ព័ត៌មានជាតិ
ស្ថានទូតបារាំង រៀបចំពិព័រណ៍ និងបញ្ចាំងភាពយន្តដើម្បីប្រារព្ធខួប៥០ឆ្នាំនៃការដួលរលំទីក្រុងភ្នំពេញ
ស្ថានទូតបារាំង នឹងរៀបចំពិព័រណ៍ និងការបញ្ចាំងភាពយន្ត ដែលអនុញ្ញាតឱ្យមហាជនចូលរួមដោយសេរី ពីថ្ងៃទី០៦ ខែឧសភា ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ដើម្បីឧទ្ទិសដល់ជនរងគ្រោះក៏ដូចជារក្សាការចងចាំអំពីហេតុការណ៍ ខួប៥០ឆ្នាំនៃការដួលរលំទីក្រុងភ្នំពេញ។តាមរយៈពិព័រណ៍ ពិធីឧទ្ទិសកុសល និងកម្មវិធី បញ្ចាំងភាពយន្ត ព្រឹត្តិការណ៍ទាំងនេះមានគោលដៅលើកកម្ពស់ការបញ្ជ្រាបការចងចាំដល់មនុស្សជំនាន់ក្រោយ ក៏ដូចជាបញ្ជាក់ឡើងវិញពីការប្រកាន់ខ្ជាប់របស់ប្រទេសបារាំងចំពោះទំនាក់ទំនងជាមួយកម្ពុជា ដែលផ្អែកលើការទទួលស្គាល់អតីតកាល ការសន្ទនា និងទំនុកចិត្ត។
ចាប់ពីថ្ងៃទី០៦ ខែឧសភា វេលាម៉ោង១៨៖៣០នាទី ពិព័រណ៍ «ប្រឈមមុខនឹងខ្មែរក្រហមស្ថានទូតបារាំងជាប់ចូលក្នុងការដួលរលំទីក្រុងភ្នំពេញ (ថ្ងៃទី១៧ មេសា-០៨ ឧសភា ១៩៧៥)» នឹងប្រព្រឹត្តទៅនៅវិទ្យាស្ថានបារាំង នៅកម្ពុជា។ កម្មវិធីនេះ រៀបចំដោយស្ថានទូតបារាំង និងវិទ្យាស្ថានបារាំង ក្រោមការចាត់ចែងរបស់អ្នកស្រាវជ្រាវបារាំងពីររូប ពិព័រណ៍ខាងលើនឹងបង្ហាញពីព្រឹត្តិការណ៍ដ៏សោកនាដកម្មក្នុងសម័យនោះ អមដោយសក្ខីកម្ម រួមទាំងឯកសារដែលសាធារណជនមិនធ្លាប់ឃើញ ក្នុងនោះមានបណ្ណាសាររបស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង រូបភាព និងវីដេអូផងដែរ។

នៅថ្ងៃពុធ ទី០៧ ខែឧសភា វេលាម៉ោង១៨៖៣០នាទី វេទិកាពិភាក្សាជាមួយសាធារណជននឹងត្រូវធ្វើឡើងនៅវិទ្យាស្ថានបារាំង ជាមួយវាគ្មិនពីរនាក់គឺ ពន្ធុវិទូ និងអ្នកនិពន្ធបារាំងឈ្មោះ François Bizot និងអ្នកថតរូបសារព័ត៌មាន Roland Neveu។ បុគ្គលទាំងពីរនេះគឺជាសាក្សីនៃការដួលរលំទីក្រុងភ្នំពេញ។ កិច្ចពិភាក្សានេះនឹងបើកជូនសាធារណជនចូលរួមដោយសេរី ដោយធ្វើឡើងជាភាសាបារាំង ជាមួយការបកប្រែជាភាសាខ្មែរ។
នៅថ្ងៃទី០៨ ខែឧសភា ដោយមានការចូលរួមពីអ្នករស់រានមានជីវិត សាក្សី តំណាងសង្គមស៊ីវិល តំណាងអាជ្ញាធរកម្ពុជា និងអង្គទូត ស្ថានទូតបារាំងនឹងរៀបចំពិធីរំលឹក និងឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់អ្នកដែលបានមកស្វែងរកការជ្រកកោននៅក្នុងស្ថានទូតបារាំង ព្រមទាំងជនរងគ្រោះទាំងអស់។

