Connect with us

ព័ត៌មានជាតិ

វិទ្យាស្ថាន​បារាំង និងស្ថានទូតបារាំងប្រចាំ​កម្ពុជា រៀបចំព្រឹត្តិការណ៍វប្បធម៌ ដើម្បីអបអរកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី

បានផុស

នៅ

ឆ្នាំនេះ វិទ្យាស្ថាន​បារាំងកម្ពុជា និងស្ថានទូតបារាំងប្រចាំ​កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍វប្បធម៌ ដើម្បីលើក​កម្ពស់ភាសាបារាំង និងវប្បធម៌នៃប្រទេសប្រើប្រាស់​​ភាសាបារាំងនាសប្តាហ៍ភាសា​បារាំង និងហ្រ្វង់កូហ្វូនី និងដើម្បីអបអរសាទរកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេចក្តីប្រកាសរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា រហូតដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ វិទ្យាស្ថានបារាំង នឹងរៀបចំឱ្យមានជំនួបជាមួយអ្នកនិពន្ធសៀវភៅរឿង និងជំនួបផ្សេងទៀត ដើម្បីអបអរភាសាបារាំងតាមរយៈចម្រៀង ឬសិល្បៈនៃការថ្លែងជាសាធារណៈ ការចាក់បញ្ចាំងភាព​យន្ត​​និយាយភាសាបារាំងដែលមានការគាំទ្រពីអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (OIF) រឿងនិទានភាសាបារាំងសម្រាប់កុមារ និងការសម្ដែងល្ខោននិយាយ “Maliroots” ដែលនិពន្ធ និងសម្តែងដោយសិល្បករពហុជំនាញ Ladji Diallo ។

ទិវាអន្តរជាតិហ្វ្រង់កូហ្វូនី និងសប្តាហ៍ភាសាបារាំង ត្រូវបាន​រៀបចំឡើងជារៀងរាល់ឆ្នាំ នៅក្នុងអំឡុងថ្ងៃទី២០​ ខែមីនា ក្រោមការផ្ដួចផ្ដើមរបស់ក្រសួងវប្បធម៌បារាំង។ កម្មវិធីនេះ បានក្លាយទៅជាព្រឹត្តិការណ៍​អន្តរជាតិដ៏សំខាន់មិនអាចខ្វះបានសម្រាប់គ្រប់វិទ្យាស្ថាន និងស្ថានទូតបារាំងជុំវិញពិភពលោក។ ជាពេលវេលាវប្បធម៌ អប់រំ និងការកម្សាន្តសម្រាប់សាធារណៈជន ភាសាបារាំងបានក្លាយទៅជាចលករនៃភាពរីករាយ ការបំផុសគំនិត កិច្ចសន្ទនាលើព្រឹត្តិការណ៍នានា និងសកម្ម​ភាព​គរុកោសល្យ ។

ក្នុងឆ្នាំនេះ ហ្រ្វង់កូហ្វូនីត្រូវបានប្រារព្ធឡើងដោយមានទស្សនីយ៍ភាពដ៏រស់រវើក ជាមួយនឹងការសម្ដែងរឿងល្ខោន “Maliroots” របស់លោក Ladji Diallo នៅភ្នំពេញ សៀមរាប និង​បាត់ដំបង អមដោយសិក្ខាសាលាសម្រាប់សិស្សានុសិស្ស និងនិស្សិតសាកលវិទ្យាល័យដែលប្រើប្រាស់ភាសាបារាំង ។ លោកស្រី Julie Dupré អ្នកនិទានរឿង មកពីប្រទេស Nouvelle Calédonie ក៏នឹងសម្តែងនៅតាមគ្រឹះស្ថានឧត្តមសិក្សាផងដែរ ដែលគាំទ្រដោយមជ្ឈមណ្ឌលកិច្ចប្រជុំ និងផ្លាស់ប្តូរអន្តរជាតិប៉ាស៊ីហ្វិក (CREIPAC) និងអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (OIF) ។

បើតាមស្ថានទូតបារាំងប្រចាំកម្ពុជា បច្ចុប្បន្នមាននិស្សិតជាង ២២ ០០០នាក់ កំពុងសិក្សាភាសាបារាំងនៅប្រទេសកម្ពុជា។ ស្ថានទូតបារាំងផ្តល់ការគាំទ្រដល់ការបង្រៀនភាសាបារាំងនៅក្នុងប្រព័ន្ធអប់រំកម្ពុជា តាមរយៈការបណ្តុះបណ្តាលគ្រូ និងការរៀបចំសកម្មភាពផ្សេងៗសម្រាប់សិស្ស ដើម្បីបង្ហាញពីភាពរស់រវើក និងភាពទាក់ទាញនៃភាសាបារាំងនៅក្នុងវិថីសិក្សា និងអាជីពការងាររបស់ពួកគេ។

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ដែលជាលើកទី២ ក្នុងតំបន់អាស៊ី បន្ទាប់ពីរយៈពេលជិត ៣០ឆ្នាំ ក្រោយកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយឆ្នាំ ១៩៩៧។ កិច្ចប្រជុំកំពូលខាងលើ នឹងជាឱកាសបង្ហាញពីភាពរស់រវើកនៃហ្វ្រង់កូហ្វូនីនៅអាស៊ីអាគ្នេយ៍ ក៏ដូចជាឧទ្ទិសថ្វាយព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលទ្រង់ជាបិតាស្ថាបនិកមួយអង្គនៃហ្វ្រង់កូហ្វូនីពហុភាគី។

លោកព្យែរ វ៉ាំងសង់ ទីប្រឹក្សាសហប្រតិបត្តិការ និងសកម្មភាពវប្បធម៌ និងជានាយកវិទ្យាស្ថានបារាំងនៅកម្ពុជាបានមានប្រសាសន៍ថា «ហ្វ្រង់កូហ្វូនីនៅកម្ពុជាមានភាពសកម្មខ្លាំង ជាពិសេសក្នុងវិស័យសំខាន់ៗមួយចំនួនដូចជា ច្បាប់ សេដ្ឋកិច្ច វេជ្ជសាស្ត្រ វិស្វកម្ម កិច្ចសហប្រតិបត្តិការយោធា ឬឧស្សាហកម្មវប្បធម៌ និងកែច្នៃ។ ការចេះភាសាបារាំងគឺជាការធានានូវសមាជិកភាពក្នុងសហគមន៍ដែលមានអ្នកនិយាយភាសាបារាំងចំនួន ៣៤៣ លាននាក់ជុំវិញពិភពលោក ។ កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីនឹងជាឱកាសមួយដើម្បីបង្កើតភាពសហការថ្មីរវាងប្រទេសកម្ពុជា និងពិភពនៃអ្នកប្រើប្រាស់ភាសាបារាំង»៕ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម