ព័ត៌មានជាតិ
អភិបាលខេត្តកែប ណែនាំជំនាញពាក់ព័ន្ធត្រៀមលក្ខណៈក្នុងការប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូលើវិស័យសុខាភិបាល
នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានអញ្ជើញចុះសួរសុខទុក្ខ មន្ត្រីបុគ្គលិកមណ្ឌលសុខភាពអង្កោល ហើយបានណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធ ជាពិសេសប្រធានអង្គភាពសាមុី ត្រូវត្រៀមលក្ខណៈអោយបានរួចរាល់ ដើម្បីចូលរួមប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូនាពេលខាងមុខ ដើម្បីឈានទៅទទួលបានជ័យលាភីពីថ្នាក់ដឹកនាំ។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានមានប្រសាសន៍ថា កន្លងទៅខេត្តកែបធ្លាប់ទទួលបាននូវជ័យលាភីជាបន្តបន្ទាប់ក្នុងការប្រឡងប្រណាំងផ្សេងៗទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ លើវិស័យសំខាន់ៗជាពិសេសនោះវិស័យទេសចរណ៍ ក្នុងការប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូ កាលពីពេលថ្មីៗកន្លងទៅសម្រាប់វិស័យសុខាភិបាល ខេត្តកែបក៏ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៥រួចម្តង ដើម្បីឈានទៅដណ្តើមយកចំណាត់ថ្នាក់អោយកាន់តែល្អបន្ថែមទៀតនោះ ប្រធានមន្ទីរសុខាភិបាល ដែលជាអង្គភាពសាមុី ត្រូវត្រៀមលក្ខណៈអោយបានរៀបរយ ក្នុងការឈានទៅសម្រេចអោយបាននូវលទ្ធផលល្អ លើវិស័យសុខាភិបាលនេះ។
ក្នុងដំណើរចុះពិនិត្យការត្រៀមលក្ខណៈសម្បត្តិ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល នៅមណ្ឌលសុខភាពអង្កោល លោកក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវបញ្ជ្រាប និងជំរុញការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌ ឱ្យមានការយល់ដឹងបន្ថែមទៀត ដើម្បីអោយពួកគាត់មកទទួលការប្រើប្រាស់សេវាសុខភាពនៅតាមមណ្ឌលសុខភាពនៅទូទាំងខេត្តកែប។

លោក ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាល ឱសថការី នៃរដ្ឋបាលខេត្តកែប បានអោយដឹងដែរថា យើងដាក់មន្ទីរពេទ្យខេត្តកែប ជាបេក្ខភាពក្នុងការប្រឡងប្រណាំង ជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៤។ ដោយឡែកយើងក៏បានត្រៀមលក្ខណៈ ដាក់មណ្ឌលសុខភាពចំនួន២ គឺមណ្ឌលសុខភាពអង្កោល ស្ថិតនៅស្រុកដំណាក់ចង្អើរ និងមណ្ឌលសុខភាពព្រៃធំ ស្ថិតនៅក្រុងកែប ខេត្តកែប សម្រាប់ការប្រឡងប្រណាំងនាឆ្នាំបន្ទាប់។

សូមបញ្ជាក់ថា ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ធ្វើឡើងក្នុងវិស័យចំនួន២គឺ វិស័យអប់រំ និងវិស័យសុខាភិបាល ដែលនេះគឺជាគំនិតផ្តួចផ្តើមរួមគ្នារបស់ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈអោយកាន់តែល្អជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការផ្តល់ការលើកទឹកចិត្តដោយមានការទទួលស្គាល់ពីរាជរដ្ឋាភិបាល និងការផ្តល់រង្វាន់លើកទឹកចិត្តជាថវិកា៕
អត្ថបទ៖ សឹង រ៉ាត់



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


