ព័ត៌មានជាតិ
ផ្លូវទៅកំពង់ភ្លុក តំបន់ទេសចរណ៍មាត់បឹងទន្លេសាប គ្រោងបញ្ចប់នៅចុងរដូវប្រាំង ខណៈសម្រេចសាងសង់បានជិត ៤០%
បើតាមការគូសបញ្ជាក់ពីអភិបាលស្រុកប្រាសាទបាគងបានឲ្យកម្ពុជាថ្មីដឹងថា ផ្លូវទៅកំពង់ភ្លុកដែលជាតំបន់សក្ដានុពលទេសចរដ៏ទាក់ទាញនៅបឹងទន្លេសាប នឹងប្រែក្លាយពីផ្លូវដីតូចចង្អៀតទៅជាផ្លូវកៅស៊ូឆាប់ៗខាងមុខនេះ ខណៈដែលកងវិស្វកម្មកំពុងតែសម្រុកស្ថាបនាឲ្យរួចរាល់នៅចុងរដូវប្រាំងនេះ។
លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ខេត្តសៀមរាបបានឲ្យកម្ពុជាថ្មីដឹងថា ផ្លូវទៅកំពង់ភ្លុកមានប្រវែងសរុបជាង ១៥ គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ ៦ ដោយឆ្លងកាត់ឃុំចំនួន ៣ មានឃុំរលួស ឃុំមានជ័យ រហូតដល់ឃុំកំពង់ភ្លុកជាប់មាត់បឹងទន្លេសាប។

លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង
កន្លងទៅផ្លូវនេះមួយកំណាត់ជាផ្លូវបេតុង ដែលបានសាងសង់បានប្រវែងជាង ២ គីឡូម៉ែត្រចេញពីផ្លូវជាតិលេខ ៦ ខណៈកំណាត់ផ្លូវនៅសល់ជាផ្លូវដី ដែលខែប្រាំងហ៊ុយពិបាកធ្វើដំណើរ និងខែវស្សារងការជន់លិចថែមទៀត។
ខណៈចុះទស្សនកិច្ចនិងជួបសំណេះសំណាលជាមួយពលរដ្ឋនៅសហគមន៍កំពង់ភ្លុក លោក សូរ ប្លាតុង បានបញ្ជាក់ថាសម្ដេចធិបតី បានបញ្ជាឲ្យកងវិស្វកម្មសាងសង់ផ្លូវបន្តប្រវែងជាង ៨ គីឡូម៉ែត្រទៀត ដោយពង្រីកទទឹង ៨ ម៉ែត្រ ចាប់ពីឃុំមានជ័យរហូតដល់ឃុំកំពង់ភ្លុកជាប់មាត់បឹងទន្លេសាបជាផ្លូវកៅស៊ូ។

តាមរយៈការស្ថាបនាផ្លូវនេះ បើតាមអភិបាលស្រុក នឹងផ្តល់ប្រយោជន៍ជាច្រើនសម្រាប់ពលរដ្ឋក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលផ្សេងៗ ជាពិសេសក៏សម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរមកកម្សាន្តនៅសហគមន៍កំពង់ភ្លុក ដែលជាតំបន់គោលដៅទេសចរណ៍ដ៏ល្បីទាក់ទាញមួយនៅខេត្តសៀមរាប ហើយក៏នឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរ ដោយសាររំពឹងថានឹងទទួលភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើន នៅពេលមានផ្លូវល្អស្អាតងាយស្រួលធ្វើដំណើរ។
ក្រោយចូលរួមកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតឱកាសចុះមកពិនិត្យស្ថានភាព និងទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ក្នុងដំណើរចុះ និងជួបសំណេះសំណាលជាមួយសហគមន៍ ដែលជាអ្នកប្រកបរបរបើកបរកាណូត និងបម្រើសេវាជូនអ្នកទេសចរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលបានសំណូមពរមួយចំនួន ហើយសម្តេចក៏សម្រេចផ្តល់ជាដំណោះស្រាយជូនសហគមន៍ដូចជា៖
១. សម្រេចឲ្យកសាងផ្លូវកៅស៊ូបន្តប្រវែង ៨ គីឡូម៉ែត្រ លើផ្លូវក្រាលគ្រួសក្រហមដែលមានស្រាប់ ដើម្បីផ្តល់ភាពងាយស្រួល ដល់ពលរដ្ឋនិងទេសចរមកកម្សាន្ត។
២. កសាងបញ្ជរលក់សំបុត្រថ្មីដល់សហគមន៍។
៣. ផ្តល់បន្ថែមនូវធុងសំរាមក្នុងសហគមន៍ ដើម្បីថែរក្សាអនាម័យ និងបរិស្ថាននៅក្នុងតំបន់។
ជាមួយការឆ្លើយតបតាមសំណូមរបស់ពលរដ្ឋក្នុងសហគមន៍ សម្ដេចនាយករដ្ឋមន្ដ្រី ក៏សម្តែងការកោតសរសើរចំពោះប្រជាពលរដ្ឋនៅសហគមន៍កំពង់ភ្លុក ដែលបានរួមគ្នាចងក្រងជាសហគមន៍ ដើម្បីផ្តល់ជូនសេវាកម្មដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសក៏រួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ និងបង្កើតផលិតផលទេសចរណ៍បន្ថែមនៅក្នុងខេត្តសៀមរាប៕
បន្តចុចអាន៖ ឃុំកំពង់ភ្លុក ជាតំបន់ទេសចរណ៍មួយ ដែលធ្វើឲ្យពលរដ្ឋនៅទីនោះបង្កើតមុខរបរថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


