ព័ត៌មានជាតិ
ឃុំកំពង់ភ្លុក ជាតំបន់ទេសចរណ៍មួយ ដែលធ្វើឲ្យពលរដ្ឋនៅទីនោះបង្កើតមុខរបរថ្មី
ឃុំកំពង់ភ្លុក គឺជាឃុំមួយនៅជាប់នឹងមាត់បឹងទន្លេសាប ដែលមានព្រៃលិចទឹករាប់រយហិកតា លាតសន្ធឹងពណ៌ខៀវស្រងាត់ គួរជាទីគយគន់ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទៅទស្សនាម្តងហើយ ចង់ទៅម្តងទៀត។ហេតុដូច្នេះទើបធ្វើឲ្យពលរដ្ឋនៅក្នុងឃុំនេះ មានជីវភាពសមរម្យ និងមិនអាចបោះបង់មុខរបរដែលបន្សល់ទុកពីដូនតានោះឡើយ។
នាពេលថ្មីៗនេះ កម្ពុជាថ្មី បានជួបសម្ភាសន៍ជាមួយអាជ្ញាធរឃុំកំពង់ភ្លុក នៃស្រុកប្រាសាទបាគង ដើម្បីស្វែងយល់ពីការរស់នៅរបស់ពលរដ្ឋនៅតំបន់នោះ ក្នុងគ្រាដែលមានជំងឺកូវីដ-១៩ ចូលមកដល់ផងដែរ។

លោក សុខ ប្លង់ មេឃុំកំពង់ភ្លុក មានប្រសាសន៍ឲ្យដឹងថា ឃុំកំពង់ភ្លុក ស្ថិតនៅទិសខាងកើត ទីប្រជុំជនខេត្តសៀមរាប បើធ្វើដំណើរតាមផ្លូវជាតិលេខ៦ មកដល់ជិតអធិការដ្ឋាននគរបាល ស្រុកប្រាសាទបាគង មានចម្ងាយ១៥គីឡូម៉ែត្រ បត់ស្តាំតាមផ្លូវកៅស៊ូ មានចម្ងាយ១៦គីឡូម៉ែត្រ ។ កំពង់ភ្លុក ជាឃុំមួយក្នុងចំណោមឃុំទាំង៩ របស់ស្រុកប្រាសាទបាគងខេត្តសៀមរាប ។ ភូមិសាស្ត្រ នៃឃុំនេះ មានផ្ទៃដីសរុប១២៣២៩គីឡូម៉ែត្រក្រឡា) ក្នុងនោះ ផៃ្ទដីសាងសង់លំនៅដ្ឋានចំនួន១២០ហិកតា ដីព្រៃ ៦៥១ហិកតា ដីផ្សេងៗ៥៦៩០ហិកតា។ ឃុំនេះមិនមានដីបង្កបង្កើនផលទេ ព្រោះជាតំបន់បឹងទន្លេសាប។
ប្រជាពលរដ្ឋទូទាំងឃុំ ប្រកបរបរនេសាទ ចំនួន៦៥%,ដឹកភ្ញៀវទេសចរកម្សាន្តនៅតំបន់ព្រៃលិចទឹក ដែលជាតំបន់អេកូទេសចរណ៍ធម្មជាតិ៣០% និង៥% ទៀត ជាអ្នកលក់ដូរនិងជាជាងឈើ។ អ្វីដែលគួរឲ្យកត់សម្គាល់គឺ ការប្រកបរបរនេសាទពេលខ្លះ ក៏ទទួលបានផល តែពេលខ្លះទៀតមិនទទួលបានផលទេ។ ឯការប្រកបរបរកសិកម្មវិញ គឺប្រជាជនពុំមានដីកសិកម្មឡើយ ព្រោះដីក្នុងភូមិសាស្ត្រឃុំនេះលិចទឹកទាំងអស់នៅរដូវវស្សា និងរដូវប្រាំងវិញ ក៏មានសេសសល់ដីទួលបន្តិចបន្តួចប៉ុណ្ណោះ ។ ប៉ុន្តែកំពង់ភ្លុក មានសក្តានុពលផ្នែកទេសចរណ៍ ដែលបច្ចុប្បន្នមាន ភ្ញៀវទេសចរជាតិ បាននាំគ្នាមកកម្សាន្ត ធ្វើឲ្យប្រជាជនបង្កើតបានមុខរបរថ្មីមួយ ដែលផ្តល់ប្រយោជន៍ដ៏សំខាន់ គឺការប្រើប្រាស់កាណូត និងអុំទូកដឹកភ្ញៀវទេសចរកម្សាន្តបន្ថែម លើមុខរបរនេសាទត្រី។ឃុំនេះមាន៣ភូមិ គឺភូមិត្នោតកំបុត ភូមិដីក្រហម និងភូមិគោកក្តុល ។

