ព័ត៌មានជាតិ
បុគ្គលិកអង្គការPSE ម្នាក់ សង្ស័យគាំងបេះដូងទើបធ្លាក់ពីលើចិញ្ចើមផ្លូវស្លាប់ក្នុងប្រឡាយនៅសៀមរាប
បុគ្គលិករបស់អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ជាជនជាតិបារាំងម្នាក់ឈ្មោះ GIRARD FABRE LISA CELINE VERONICA ដែលបាត់ខ្លួនក្នុងពេលរត់ម៉ារ៉ាតុងជាមួយមិត្តភក្តិ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តសៀមរាបរកឃើញសាកសពនៅត្រង់ចំណុចនៅក្នុងប្រឡាយអមផ្លូវ៦០ម៉ែត្រ ក្នុងភូមិអារក្សស្វាយ សង្កាត់នគរធំ ខេត្តសៀមរាប បន្ទាប់ពីទទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ។ សេចក្ដីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្ត ឱ្យដឹងថា ឆ្លងកាត់ធ្វើកោសល្យវិច័យពីអ្នកជំនាញ ជាមួយគ្រូពេទ្យអមសាលាដំបូង និងតំណាងស្ថានកុងស៊ុលកិត្តិយសបារាំងប្រចាំខេត្តសៀមរាប បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារធ្លាក់ពីលើចិញ្ចើមផ្លូវ ដែលអាចបណ្តាលមកពីគាំងបេះដូង។

នៅថ្ងៃទី០៥ ខែសីហា អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) បានប្រកាសពីដំណឹងមរណភាពរបស់ កញ្ញា “Lisa Girard-Fabre” ដែលជាប្រធានគម្រោងអប់រំ នៃសាលាពាណិជ្ជសាស្រ្ដ ផ្នែកគ្រប់គ្រង និងការលក់របស់អង្គការ។ បើតាមអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កញ្ញាLisa បានបាត់ខ្លួនតាំងពីព្រឹកថ្ងៃសៅរ៍ទី០២ ខែសីហា ឆ្នាំ២០២៥ អំឡុងពេលរត់ ក្នុងបរិវេណប្រាសាទអង្គរវត្ត ជាមួយមិត្តភក្តិរបស់ខ្លួន។

ស្នងការដ្ឋាននគរបាលខេត្តសៀមរាបឱ្យដឹងថា កាលពីថ្ងៃទី២ ខែសីហា សមត្ថកិច្ចនគរបាលថ្នាក់ក្រោមទទួលបានព័ត៌មាន ពីតំណាងស្ថានកុងស៊ុលកិត្តិយសបារាំងប្រចាំខេត្តសៀមរាប និងបុគ្គលិកអង្គការ PSE អំពីករណីបាត់ដំណឹងស្ត្រីជនជាតិបារាំងម្នាក់ឈ្មោះថា Lisa Girard-Fabre នៅម្តុំប្រាសាទតាសោម អំឡុងពេលរត់សាកល្បងកម្មវិធីម៉ារ៉ាតុន ជាមួយមិត្តភក្តិ។

បន្ទាប់ពីទទួលព័ត៌មាននេះភ្លាមសមត្ថកិច្ចចម្រុះស្ថាប័ន បានចុះស្រាវជ្រាវដល់ទីតាំងដែលបាត់ដំណឹងចុងក្រោយ ពីចំណុចប្រាសាទតាសោម បន្តមកតាមព្រៃ ឧទ្យានអង្គរ មកដល់កស្សិណអង្គរខាងលិចកែងផ្លូវ៦០ម៉ែត្រ ចាប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ រហូតដល់ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ជាលទ្ធផលពុំមានតម្រុយពាក់ព័ន្ធនឹងដំណើររបស់ស្ត្រីជនជាតិបារាំងនោះឡើយ ។
លុះមកដល់ ម៉ោងប្រហែល ១០៖០៥នាទី ថ្ងៃទី៤ ខែសីហា សមត្ថកិច្ចក៏ទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋ ថា៖«នៅជម្រាលប្រឡាយអមផ្លូវ ៦០ម៉ែត្រ ត្រង់ចំណុចមុខចំហៀងខាងត្បូងអាហារដ្ឋានមាន់ស្រែ ឃើញសត្វរុយកំពុងរោមអ្វីមួយប៉ុន្តែមិនដឹងជាអ្វីនោះទេ»។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចមានការសង្ស័យ ក៏បានចុះទៅពិនិត្យជាក់ស្តែងដល់កន្លែងកើតហេតុប្រទះឃើញសាកសព និងពិនិត្យឃើញថា ជាសពរបស់ស្ត្រីជនជាតិបារាំង កញ្ញា Lisa Girard-Fabreដែល បានបាត់ខ្លួនកាលពីថ្ងៃទី០២ ខែសីហា កន្លងទៅ។

ភ្លាមៗ សមត្ថកិច្ចជំនាញ រួមជាមួយគ្រូពេទ្យអមសាលាដំបូង និងតំណាងស្ថានកុងស៊ុលកិត្តិយសបារាំងប្រចាំខេត្តសៀមរាបបានស្រាវជ្រាវ និងធ្វើកោសល្យវិច័យ និងសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារធ្លាក់ពីលើចិញ្ចើមផ្លូវ ដែលអាចបណ្តាលមកពីគាំងបេះដូង។ បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចបញ្ជូនទៅតម្កល់ទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត។
ទំព័រហ្វេសប៊ុករបស់PSE ឱ្យដឹងថា កញ្ញា Lisa បានបំពេញបេសកកម្មមនុស្សធម៌ជាមួយអង្គការដើម្បីភាពញញឹមនៃកុមារចប់សព្វគ្រប់កាលពី ២ឆ្នាំមុន ដោយធ្វើដំណើរថ្មើរជើងពីទីក្រុងប៉ារីសប្រទេសបារាំង មកកាន់ទីក្រុងភ្នំពេញប្រទេសកម្ពុជា។ PSE ចាត់ទុកថា Lisa ជានារី ដែលមានភាពក្លាហាន មានភាពរួសរាយរាក់ទាក់ ព្រមទាំងមានសន្ដានចិត្តល្អ ចេះជួយយកអាសារអ្នកដទៃ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


