ព័ត៌មានជាតិ
គិតត្រឹមថ្ងៃទី ០១ វិច្ឆិកា មានការងារជិត ៤ ម៉ឺន ៥ ពាន់កន្លែង កំពុងរង់ចាំយុវជនស្វែងរកការងារធ្វើ
គិតត្រឹមថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ មានការងារចំនួន ៤៤ ៩៣៥ កន្លែង កំពុងរង់ចាំយុវជនដែលកំពុងស្វែងរកការងារធ្វើ ក្នុងនោះមានទាំងវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។

បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ការងារចំនួន ៤៤ ៩៣៥ កន្លែង ក្នុងនោះ វិស័យឧស្សាហកម្មមានចំនួន ៣២ ១៥៥ កន្លែង វិស័យសេវាកម្មមានចំនួន ៣ ០៧៦ កន្លែង និងវិស័យកសិកម្មមានចំនួន ៩ ៧០៤ កន្លែង។
ក្នុងនោះ នៅខេត្តរតនគីរី មានតម្រូវការផ្នែកកសិកម្មចំនួន ៤ ៣៤០ កន្លែង ខេត្តកំពង់ស្ពឺ មានតម្រូវការកម្លាំងពលកម្មផ្នែកឧស្សាហកម្ម ៦ ១៥២ កន្លែង។ ខេត្តកំពង់ឆ្នាំងមានតម្រូវការផ្នែកឧស្សាហកម្ម ១០ ២០០ កន្លែង។ រាជធានីភ្នំពេញមាន ៧ ៣៤១ កន្លែង ក្នុងនោះផ្នែកឧស្សាហកម្ម ៥ ៧៧៥ កន្លែង និងផ្នែកសេវាកម្ម ១ ៥៦៦ កន្លែង។ ខេត្តស្វាយរៀងមានចំនួន ៣ ៦៨៣ កន្លែង ក្នុងនោះវិស័យឧស្សាហកម្មមាន ៣ ៥៩៤ កន្លែង និងសេវាកម្ម ៨៩ កន្លែង។ ខេត្តកណ្តាលមានតម្រូវការកម្លាំងពលកម្ម ៤ ២៣៨ កន្លែង ក្នុងនោះផ្នែកឧស្សាហកម្ម ៤ ១៩៦ កន្លែង និងផ្នែកសេវាកម្ម ៤២ កន្លែង។ ខេត្តបន្ទាយមានជ័យមាន ៩២៧ កន្លែង ក្នុងនោះវិស័យឧស្សាហកម្ម ៤៧២ កន្លែង និងសេវាកម្ម ៤៥៥ កន្លែង។

ខេត្តក្រចេះមាន ៣ ០៤៧ កន្លែង ក្នុងនោះវិស័យសេវាកម្ម ៧ កន្លែង និងកសិកម្ម ៣ ០៤០ កន្លែង។ ខេត្តស្ទឹងត្រែងមានតម្រូវការ ២ ៣១៦ កន្លែង ក្នុងនោះផ្នែកសេវាកម្ម ១៦ កន្លែង និងកសិកម្ម ២ ៣០០ កន្លែង។ ខេត្តកំពង់ចាមមាន ៧៨៧ កន្លែង ក្នុងនោះវិស័យឧស្សាហកម្មមាន ៧៥៤ កន្លែង និងសេវាកម្ម ៣៣ កន្លែង និងខេត្តផ្សេងៗ មាន ១ ៩០៤ កន្លែង ក្នុងនោះឧស្សាហកម្មមាន ១ ០១២ កន្លែង សេវាកម្ម ៨៦៨ កន្លែង និងកសិកម្ម ២៤ កន្លែង។
ក្រសួងការងារ បានបន្តទៀតថា កម្លាំងពលកម្មជិត ៤ ម៉ឺន ៥ ពាន់កន្លែង នឹងត្រូវបែងចែកទៅតាមប្រភេទមុខរបរចំនួន ១០ រួមមាន អ្នកបញ្ជាម៉ាស៊ីនដេរចំនួន ២៧ ១៥១ កន្លែង កម្មករចម្ការដំណាំចំនួន ៨ ៩២០ កន្លែង កម្មករក្នុងផលិតកម្មចំនួន ១ ០៩៥ កន្លែង អ្នកត្រួតពិនិត្យដំណើរការផលិតលោហធាតុ ១ ២០០ កន្លែង កម្មករខ្ចប់វេចដោយដៃ ២៥២ កន្លែង អ្នកធ្វើស្បែកជើង និងអ្នកធ្វើការពាក់ព័ន្ធ ៩៣០ កន្លែង មន្ត្រីឥណទាន និងកម្ចីប្រាក់ ៨២០ កន្លែង អ្នកបញ្ជាម៉ាស៊ីនកន្លែងផលិតផលិតផលធ្វើពីក្រណាត់ និងរោមសត្វ ៥០០ កន្លែង យន្តការី និងអ្នកដំឡើងអគ្គិសនី ២៩១ កន្លែង បុគ្គលិកផ្នែកកត់ត្រាស្ថិតិហិរញ្ញវត្ថុ និងធានារ៉ាប់រង ២៨៩ កន្លែង និងមុខរបរផ្សេងៗ ៣ ៤៨៧ កន្លែង។

ក្រសួង បានណែនាំដល់យុវជន សិស្ស និស្សិត មេត្តាទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ ១២៩៧ ឬ ១២៨៦ ឬ តេលេក្រាម និង CoolApp លេខ ០៧៧ ២៣ ២៣ ៧៨ ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ស្វែងរកឱកាសការងារធ្វើនៅក្នុងស្រុក ជៀសវាងទៅធ្វើការដោយខុសច្បាប់នៅក្រៅប្រទេសតាមរយៈមេខ្យល់នាំឱ្យបាត់បង់អត្ថប្រយោជន៍ ឬមានការរំលោភបំពានផ្លូវច្បាប់ ពិសេសប្រឈមនឹងការចាប់ខ្លួនពីសំណាក់អាជ្ញាធរបរទេសទៀតផង។

លោកបានបន្តថា ការស្វែងរកការងារធ្វើនៅក្នុងស្រុកពុំមានការលំបាកនោះទេ ពីព្រោះឱកាសការងារនៅក្នុងស្រុកត្រូវបានប្រកាសជារៀងរាល់សប្ដាហ៍ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទាំងនៅលើបណ្ដាញសង្គម និងតាមរោងចក្រ សហគ្រាស ក៏ដូចជានៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋដោយផ្ទាល់តែម្ដង ដែលការងារទាំងនោះទទួលបានអត្ថប្រយោជន៍ច្រើនដូចទៅនឹងបណ្ដាប្រទេសជិតខាងផងដែរដូចជា ទទួលបានប្រាក់ឈ្នួលសមរម្យបើធៀបជាមួយបណ្ដាប្រទេសជិតខាងមួយចំនួននាពេលបច្ចុប្បន្ន,កន្លែងការងារនៅក្បែរផ្ទះ និងការចំណាយទាប អាចឱ្យប្រជាពលរដ្ឋសន្សំសំចៃបានច្រើន៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?