ព័ត៌មានជាតិ
វឌ្ឍនភាពសំណង់ព្រះពុទ្ធបដិមានៅភ្នំសំពៅ អូសបន្លាយពេលជិត ២០ ឆ្នាំ នៅមិនទាន់ដឹងបញ្ចប់នៅពេលណា?
រូបព្រះពុទ្ធបដិមាឆ្លាក់នៅលើជញ្ជាំងភ្នំសំពៅ ត្រូវបានមន្ត្រីនៃមន្ទីរវប្បធម៌ខេត្តបាត់ដំបងទទួលស្គាល់ថា ជាចម្លាក់ព្រះពុទ្ធរូបដ៏ធំអស្ចារ្យមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ហើយនឹងក្លាយជារូបចម្លាក់ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាមួយបន្ថែមទៀត ក្នុងរយៈពេលរាប់រយឆ្នាំតទៅមុខទៀត ក្រោយការសាងសង់រួចរាល់។

យ៉ាងណាសំណង់សាសនាដ៏ធំនេះដែលបានជួយទាក់ទាញចំណាប់អារម្មណ៍ពីស្រទាប់មនុស្សគ្រប់ជាតិសាសន៍មកទស្សនា និងស្វែងយល់អំពីពុទ្ធប្រវត្តិផ្សេងៗពាក់ព័ន្ធវិស័យសាសនារបស់កម្ពុជា បានចាយពេលជាង ២០ ឆ្នាំ នៅមិនទាន់កំណត់អាចបញ្ចប់ទាំងស្រុងនៅពេលណានោះទេ។
តាមរយៈកម្ពុជាថ្មី ប្រជាពលរដ្ឋរស់នៅក្នុងឃុំ ភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានស្នើឲ្យរដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរពាក់ព័ន្ធមេត្តាជួយជំរុញ ក្រុមជាងធ្វើយ៉ាងណាសាងសង់ឲ្យបានរួចរាល់ និងឆាប់បានតុបតែងលាបពណ៌ ដើម្បីទាក់ទាញអារម្មណ៍ភ្ញៀវទេសចរបរទេសឲ្យមកទស្សនា ខណះពលរដ្ឋរិះគន់ថា ការសាងសង់រូបដិមារាប់សិបឆ្នាំមិនចេះរួចរាល់នេះ បានកំពុងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវក្រៅនិងក្នុងស្រុកយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។
លោក សាវឿន ជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋក្នុងមូលដ្ឋានបានលើកឡើងថា “តាមខ្ញុំសង្កេតមើល ភ្ញៀវទេសចរ ទាំងខ្មែរក្នុងស្រុកនិងបរទេស ហាក់មានការធុញទ្រាន់ក្នុងការសាងសង់ព្រះពុទ្ធរូបនេះ។ ខ្ញុំធ្លាប់ចេះអង់គ្លេសតិចតួច ខ្ញុំបានស្តាប់ជនបរទេសនិយាយគ្នាថា ហេតុអីបានធ្វើមិនចេះរួចរាល់ចឹង មួយឆ្នាំមកលេងម្តង នៅតែឃើញដដែលៗ ខ្ញុំខ្មាសជនបរទេសនោះដែរ តែមិនដឹងធ្វើម៉េច។ ពេលនេះមានតែពួកខ្ញុំសំណូមពរតាមអ្នកកាសែតឲ្យរដ្ឋបាលខេត្តនិងមន្ត្រីពាក់ព័ន្ធជួយជំរុញក្រុមជាងតែប៉ុណ្ណោះ” ។
ចំណែកពលរដ្ឋម្នាក់ទៀតគឺ អ្នកស្រី សោភ័ណ្ឌ ក៏បានបញ្ចេញមតិដែរថា អ្នកស្រីសង្ឃឹមថា បើសិនជារូបបដិមានេះធ្វើរួចរាល់ លាបពណ៌បានស្អាតហើយ ភ្ញៀវទេសចរទាំងក្នុងនិងក្រៅស្រុកអាចនឹងមកទស្សនា និងគោរពប្រតិបត្តិច្រើន។
