Connect with us

ព័ត៌មានជាតិ

ពេល៣ខែ បណ្ដឹង៣១ករណីរបស់ពលរដ្ឋបានប្ដឹងមកព្រឹទ្ធសភា

បានផុស

នៅ

ព្រឹទ្ធសភា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានទទួលពាក្យបណ្ដឹងចំនួន ៣១ករណីពីប្រជាពលរដ្ឋ ក្នុងរយៈពេល៣ខែ ពោលគឺរាប់ពីថ្ងៃទី៦ ខែមករា ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យបណ្តឹងទាំង ៣១ករណីនេះ គឺព្រឹទ្ធសភា បានពិនិត្យ និងបញ្ជូនពាក្យបណ្ដឹងទៅកាន់ក្រសួងស្ថាប័ន ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន និងអាជ្ញាធរខេត្តពាក់ព័ន្ធចំនួន ១៩បណ្ដឹង ហើយកំពុងពិនិត្យសិក្សាចំនួន ១២បណ្ដឹង ដែលក្នុងនោះ តម្កល់ទុកមិនចាត់ការចំនួន ៧បណ្ដឹង ផ្តល់ព័ត៌មានទៅម្ចាស់បណ្ដឹងចំនួន ២៥បណ្ដឹង ទទួលលិខិតឆ្លើយតបពីការដោះស្រាយពីស្ថាប័នពាក់ព័ន្ធចំនួន ៥បណ្ដឹង។ នេះបើយោងតាមរបាយការណ៍សង្ខេបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អានដោយអនុប្រធានទី១ព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធ ក្នុងសម័យប្រជុំលើកទី៣ នាថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥។

របាយការណ៍ដដែលនេះ បានកត់សម្គាល់ថា ក្នុងអំឡុងរយៈពេល៣ខែ នៃចន្លោះសម័យប្រជុំព្រឹទ្ធសភាលើកទី២ និងលើកទី៣ នីតិកាលទី៥ ថ្នាក់ដឹកនាំគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មការ ក្រុមភូមិភាគ ក្រុមសមាជិកា និងសមាជិក សមាជិកាព្រឹទ្ធសភា បានរួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួនស្រប តាមប្រការ៥៥ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ដោយសម្រេចបានលទ្ធផលផ្លែផ្កាជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ។

ក្នុងមុខងារនីតិកម្ម គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំចំនួន៣លើក និងប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ ចំនួន២លើក ដើម្បីពិនិត្យនិងអនុម័តលើសេចក្តីស្នើ វិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានៃកម្ពុជា និងពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ និងសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។

ទន្ទឹមនេះ គណៈកម្មការនានារបស់ព្រឹទ្ធសភា ក៏បានយកចិត្តទុកដាក់បំពេញការងារយ៉ាងសកម្មដោយ បានជួបពិភាក្សាការងារជាមួយនឹងក្រសួងស្ថាប័ននានា និងការចុះតាមបណ្តារាជធានី-ខេត្ត ចំនួន២៧លើក ដើម្បីធ្វើការតាមដាន និងពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយ នានាស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ផងដែរ។

គួរជម្រាបថា សម័យប្រជុំលើកទី៣ ក្រោមវត្តមានដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៧រូប នាព្រឹកថ្ងៃនេះ បានដំណើរការដោយមានរបៀបវារៈតែមួយ គឺស្តាប់របាយការណ៍សង្ខេបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីលទ្ធផល និងសកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំ លើកទី២ និងលើកទី៣ នីតិកាលទី៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម