ព័ត៌មានជាតិ
សិប្បកម្មមួយនៅខណ្ឌឫស្សីកែវ ជោគជ័យសាកល្បងនាំចេញត្រីកែច្នៃទៅលក់នៅប្រទេសនូវែលហ្សេឡង់ និងកូរ៉េ
បើតាមអ្នកស្រី ឡឹប ម៉ារី ម្ចាស់សិប្បកម្មកែច្នៃត្រី យូនីកា ដែលមានទីតាំងនៅខណ្ឌឫស្សីកែវរាជធានីភ្នំពេញបានឲ្យដឹងថា ក្រោយពង្រីកទីផ្សារលក់ក្នុងស្រុក សិប្បកម្មកំពុងសាកល្បងនាំចេញត្រីកែច្នៃទៅលក់នៅប្រទេសនូវែលហ្សេឡង់ និងប្រទេសកូរ៉េបន្ថែមទៀត។

អ្នកស្រី ឡឹប ម៉ារី ម្ចាស់សិប្បកម្មកែច្នៃត្រី យូនីកា
ការនាំចេញសាកល្បងនេះ មានចំនួនតិចតួច។ នេះបើតាមអ្នកស្រី ឡឹប ម៉ារី។ ប៉ុន្តែជាការបោះជំហានត្រួសត្រាយផ្លូវក្នុងការពង្រីកទីផ្សារនៅក្រៅប្រទេស សម្រាប់ផលិតផលជលផលក្នុងស្រុក ដែលអាចបំពេញស្តង់ដារសុវត្ថិភាពចំណីអាហារឆ្លើយតបលក្ខខណ្ឌតម្រូវការអតិថិជនក្រៅស្រុក។
ទន្ទឹមសិប្បកម្មកំពុងសាកល្បងជោគជ័យ នាំផលិតផលជលផលទៅទីផ្សារប្រទេសកូរ៉េ និងនូវ៉ែលសេឡង់ ក៏កំពុងបោះជំហានបន្តទៅកាន់ទីផ្សារក្រៅស្រុកផ្សេងទៀត។
អ្នកស្រី ឡឹប ម៉ារី បន្ថែមថា ដោយសារកំណើនការលក់ អាជីវកម្មបានហក់ស្ទុះឡើង សិប្បកម្មកំពុងផ្គត់ផ្គង់ផលិតផលជលផលទៅកាន់ទីផ្សារក្នុងស្រុកចំនួន ២០ នៅក្នុងឆ្នាំ ២០២៣ បើប្រៀបធៀបឆ្នាំ២០២១ ដែលមានត្រឹមតែ ១២ ទីផ្សារ។ ការលក់ក៏កើនឡើង ៣០% នៅក្នុងឆ្នាំ២០២៣។
ចុងឆ្នាំ ២០២៣ សិប្បកម្មបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ផលិតផលចូលផ្សារម៉ាក្រូ និងបានចាប់ផ្តើមចចារជាមួយផ្សារទំនើបឡាក់ឃី និងអីអន ដែលរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងឆ្នាំ២០២៤។ អ្នកស្រីឡឹប មារី បញ្ជាក់បន្ថែម។


ទាក់ទងទៅដំណើរការសិប្បកម្ម អ្នកស្រី ឡឹប ម៉ារី បានឲ្យដឹងថា បានចាប់ផ្ដើមដំណើរការនៅឆ្នាំ ២០១៤ ដោយផ្តោតទៅលើការកែច្នៃត្រី ដោយសហការជាមួយសហគមន៍កសិកម្ម និងក្រុមអ្នកកែច្នៃផលិតផលជលផលជាច្រើនទៀតមកពីបណ្តាខេត្តជាប់បឹងទន្លេសាប រួមទាំងបណ្តាខេត្តជាប់តំបន់ឆ្នេរមានខេត្តកំពត ព្រះសីហនុ និងកោះកុងជាដើម។
បើតាមអ្នកស្រី ឡឹប ម៉ារី ត្រីជាអាហារផ្តល់សារធាតុចិញ្ចឹមខ្ពស់ ហើយពលរដ្ឋកម្ពុជាចូលចិត្តទទួលទានត្រី ប៉ុន្តែការកែច្នៃនៅមានតិចតួចនៅឡើយ។
ដោយមើលឃើញចន្លោះប្រហោងនេះ ទើបសិប្បកម្មអ្នកស្រីបានបង្កើតឡើង។ យ៉ាងណាមិញក្នុងដំណើរការអភិវឌ្ឍលូតលាស់ទៅមុខ អ្នកស្រីក៏លើកពីការចូលរួមតាមរយៈគម្រោងអភិវឌ្ឍជលផលក្រោយប្រមូលផល CAPFISH-Capture របស់អង្គការ UNIDO ដែលផ្តល់ការគាំទ្រទាំងបច្ចេកទេស ការបណ្ដុះបណ្ដាលស្ដីពីតម្រូវការ និងអនុលោមភាពសុវត្ថិភាពម្ហូបអាហារ និងវិញ្ញាបនប័ត្រគុណភាពផលិតផល ការគ្រប់គ្រងបរិស្ថាននិងសង្គម និងផែនការអភិវឌ្ឍន៍អាជីវកម្មនិងទីផ្សារ។


អ្នកស្រីថា គម្រោង CAPFISH-Capture ជាច្រកមួយដែលសិប្បកម្មអាចពង្រីកអាជីវកម្មបានដោយជោគជ័យ ដោយកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូចនិងមធ្យមនេះ មានគោលដៅរួមចំណែកអភិវឌ្ឍន៍វិស័យជលផលក្រោយប្រមូលផលនៅកម្ពុជា។
តាមរយៈការកែលម្អបរិក្ខារ និងទទួលបានវិញ្ញាបនប័ត្រនិមិត្តសញ្ញាគុណភាពផលផលិតផលជលផលកម្ពុជា (CQS) ថែមទៀតនោះ អ្នកស្រី ឡឹប មារី ជឿជាក់ថា ផលិតផលជលផលរបស់សិប្បកម្មនឹងទទួលបានការជឿទុកចិត្តពីអតិថិជនកាន់តែច្រើនឡើងៗទាំងក្នុងស្រុកនិងក្រៅស្រុក៕

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