អ្នកស្រីបន្តថា “កុំថាតែភ្ញៀវទេសចរ សូម្បីពួកខ្ញុំក៏មានការធុញទ្រាន់ដែរ វាមិនដែលមានគ្រាន់តែរូប១សោះ ធ្វើរយះពេលយូរឆ្នាំយ៉ាងហ្នឹង។ ខ្ញុំក៏ធ្លាប់ឃើញ គេសាងសង់រូបនៅលើផ្ទាំងថ្មដូចគ្នា ហើយរូបធំជាងនេះផង យ៉ាងយូរ ១ ទៅ ២ ឆ្នាំគឺរួចរាល់ តែនេះជាង ១០ ឆ្នាំ ដូចចម្លែកពេក ហើយអាជ្ញាធរពាក់ព័ន្ធធ្វើដូចជាធម្មតាអត់ខ្វល់”។

យុវតី ឌីណា ក៏បានបញ្ចេញយោបល់ដែរថា “ភ្នំសំពៅបច្ចុប្បន្ន ហាក់ដូចជាកន្លែងឋានសុខសម្រាប់ពលរដ្ឋអ៊ីចឹង។ ខ្ញុំពេលទំនេរទៅអង្គុយមើលទេសភាព និងរូបព្រះនឹងដែរ។ ខ្ញុំសម្លឹងយូរទៅហាក់ធ្វើឲ្យអារម្ភណ៍ជ្រះថ្លានិងស្ងប់ស្ងាត់ បើសិនជាបានរួចរាល់ ហើយផាត់ពណ៌ល្អ ខ្ញុំថាអ្នកណាក៏ចង់មកមើលនិងគោរពប្រតិបត្តិដែរ។ ខ្ញុំអត់យល់ថាហេត្វអីបានធ្វើយឺតចឹងទេ” ។
លោកមេឃុំភ្នំសំពៅទើបកាន់តំណែងថ្មីបានប្រាប់កម្ពុជាថ្មីថា បច្ចុប្បន្នបានធ្វើរួចរាល់ហើយ នៅតែសំអាតបន្តិចបន្តួចប៉ុណ្ណោះ។
ការលើកឡើងពីលោកមេឃុំ ហាក់ផ្ទុយពីការពិនិត្យឃើញពីមន្ត្រីនៃមន្ទីទេសចរណ៍ខេត្តដោយលើកឡើងថា ក្រុមជាងហាក់មិនយកចិត្តទុកដាក់ ហើយបើតាមភាពជាក់ស្តែងអាចពន្យាពេលរាប់សិបឆ្នាំទៀត។
មន្ត្រីសុំមិនបញ្ចេញឈ្មោះរូបនេះថា “ការសាងសង់យឺតនេះ ខ្ញុំអត់យល់។ តែបើតាមខ្ញុំស្មាន មានចេតនាពន្យារពេល ដើម្បីទាញប្រយោជន៍ពីការសាងសង់”។
ទន្ទឹមគ្នានេះ លោក ឆាយ ម៉ាទីណា អភិបាលរងខេត្តបាត់ដំបងទទួលបន្ទុកផ្នែកទេសចរណ៍ និងបរិស្ថាន បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីនៅថ្ងៃនេះដែរថា លោកឯកភាពជាមួយការរិះគន់របស់ប្រជាពលរដ្ឋតែលោកថា លោកកំពុងយកចិត្តទុកដាក់លើបញ្ហានេះ ដោយលោកបានផ្អាកក្រុមជាងទាំងនោះហើយ។
លោកក៏បានសុំយោបល់ពីលោកអភិបាលខេត្ត ដើម្បីបង្កើតក្រុមគណះកម្មាការច្បាស់លាស់មួយ ដើម្បីគ្រប់គ្រងកញ្ចប់ ថវិកាពីសប្បុរសជន។
លោកថា ម្ចាស់គម្រោងដែលជាសប្បុរសជនគឺមិនមានថវិកាបន្តទេ និយាយជារួមគឺធ្វើតាមថវិការបស់សប្បុរសចូលរូមពេលពួកគេទៅទស្សនា។ តែពេលនេះលោកបានស្នើដល់លោកអភិបាលខេត្ត ដើម្បីឲ្យមានការបង្កើតជាគណះកម្មការមួយ តាមរយះអាជ្ញាធរស្រុកឲ្យបានច្បាស់លាស់ ក្នុងការទ្រទ្រង់ការសាងសង់បន្តឲ្យបានរួចរាល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ។
លោកគួសបញ្ជាក់ថា ដោយសារតែមើលឃើញ រមនីយដ្ឋានភ្នំសំពៅមានសក្តានុពលសម្បូរបែបផ្នែកទេសចរណ៍ ដែលកំពុងមានភាពទាក់ទាញនិងល្បីល្បាញ រដ្ឋបាលខេត្តបានឯកភាពជាមួយមន្ត្រីនៃមន្ទីរពាក់ព័ន្ធ នឹងបន្តសាងសង់រូបបដិមា បន្ថែមទៀត ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនា តាមរយះរមនីយដ្ឋានភ្នំសំពៅដ៏ល្បីល្បាញមួយនេះ។
