នយោបាយ
នាយករដ្ឋមន្ត្រីថៃមានជំនឿខ្ពស់លើការទុកចិត្តផ្នែកនយោបាយជាមួយកម្ពុជា
នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានលើកឡើងថាភាពជាមិត្តជិតខាងល្អជាមួយកម្ពុជាបានធ្វើឱ្យប្រទេសកម្ពុជានិងថៃជម្នះនូវបញ្ហាជាច្រើន ទទួលបានផលប្រយោជន៍ខ្ពស់ និងការអភិវឌ្ឍក្នុងតំបន់។

លើកឡើងក្នុងជំនួបជាមួយប្រធានសភាកម្ពុជាកាលពីល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ក្នុងពេលធ្វើទស្សនកិច្ចមកកាន់កម្ពុជាលោកស្រី ផែថងថាន បានជម្រាបសម្ដេចសភាធិបតីពីការវិវត្តន៍នៃទំនាក់ទំនងរវាងកម្ពុជា-ថៃ ដែលសម្រេចបានការចុះអនុស្សារណៈចំនួន៧ក្នុងពេលនេះ និងបានបញ្ជាក់ថាកម្ពុជា-ថៃជាមិត្តជិតខាងល្អ មានការទុកចិត្តផ្នែកនយោបាយខ្ពស់ ដែលពិតជាជួយដល់ការដោះស្រាយបញ្ហាប្រឈមនានាបាន។

ប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានថ្លែងដោយបានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) គឺជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយទៀតចំពោះប្រជាជនប្រទេសទំាងពីរ ក៏ដូចជារាជរដ្ឋាភិបាលនិងសភាប្រទេសទាំងពីរ។
សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា ដំណើរទស្សនកិច្ចនេះ ជាការបន្ថែមសន្ទុះជំរុញថ្មីមួយដល់ទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ ទោះបីជាសភាពការណ៍ក្នុងតំបន់ និងអន្តរជាតិមានការផ្លាស់ប្ដូរ និងប្រែប្រួលយ៉ាងណាក៏ដោយ ក៏ភាពជាដៃគូយុទ្ធសាស្ត្ររបស់កម្ពុជានិងថៃនៅតែឈរយ៉ាងរឹងមាំ ធន់ និង វិវត្តរីកចម្រើនទៅមុខជានិច្ច។

ស្ថានភាពនយោបាយកម្ពុជា-ថៃ មួយរយៈចុងក្រោយត្រូវបានដុតកម្ដៅដោយក្រុមជាតិនិយមជ្រុលយកបញ្ហាព្រំដែន និងដែនកោះគុតជាប្រធានបទក្នុងការវាយប្រហារលើរដ្ឋាភិបាលរៀងខ្លួន។ ទោះជាយ៉ាងណាការដុតកម្ដៅនេះមិនបានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរប្រឈមមុខគ្នានោះទេដោយសារភាពទុកចិត្តផ្នែកនយោបាយរវាងអ្នកដឹកនាំថៃ និងកម្ពុជានេះ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច លោកបណ្ឌិត ជ័យ តិច យល់ថាទំនុកចិត្តនយោបាយរវាងកម្ពុជា-ថៃពេលនេះគឺខ្ពស់ជាងពេលណាៗទាំងអស់ដោយសារតែគណបក្សកាន់អំណាចនៃប្រទេសទាំងពីររក្សាបាននូវទំនាក់ទំនងល្អ។
លោកថា៖ «មានកត្តាបីសំខាន់ ទី១គឺទំនាក់ទំនងល្អរវាងគណបក្សកាន់អំណាចនៃប្រទេសទាំងពីរ ទី២គឺមានការបន្តវេនពីអ្នកជំនាន់ក្រោយគឺនាយករដ្ឋមន្ត្រីក៏ដូចជារាជរដ្ឋាភិបាលបច្ចុប្បន្នទាំងពីរដែលមានទំនាក់ទំនងល្អនិងមានកិច្ចសហប្រតិបត្តិការល្អស្ទើគ្រប់វិស័យ ទី៣គឺកម្ពុជានិងថៃមានបង្កើតនូវយន្តការដើម្បីដោះស្រាយបញ្ហាប្រទេសទាំងពីររួមគ្នាដោះស្រាយបញ្ហាព្រំដែន និងបញ្ហាផ្សេងៗទៀតដែលកើតមានរវាងប្រទេសទាំងពីរបច្ចុប្បន្ននេះ»។

កាលពីល្ងាចថ្ងៃទី២៣ ខែមេសា លោកស្រី ផែថងថាន ក៏បានជួបជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ផងដែរ។ អ្នកនាំពាក្យព្រឹទ្ធសភាលោក ជា ធីរិទ្ធ បានឱ្យដឹងថាក្នុងជំនួបនោះរវាងនាយករដ្ឋមន្ត្រីថៃ និងសម្ដេចតេជោ បានប្រើប្រាស់ការប្រាស្រ័យទាក់ទងគ្នាថា ពូ និងក្មួយ ដោយសារសម្តេចតេជោ និងលោក ថាក់ស៊ីន ដែលជាឪពុករបស់លោកស្រី ផែថងថាន ជាបងប្អូនធម៌ដ៏ល្អនឹងគ្នា។
ក្នុងជំនួបជាមួយសម្ដេចតេជោនោះ លោកស្រីនាយករដ្ឋមន្រ្តីថៃបានអះអាងថា លោកស្រី និងសម្តេចធិបតី មិនត្រឹមតែមានឪពុកជានាយករដ្ឋមន្រ្តី ដែលជាអ្នកពូកែ និងផ្តល់បទពិសោធន៍ល្អៗប៉ុណ្ណោះទេ ថែមទាំងបានរាប់អានគ្នាជាបងប្អូនល្អទៀត ដែលការណ៍នេះបានញុំាងឱ្យកិច្ចពិភាក្សាគ្នាកាន់តែមានលក្ខណៈងាយស្រួល។

គួរឱ្យដឹងផងដែរថានាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានអញ្ជើញមកបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅកម្ពុជា ដោយចាប់ផ្ដើមពីថ្ងៃទី២៣ ខែមេសា។ ដំណើរទស្សនកិច្ចនេះធ្វើឡើងស្របពេលដែលកម្ពុជា-ថៃប្រារព្ធខួប៧៥ឆ្នាំនៃទំនាក់ទំនងការទូត ដែលនឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជនទាំងពីរ។
កម្ពុជា-ថៃ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៥០ គិតមកដល់ពេលនេះមានរយៈពេល៧៥ឆ្នាំមកហើយ។ ក្នុងខួប៧៥ឆ្នាំនេះនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំថែមទៀត។
ថ្លែងក្នុងពេលធ្វើសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី២៣ ខែមេសា សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន អរគុណនូវគោលនយោបាយរបស់ប្រទេសថៃដែលមិនអនុញ្ញាតឱ្យជនណាម្នាក់ប្រើប្រាស់ទឹកដីប្រទេសថៃដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងឬធ្វើសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់កម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជានឹងអនុវត្តគោលការណ៍នេះដូចគ្នា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់