ព័ត៌មានជាតិ
លោក ហេង សួរ ៖ ពានរង្វាន់ GEMSET Award សិង្ហបុរី ដែលវិទ្យាស្ថាន TVET ទទួលបាន ឆ្លុះបញ្ចាំងការរីកចម្រើនវិស័យ TVET នៅកម្ពុជា
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គូសបញ្ជាក់ថា ពានរង្វាន់ GEMSET Award នៃប្រទេសសិង្ហបុរី ដែលវិទ្យាស្ថាន TVET ទទួលបាន គឺជាការឆ្លុះបញ្ចាំងពីការរីកចម្រើន នៃវិស័យ TVET នៅប្រទេសកម្ពុជា។

ការគូសបញ្ជាក់នេះ ក្នុងឱកាស លោក ហេង សួរ អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្ដីពី «ការគិតឡើងវិញលើឧត្ដមភាពអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ) សម្រាប់បរិវត្តកម្ម និងផលជះប្រកបដោយនិរន្តរភាព» និងពិធីប្រគល់ពានរង្វាន់គំរូឧត្ដមភាពសកលសម្រាប់ការអប់រំ និងបណ្ដុះបណ្ដាលជំនាញ នៃប្រទេសសិង្ហបុរី ជូនវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) កាលពីរសៀលថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៥ នៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI)។

នាឱកាសនោះ លោក ហេង សួរ មានប្រសាសន៍ថា ការរៀបចំស្តង់ដារកម្មវិធីសិក្សា និងការអភិវឌ្ឍម៉ូឌុលសិក្សាឲ្យស្របទៅតាមតម្រូវការទីផ្សារការងារក្នុងការពង្រឹងចំណេះដឹង , វិន័យ , សីលធម៌ និងឥរិយាបថរបស់សិក្ខាកាម សិស្ស និស្សិត គឺជាមូលដ្ឋានគ្រឹះដ៏ចម្បងក្នុងការបង្កើត និងអភិវឌ្ឍន៍ធនធានមនុស្ស ខណៈ កម្ពុជា កំពុងត្រូវការកម្លាំងពលកម្មដែលមានជំនាញច្បាស់លាស់ និងអ្នកបច្ចេកទេសយ៉ាងច្រើនគ្រប់វិស័យ។

ជាមួយនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ និងសម្ដែងការអបអរសាទរដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលទទួលបានពានមាស (Gold Award) និងវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ទទួលបានពានប្រាក់ (Silver Award) ដែលជាពានរង្វាន់ GEMSET Award ពី ITE Education Services (ITEES) នៃប្រទេសសិង្ហបុរី ដោយពានរង្វាន់នេះ គឺជាការឆ្លុះបញ្ចាំងការរីកចម្រើន នៃវិស័យ TVET នៅកម្ពុជា។ ទន្ទឹមនេះ ក៏ជាការសបញ្ជាក់យ៉ាងច្បាស់ផងដែរអំពីដំណើរវិវត្តវិជ្ជមាន នៃការឆ្លើយតបនឹងចំណុចអាទិភាព “មនុស្ស” ដែលបានឆ្លុះបញ្ចាំងជាចម្បងក្នុងបញ្ចកោណទី ១ “ការអភិវឌ្ឍមូលធនមនុស្ស” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ផងដែរ។

លោករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង ITEES ដែលកន្លងមកបានសហការរៀបចំវគ្គបណ្ដុះបណ្ដាលក្នុងស្រុក រួមមានវគ្គគ្រប់គ្រង និងភាពជាអ្នកដឹកនាំ , វគ្គគរុកោសល្យ។ ទន្ទឹមនេះ ក៏មានវគ្គបណ្ដុះបណ្ដាលនៅសិង្ហបុរី រួមមាន វគ្គជំនាញព័ត៌មានវិទ្យា , អេឡិចត្រូនិក និងបច្ចេកវិទ្យារថយន្ត និងសិក្ខាសាលាចែករំលែកបទពិសោធជាច្រើន។ ជាពិសេសតាមរយៈសិក្ខាសាលាដែលរៀបចំនៅកម្ពុជានាពេលនេះ នឹងជួយពង្រឹង និងកំណត់នូវតម្រូវការឧត្ដមភាពសម្រាប់ TVET ក្នុងដំណើរឆ្ពោះទៅរកការកែលម្អជាបន្តបន្ទាប់តាមរយៈការវាស់វែង និងវាយតម្លៃជារួមទៅលើប្រព័ន្ធអេកូរបស់ TVET ដើម្បីរកឲ្យឃើញនូវផលប៉ះពាល់ និងលទ្ធផលប្រកបដោយនិរន្តរភាព និងការចែករំលែកពីបទពិសោធរបស់សិង្ហបុរីសម្រាប់ឧត្ដមភាពលើការធ្វើបរិវត្តកម្ម និងផលជះប្រកបដោយនិរន្តរភាពឆ្ពោះទៅរកការអនុវត្តកម្រិតពិភពលោក៕
អត្ថបទ ៖ ពិសី





-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