ឃុំកំពង់ភ្លុក មានព្រំប្រទល់ខាងកើតទល់នឹងឃុំដានរុន ស្រុកសូទ្រនិគម, ខាងលិចទល់នឹងឃុំ កណែក្ត ខាងជើងទល់នឹងឃុំមានជ័យ ខាងត្បូងទល់នឹងបឹងទន្លេសាប ។ ឃុំកំពង់ភ្លុក ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៩ គ្រានោះ ស្ថិតនៅក្នុងក្របខ័ណ្ឌរដ្ឋបាលស្រុកសូទ្រនិគម ហើយកាត់ចូលមកស្រុកសៀមរាប ក្រោយមកក៏កាត់មកស្រុកប្រាសាទបាគង។ ឃុំនេះផ្ទៃដីទាំងអស់ជាដីព្រៃលិចទឹក ជាប់មាត់បឹងទន្លេសាបដែលមានទេសភាពគួរជាទីទាក់ទាញ។ ប្រជាពលរដ្ឋក្នុងឃុំនេះ ភាគច្រើនលើសលប់ជាអ្នកភូមិដើមកំណើតនៅទីនេះតែម្តង ដោយមិនសូវមានអ្នកចំណូលថ្មីនោះឡើយ។ គិតត្រឹមឆ្នាំ ២០១៩-២០២០ ឃុំមានពលរដ្ឋចំនួន៨៦៧គ្រួសារ ស្មើនឹងមនុស្សចំនួន ៣៦៨០ នាក់(ស្រី១៨៦៥នាក់) ។ ពលរដ្ឋចំណាកស្រុក ទៅធ្វើការក្នុងប្រទេស០,០៣%។ មកដល់ពេលនេះ ផ្ទះដែលមានអគ្គិសនីប្រើប្រាស់ជិត៩០ភាគរយ។

លោកបន្តថា ប្រជាពលរដ្ឋមានស្មារតីឧស្សាហ៍ព្យាយាម ហើយជឿជាក់លើរដ្ឋអំណាច, មានមាគ៌ាដឹកនាំត្រឹមត្រូវរបស់បក្ស និងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានមន្ត្រីថ្នាក់ដឹកនាំមន្ត្រីក្រុមការងារចុះជួយមូលដ្ឋានស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ។
លោកមេឃុំ បានអធិប្បាយដោយចង្អុលទៅលើតារាងតួលេខមួយផ្ទាំងថា វិស័យទេសចរណ៍គឺជាគោលដៅសំខាន់បំផុតសម្រាប់ការអភិវឌ្ឍឃុំ។ ពិសេសការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចតេជោ ហ៊ុន សែន ដែលលោកតែងរំលឹកដល់ពលរដ្ឋ និងអាជ្ញាធរជាញឹកញាប់ ។ប៉ុន្តែនៅដើមឆ្នាំ២០២០ ដល់ឆ្នាំ២០២១នេះ ពលរដ្ឋបាននៅឃុំកំពង់ភ្លុក និងពលរដ្ឋសកលលោកបានទទួលរងទុក្ខយ៉ាងធ្ងន់ធ្ងរនោះគឺ ជំងឺរាតត្បាតដ៏សាហាវកូវីដ-១៩ ធ្វើឲ្យវិស័យផ្សេងៗមួយចំនួនក្នុងឃុំត្រូវចុះថយ។
លោកមេឃុំ បានបន្តថា តំបន់ដែលគោក ឬក៏លិចទឹក ក្នុងរយៈពេលខ្លី ពីមុនគឺផ្លូវពិបាកធ្វើដំណើរណាស់ តែបច្ចុប្បន្នត្រូវបានកសាង និងជួសជុលជាបណ្តើរៗបានប្រែក្លាយពីផ្លូវក្រាលដី ស ទៅក្រាលគ្រួសក្រហម និងឈានទៅចាក់បេតុងប្រវែង៤៣០ម៉ែត្រ ដែលជាថវិកាមូលនិធិឃុំ ចំណាយអស់១៧៩លានរៀល។