លោកថា បច្ចុប្បន្នមានសប្បុរសធម៌មួយចំនួនកំពុងគាំទ្រគម្រោងនេះ ទើបលោកបង្កើតក្រុមគណះកម្មការច្បាស់លាស់មួយ ដើម្បីគ្រប់គ្រងរាល់ថវិកាពីសប្បុរសជន ក្នុងនោះលោកសំណូមពរដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់ ជួយទៅតាមសិទ្ធាជ្រះថ្លារៀងៗខ្លួ ទោះតិចច្រើនក្តី ដើម្បីទុកទុកមរតកប្រវត្តិសាស្ត្រ។
ចម្លាក់ដាប់ឆ្លាក់ជាប់ផ្ទាំងថ្មនៅលើជញ្ជាំងភ្នំសំពៅ ស្ថិតក្នុងទឹកដីខេត្តបាត់ដំបង ជាចម្លាក់អំពីពុទ្ធប្រវត្តិចាប់ពីទ្រង់ប្រសូត្រ ត្រាស់ដឹង និងចូលនិព្វាន របស់ព្រះពុទ្ធ ដែលពលរដ្ឋក្នុងមូលដ្ឋានបានអះអាងថា ចាប់ផ្តើមសាងសង់ស្ថាបនាឡើងក្នុងឆ្នាំ ២០០៣ រហូតដល់បច្ចុប្បន្ន ជាង ២០ ឆ្នាំ។

រូបបដិមាដ៏ធំនៅចំកណ្ដាលឆ្លាក់ជាព្រះពុទ្ធទ្រង់ត្រាស់ដឹងតាមការគ្រោងទុក ប៉ុន្តែជាងធ្វើចេញជារូបព្រះពុទ្ធផ្ចាញ់មារទៅវិញ។ ក្នុងនោះក៏មានចម្លាក់ ២ អមសងខាង ដោយចម្លាក់នៅខាងស្ដាំដៃ បង្ហាញពីទ្រង់ប្រសូត្រ និងខាងឆ្វេង ចម្លាក់រូបទ្រង់ចូលនិព្វាន។
បើតាមក្រុមជាង ការសាងសង់ស្ថាបនារូបព្រះពុទ្ធទាំង ៣ ផ្ទាំងនោះ ក្រោមការជួយជ្រមជ្រែងឧបត្ថម្ភថវិកាពីសប្បុរសជននានា ក្នុងនោះក៏មានលោកមហាឧបាសក តាំង ម៉េងហ៊ុន លោកជំទាវឧកញ៉ា ឌី ប្រឹម និងលោក សំ តាំហន។
ដោយសារខ្វះខាតថវិកាឧបត្ថម្ភពីសប្បុរសជនផង ដំណើរការចម្លាក់ថ្មភ្នំនេះក៏ត្រូវបានផ្អាកជាបណ្ដោះអាសន្នក្នុងឆ្នាំ ២០១០ អស់រយះពេល ០៨ ឆ្នាំ ទើបចាប់ផ្ដើមដំណើរការឡើងវិញក្នុងឆ្នាំ ២០១៨ ក្រោមគម្រោងឧបត្ថម្ភថវិកាទាំងស្រុងពីលោកឧបាសក តាំង ម៉េងហ៊ុន លោកជំទាវឧកញ៉ា ឌី ប្រឹម និង លោកសំ តាំហន តាមរយះការគៀងគរពីសប្បុរសជនក្នុងនិងក្រៅស្រុក។
តែមកដល់បច្ចុប្បន្នក៏ត្រូវបានប្រឈមថវិកាម្តងទៀត ទើបបង្កឲ្យមានការស្ថាបនាយឺតយ៉ាវបែបនេះ។
បើទោះបីយ៉ាងណា រមនីយដ្ឋានធម្មជាតិប្រវត្តិសាស្ត្រភ្នំសំពៅនៅតែទទួលបានភាពល្បីល្បាញនិងទាក់ទាញ ភ្ញៀវទេសចរ ក្នុងនិងក្រៅស្រុកមកទស្សនាច្រើន ផ្តើមចេញពីហ្វូងសត្វប្រចៀវដែលជាដើមចមនៃការទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិយ៉ាងផុសផុលឲ្យមកទស្សនារមនីយដ្ឋានមួយនេះ ដែលជាតំបន់ទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រនៅលើទឹកដីអាណាចក្រខេត្តបាត់ដំបង ៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?