ព័ត៌មានជាតិ
ប្រជាសហគមន៍ខេត្តកោះកុង កែច្នៃផលិតផលនេសាទបានជិត ១ ពាន់តោន ពាក់កណ្ដាលឆ្នាំនេះ
នាយខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង បង្ហាញថា ឆមាសទី ១ ឆ្នាំ ២០២៤ នេះ ប្រជាសហគមន៍នីមួយៗ បានកែច្នៃផលិតផលនេសាទរបស់ខ្លួនសម្រាប់ដឹកជញ្ជូនលក់ចេញទៅកាន់ទីផ្សារជិត ១.០០០ តោន។

ឆមាសទី ១ ឆ្នាំ ២០២៤ ក្រុមប្រជាសហគមន៍នេសាទក្នុងខេត្តកោះកុង បានកែច្នៃផលិតផលជលផលបានចំនួន ៩៨៤ តោន និងផលិតទឹកត្រីបានចំនួន ១៥.០០០ លីត្រ បន្ទាប់ពីការប្រមូលផលនេសាទស្រស់ៗ លើផ្ទៃសមុទ្រ។ នេះបើតាមការបញ្ជាក់របស់លោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង។
លោក សេង ប៊ុណ្ណា បន្តថា ចំពោះសកម្មភាពការប្រមូលទិន្នផលនេសាទសមុទ្រសរុបវិញ គឺសម្រេចបាន ២៤.២៤១ តោន បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំទៅ ថយចុះបន្តិចបន្តួចប៉ុណ្ណោះ។ ក្នុងនោះមានផលនេសាទប្រៃចំនួន ២៤.២១៨ តោន ជលផលទឹកសាបចំនួន ២៣ តោន និងសិប្បកម្មចំនួន ២១.៤៨២ តោន។

តាមការវាយតម្លៃរបស់លោកនាយខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង ទិន្នផលសមុទ្រដែលប្រមូលបានច្រើនជាងគេឆ្នាំនេះ គឺគ្រែងឈាម នៅស្រុកបូទូមសាគរ និងខ្យងចំពុះទា នៅស្រុកមណ្ឌលសីមា។ ក្រៅពីនេះ មានត្រី មឹក ក្តាម និងបង្គា។ ទិន្នផលនេសាទប្រមូលបាននាំចេញទៅលក់ទៅរាជធានីខេត្តក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាង។
ដើម្បីរួមគ្នារក្សាបានធនធានជលផលសមុទ្របានគង់វង្សយូរអង្វែងទៅអនាគត លោក សេង បុណ្ណា ក៏ស្នើសុំយ៉ាងទទូចដល់ប្រជានេសាទ ឬអ្នកធ្វើអាជីវកម្មនេសាទមធ្យម ឬធំៗ ទាំងអស់ កុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដែលបំផ្លាញដល់ធនធានជលផលក្នុងសមុទ្រ ពិសេសងាយប្រឈមទោសទណ្ឌចំពោះមុខច្បាប់។ កន្លងទៅ ក៏មានដែលមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ផ្សព្វផ្សាយអប់រំយល់ដឹងអំពីសារៈសំខាន់ នៃការពារអភិរក្សធនធានជលផលទៅដល់ប្រជាសហគមន៍។

ពាក់កណ្ដាលឆ្នាំ ២០២៤ នេះ មានធនាគារក្តាមសេះចំនួន ៦ កន្លែង ស្មើនឹង ១១ បែរ ដាក់មេក្តាមពងក្នុងធនាគារចំនួន ១៧៨ ក្បាល និងមានការស្នើសុំធ្វើអាជីវកម្ម និងការចេញលិខិតអនុញ្ញាតដល់អាជីវករជិត ១០០ អាជ្ញាប័ណ្ណ។ លែងសត្វផ្សោត ល្មិច សត្វក្រាស់ និងអណ្ដើកចំនួន ២៣៦ ក្បាល។
មន្ត្រីរដ្ឋបាលខណ្ឌជលផលខេត្តកោះកុង បង្ក្រាបបទល្មើសនេសាទបានសរុបចំនួន ២០ ករណី ដោយឃាត់ទូកនេសាទអួនអូស ៩ គ្រឿង ដកហូតឈ្នាងស្បៃម៉ុង លបកន្ទុយកណ្តុរចំនួន ៧០៩ ខ្សែ ប្រវែង ៥ ពាន់ម៉ែត្រ ស្មើ ១០ ករណី និងឃាត់សកម្មភាពដឹកជញ្ជូនផលិតផលនេសាទគ្មានលិខិតអនុញ្ញាតចំនួន ២ គ្រឿង ពិន័យអន្តរការណ៍ចំនួន ២ លាន ៥ សែនរៀល៕
អត្ថបទ ៖ សិរីវឌ្ឍៈ







-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