ទន្ទឹមនឹងទទួលបានការស្ថាបនាកែលំអផ្លូវថ្មីៗ ក៏មានផ្លូវលំមួយចំនួនបានខូចខាតទៅវិញ ។លោកមេឃុំបានរំលឹកផងដែរថា ឃុំបានទំនាក់ទំនង និងធ្វើកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន (ក្រុមហ៊ុនអាជីវករពាណិជ្ជករសេវាករ)ដើម្បីទៅបង្កើតមុខរបររកស៊ី និងជួយលើកទឹកចិត្តពលរដ្ឋឲ្យចូលរួម។ បច្ចុប្បន្នឃុំ កំពុងសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល ជួយលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងអរូបវ័ន្តដើម្បី ជំរុញលើកកម្ពស់ជីវភាពពលរដ្ឋនិងសេដ្ឋកិច្ចមូលដ្ឋានក្នុងនោះមានអង្គការរ៉ាឆា(RACHA), អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ជាដើម ។

បន្ទាប់ពីលោក មេឃុំកំពង់ភ្លុក រាយការណ៍ពីប្រវត្តិ និងស្ថានភាពសកម្មភាពផ្សេងៗក្នុងឃុំរួចមកលោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានមានប្រសាសន៍ស្រដៀងគ្នាជាមួយលោកមេឃុំដែរ។ ប៉ុន្តែលោកអភិបាលស្រុកសង្កត់ធ្ងន់ថា នៅក្នុងស្រុកប្រាសាទបាគង មានពលរដ្ឋជាច្រើនគ្រួសារងាកមករករបរដាំដុះបន្លែបង្កា,ធ្វើស្រែចម្ការ និងចិញ្ចឹមត្រី កង្កែប ជាដើម ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ខណៈជំងឺរាតត្បាតកូវីដ-១៩ បានចូលមកដល់។លោកបន្តថា ដោយប្រការនេះហើយធ្វើឲ្យពលរដ្ឋមួយចំនួនមានជីវភាពប្រចាំថ្ងៃជាធម្មតា និងខ្វះខាតតិចតួច។ទោះជាយ៉ាងនេះក្តីក្នុងនាម លោកជាថ្នាក់ដឹកនាំម្នាក់ លោកតែងតែខ្នះខ្នែងស្វែងរកជំនួយសប្បុរសធម៌ ដើម្បីជួយជ្រោមជ្រែងពលរដ្ឋដែលខ្វះខាត និងជាពិសេសណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកផ្សព្វផ្សាយ ឲ្យពលរដ្ឋបានយល់ដឹងពីវិធីការពារជំងឺកូវីដ-១៩នេះជាប្រចាំផងដែរ។

ជាមួយគ្នានេះដែរ អ្នករស់នៅក្នុងខេត្តសៀមរាប ភាគច្រើនសុទ្ធសឹងតែបានដឹងថា ពលរដ្ឋនិងសហគមន៍កំពុងភ្លុក ព្រមទាំងអាជ្ញាធរដែនដី បាននាំគ្នាអភិរក្សព្រៃលិចទឹក និងត្រីបាននៅគង់វង់គួរសម ព្រោះនៅតំបន់នេះគេមិនឲ្យអ្នកនេសាទល្មើសច្បាប់មកពីតំបន់ផ្សេង ចូលមកនេសាទបានឡើយ ដោយពួកគេនាំគ្នារក្សាទុកត្រី ដើម្បីសហគមន៍ពួកគាត់នេសាទជាលក្ខណៈគ្រួសារបន្តិចបន្តួចតែប៉ុណ្ណោះ លើកលែងតែនៅកណ្តាលទន្លេទើបពួកគាត់មិនគ្រប់គ្រង ដោយវាជាតួនាទីរបស់មន្ត្រីរដ្ឋបាលជលផល៕
អត្ថបទ ៖ កុសល


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ១ សប្តាហ៍ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានជាតិ៧ ម៉ោង ago
ងាកចេញពីព្រំដែនកម្ពុជា-ថៃ ទៅមើលការកសាងផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម សម្រេចបានអ្វីខ្លះ?