ជាងនេះទៅទៀត ចាប់ពីថ្ងៃទី១០ ខែឧសភា វិទ្យាស្ថានបារាំងនៅកម្ពុជានឹងចាក់បញ្ចាំងភាពយន្ត និងភាពយន្តឯកសារប្រមាណ១២រឿង ដែលផ្តោតលើប្រវត្តិសាស្រ្តប្រទេសកម្ពុជាក្រោមរបបខ្មែរក្រហម ដោយសហការជាមួយ មជ្ឈមណ្ឌលបុប្ផាណា។ ជាវណ្ណកម្មរបស់ផលិតករកម្ពុជា និងបរទេសដូចជាលោក ប៉ាន់ រិទ្ធី លោក ដាវី ជូ លោកDenis Do លោកស្រី អែនជេលីណា ជូលី លោក Arthur Dong និងលោក ឆាយ បូរ៉ា ស្នាដៃទាំងនេះបង្ហាញពីការចងចាំផ្ទាល់ខ្លួន និងការចងចាំរួម ពីអំពើហិង្សាក្នុងរបបខ្មែរក្រហម ហើយឆ្លុះបញ្ចាំងពីបញ្ហានៃការបញ្ជ្រាបចំណេះដឹងពីរបបខ្មែរក្រហម និងការតស៊ូជម្នះលើការប៉ះទង្គិចផ្លូវចិត្ត។ កម្មវិធីលម្អិតមានលើគេហទំព័រវិទ្យាស្ថានបារាំងនៅកម្ពុជា៖ institutfrancais-cambodge.com។
បើតាមស្ថានទូតបារាំងបានឱ្យដឹងថា កាលពី៥០ឆ្នាំមុន ពោល គឺនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ បន្ទាប់ពីសង្រ្គាមស៊ីវិលដ៏វិនាសកម្មអស់រយៈពេលជាច្រើនឆ្នាំ។ នៅថ្ងៃនោះ ប្រទេសកម្ពុជាបានធ្លាក់ទៅក្នុងសម័យកាលដ៏ខ្មៅងងឹតបំផុតមួយនៃប្រវត្តិសាស្រ្តរបស់ខ្លួន។ ក្នុងស្ថានភាពវឹកវរដែលកើតមានឡើងក្រោយការដួលរលំទីក្រុងភ្នំពេញ មនុស្សជាច្រើនរយនាក់បាននាំគ្នាមកជ្រកកោននៅក្នុងស្ថានទូតបារាំង ដោយសង្ឃឹមថាទទួលបានការការពារនៅទីនោះ។ ជាក់ស្តែង ពលរដ្ឋបារាំងជាង៥០០នាក់ត្រូវបានទទួលឱ្យស្នាក់នៅក្នុងស្ថានទូត រួមជាមួយពលរដ្ឋប្រមាណ១០០នាក់នៃប្រទេសចំនួន២០ផ្សេងទៀត (រួមមានអាល្លឺម៉ង់ អាល្លឺម៉ង់ខាងកើត បែលហ្ស៊ិក កាណាដា អេស្ប៉ាញ សហរដ្ឋអាម៉េរិក ឥណ្ឌា អ៊ីតាលី ឥណ្ឌូនេស៊ី ជប៉ុន ឡាវ លីបង់ នូវែលហ្សេឡង់ ប៉ាគីស្ថាន អង់គ្លេស ស៊ុយអែត ស្វ៊ីស ថៃ និងវៀតណាម)។ គេប៉ាន់ប្រមាណថា ជនជាតិខ្មែរប្រហែល៦០០នាក់ក៏បានមកជ្រកកោននៅក្នុងស្ថានទូតបារាំងផងដែរ។ ក្នុងរយៈពេលជាងពីរសប្តាហ៍ បរិវេណស្ថានទូតបានក្លាយទៅជាទីកន្លែងហ៊ុំព័ទ្ធមួយ ដែលចុងក្រោយបានជួបវាសនាដ៏សោកសង្រេង ជាមួយការចាកចេញរបស់ពលរដ្ឋកម្ពុជា បន្ទាប់មកការជម្លៀសជនបរទេសទៅកាន់ប្រទេសថៃតាមក្បួនរថយន្តចំនួនពីរជើង នៅថ្ងៃទី៣០ ខែមេសា និងថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៧៥៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


