ព័ត៌មានជាតិ
ក្រសួងបរិស្ថាន ជំរុញឱ្យយកចិត្តទុកដាក់លើការគ្រប់គ្រងសំរាមនៅទីប្រជុំជន ក្នុងខេត្តកោះកុង
មន្ត្រីជាន់ខ្ពស់ នៃគណៈកម្មាធិការរៀបចំ និងគ្រប់គ្រងទីលានដាក់សំរាមសំណល់រឹងទីប្រជុំជន នៃក្រសួងបរិស្ថាន បានទាមទារ និងជំរុញឱ្យអាជ្ញាធរក្រុង/ស្រុក បង្កើនការយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងកាកសំណល់សំរាមរឹងរាវនៅតាមទីប្រជុំជនក្នុងខេត្តកោះកុងឱ្យបានល្អប្រសើរ។

ការទាមទារឱ្យពង្រឹងយន្តការបែបនេះរបស់ លោក ឡេង គឹមស្រុង អគ្គលេខាធិការរង នៃគណៈកម្មាធិការរៀបចំ និងគ្រប់គ្រងទីលានដាក់សំរាមសំណល់រឹងទីប្រជុំជនរបស់ក្រសួងបរិស្ថាន ធ្វើឡើងក្នុងកិច្ចប្រជុំប្រជុំពិនិត្យវឌ្ឍនភាព នៃសេវាគ្រប់គ្រងសំរាមទីប្រជុំជន និងប្រសិទ្ធភាព នៃការអនុវត្តកញ្ចក់សេវាអនាម័យបរិស្ថានក្នុងខេត្តកោះកុង។
លោក ឡេង គឹមស្រុង បង្ហាញឱ្យដឹងនៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៤ នេះទៀតថា បញ្ហាវិបត្តិសំរាមរឹងរាវ ត្រូវបានគិតគូរខ្ពស់ពីក្រសួងបរិស្ថាន តាមរយៈដាក់ចេញលិខិតបទដ្ឋានគតិយុត្តិនានា ទម្លាក់កញ្ចក់ថវិកាអភិវឌ្ឍន៍លើសកម្មភាពគ្រប់គ្រងដោះស្រាយ កំណត់តម្លៃសេវាប្រមូលដឹកជញ្ជូន និងកៀរគរអ្នកវិនិយោគជាដើម។

លោក ឡេង គឹមស្រុង លើកឡើងដែររថា ដើម្បីការងារនេះសម្រេចបាន លុះត្រារដ្ឋបាលក្រុង/ស្រុកដាក់ចិត្តដាក់កាយសហការអនុវត្តរួមគ្នា ទើបអាចលើកកម្ពស់អនាម័យបរិស្ថានសោភ័ណភាពស្អាតល្អប្រសើរ និងបង្កើនការទាក់ទាញកំណើនអ្នកទេសចរមកលេងកម្សាន្តកាន់តែច្រើន។ ករណីមានភាពខ្វះខាតណាមួយ ក្រសួង នឹងបំពេញបន្ថែមទៀតដល់រដ្ឋបាលខេត្តក្រុងស្រុកថែមទៀត។
បច្ចុប្បន្ន ក្រុងខេមរភូមិន្ទ មានចំនួនប្រជាជនកាន់តែកើនឡើងពី ១ ឆ្នាំ ទៅ ១ ឆ្នាំ រីឯការគ្រប់គ្រងសំរាមរឹងរាវនៅមានកម្រិត ដែលជាសញ្ញាហានិភ័យផ្នែកទុកដាក់សំរាម ប្រសិនបើគ្មានយន្តការ ឬវិធីសាស្ត្រពិតប្រាកដនោះទេ ច្បាស់ណាស់ថា ការរស់នៅ និងសោភ័ណភាពទីសាធារណៈ កាន់តែហ៊ុមព័ទ្ធទៅដោយគំនរសំរាម។

ដោយឡែក លោក អន សុធារិទ្ឋ អភិបាលរងខេត្តកោះកុង ថ្លែងថា រដ្ឋបាលខេត្តក្រុង/ស្រុក សហការជាមួយក្រសួងបរិស្ថាន បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងកាកសំណល់សំរាមរឹងរាវគ្រប់ប្រភេទនៅទីប្រជុំជនរហូតដល់ស្រុក/ឃុំមួយចំនួនទៀតផងដែរ ចៀសវាងបង្កផលប៉ះពាល់មិនល្អដល់សុខភាពរស់នៅ ក៏ដូចជាលើកកម្ពស់សោភ័ណភាពទីក្រុងមានលក្ខណៈទាក់ទាញ។
លោកអភិបាលរងខេត្តកោះកុង រំលេចទៀតថា បច្ចុប្បន្នរដ្ឋបាលខេត្ត និងស្រុក មានដីបម្រុងទុកសម្រាប់ធ្វើទីលានចាក់សំរាមរួចរាល់ហើយ តាមការស្នើសុំកាត់ឆ្វៀលពីរដ្ឋាភិបាលកម្ពុជា ដោយបានចុះបញ្ជីដីទាំងនោះបានត្រឹមត្រូវ ដើម្បីបង្ការសកម្មភាពរំលោភបំពានពីនរណាម្នាក់។

លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង អះអាងថា មន្ទីរជំនាញ រដ្ឋបាលខេត្តកោះកុង និងរដ្ឋបាលក្រុង/ស្រុក មិនចង់សោះឡើយការផាកពិន័យដល់ម្ចាស់ផ្ទះ សណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុនសហគ្រាសនានាដែលចោលសំរាមនៅទីសាធារណៈ គ្មានរបៀបរៀបរយ បង្កឱ្យប៉ះពាល់ដល់សុខភាពរស់នៅ និងបរិស្ថានអនាម័យទីសាធារណៈ ដោយបន្តផ្សព្វផ្សាយអប់រំជាប្រចាំពីវិធីទុកដាក់សំរាមបានត្រឹមត្រូវ។
លោកប្រធានមន្ទីរបរិស្ថាន ក៏លើកទឹកចិត្តដល់អាជ្ញាធរស្រុកឃុំសង្កាត់ក្នុងខេត្តកោះកុង លើកជាគម្រោងស្នើសុំកញ្ចប់ថវិកាពីរដ្ឋាភិបាល ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងសំណល់សំរាមនៅក្នុងមូលដ្ឋានរបស់ខ្លួន ករណីមានតម្រូវការជាក់ស្ដែងថាពិតជាចង់បានទីលានចាក់សំរាម ក្រុមហ៊ុនដឹកជញ្ជូនប្រមូលសំរាម និងការចូលរួមបង់វិភាគទានថ្លៃសេវាជាដើម៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


