ ម៉ឺន ៥ ពាន់ ៨ រយហិកតា និងដំណាំឧស្សាហកម្មជាង ៨ ពាន់ហិកតាដែលមានដំឡូងមី និងពោត។
ខេត្តដែលកើតមានករណីដង្កូវហ្វូងនេះ រួមមាន ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ប៉ះពាល់ ១៥០ ហិកតា ខេត្តកំពង់ស្ពឺ ចំនួន ១៥៧ ហិកតា ខេត្តកំពង់ធំ ៤ ១៨៣ ហិកតា ខេត្តព្រះវិហារ ៤ ពាន់ហិកតា ខេត្តសៀមរាបជិត ២ ពាន់ហិកតា ខេត្តតាកែវជាង ៥ ពាន់ហិកតា និងខេត្តមួយចំនួនទៀត៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


