Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ នឹងពង្រីកការផ្ដល់អាហារដល់សិស្សកម្រិតមត្តេយ្យ និងបឋមសិក្សា ជាង ១៣ ម៉ឺននាក់បន្ថែមទៀត

បានផុស

នៅ

ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ពង្រីក​ការ​ផ្តល់​អាហារ​ក្តៅៗ ដ៏​មាន​ជីវជាតិ​ជា​រៀងរាល់​ព្រឹក​ដល់​សិស្សានុសិស្ស​នៅ​កម្រិត​មត្តេយ្យ​សិក្សា និង​បឋមសិក្សា​ប្រមាណ​ជាង​ ១៣ ​ម៉ឺន​នាក់​បន្ថែម​ទៀត ចាប់ពី​ឆ្នាំ ២០២៥ ដល់ ឆ្នាំ ២០២៩ ដើម្បី​លើក​កម្ពស់​សុខភាព និង​កាត់បន្ថយ​អត្រា​បោះបង់​ការ​សិក្សា​របស់​សិស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោង​ដែលមាន​តម្លៃ​ ១០​ លាន​ដុល្លារ​នេះ ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សហការ​ជាមួយ​ទី​ភ្នាក់ងារ សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ ដើម្បី​បន្ត​គាំទ្រ​កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន​ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍​នៅ​កម្ពុជា​ ខណៈ​បច្ចុប្បន្ន​កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន​របស់​រដ្ឋាភិបាល​បានផ្តល់​អាហារ​ជូន​ដល់​សិស្សានុសិស្ស​ប្រមាណ ១៩០ ០០០ នាក់ នៅតាម​សាលាបឋមសិក្សា​ចំនួន ៦៨៦ សាលា។

គម្រោង​នេះ​ជាការ​វិនិយោគ​បន្ថែម​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ​ក្នុង​ដំណាក់កាល​ទី​ ២​ បន្ថែម​លើ​សមិទ្ធផល​កន្លង​មក​កាលពី​ដំណាក់កាល​ទី​ ១ (២០២០-២០២៤) និង​អនុញ្ញាត​ឱ្យ​ក្រសួង​អប់រំ យុវជន​ និង​កីឡា និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក អាច​ផ្តល់​អាហារ​ក្តៅៗ​ ដ៏​មាន​ជីវជាតិ​ជា​រៀងរាល់​ព្រឹក ក្នុង​រយៈពេល ៥​ ឆ្នាំ​ បន្ត​ទៀត ជូន​ដល់​សិស្សានុសិស្ស​នៅ​ម​តេ្ត​យ្យ​សិក្សា និង បឋមសិក្សា​ចំនួន ១៣៣ ៣០០ នាក់ នៅ​តាម​សាលាបឋមសិក្សា ៤២៨​ សាលា ដែល​សាលារៀន​ទាំងនេះ ​នឹងត្រូវ​ផ្ទេរ​ចូលទៅ​ក្នុង​កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន​របស់​រដ្ឋាភិបាល​ទៅតាម​ដំណាក់កាល​ជា​បន្តបន្ទាប់​រហូត​អស់​ទាំង​ស្រុង​នៅ​ត្រឹម​ឆ្នាំ ២០២៨។

លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍​នៅក្នុង​ពិធី​ចុះហត្ថលេខា​ជាមួយ​លោកស្រី Moon Jung Choi នាយិកា នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ ប្រចាំ​ប្រទេស​កម្ពុជា កាលពីពេល​ថ្មីៗ នេះ​ថា កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន​នេះ​មិន​ត្រឹមតែ​បានធ្វើឱ្យ​ប្រសើរឡើង​នូវ​លទ្ធភាព​ទទួលបាន​អាហារូបត្ថម្ភ គ្រប់គ្រាន់​សម្រាប់​កុមារ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ជា​ការ​វិនិយោគ​លើ​អនាគត​របស់​ប្រទេស​កម្ពុជា​ទាំងមូល ដោយ​បាន​ជួយ​កសាង​ប្រព័ន្ធ​អប់រំ​មួយ​ឱ្យ​រឹងមាំ មាន​ភាព​ធន់​ជាង​មុន និង​បាន​រួម​ចំណែក​គាំទ្រ​ដល់​គោលដៅ​អភិវឌ្ឍន៍​ជាតិ។

លោកស្រី Moon Jung Choi នាយិកា នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ ប្រចាំ​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​ថា ការ​គាំទ្រ​នៅ​ក្នុង​ដំណាក់កាល​ទី ​២​ នេះ គឺ​បានបញ្ជាក់​ជាថ្មី​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ ក្នុងការ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រកប ដោយ​និរន្តរភាព និង​បរិ​យាប​ន្ន សម្រាប់​ប្រជាជន​កម្ពុជា តាមរយៈ​ការគាំទ្រ​ប្រព័ន្ធ​ជាតិ ដែលមាន​តួនាទី​ផ្តល់នូវ​ការអភិវឌ្ឍ​យូរអង្វែង​ក្នុង​វិស័យ​អប់រំ អាហារូបត្ថម្ភ និង​ជីវភាព​រស់នៅ​តាម​ទីជនបទ។

លោកស្រី គ្លែ​រ កូ​ណាន់ នាយិកា នៃ​កម្មវិធី​ស្បៀងអាហារ​ពិភពលោកប្រចាំ​កម្ពុជា ​បាន​មាន​ប្រសាសន៍​ថា កិច្ចសហការ​ជាថ្មី​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ និង​ក្រសួង​អប់រំ យុវជន និង កីឡា​ ជា​ឧទាហរណ៍​ដ៏​មាន​អានុភាព​មួយ​អំពី​របៀប​ នៃ​កិច្ច​សហការគ្នា ដែល​អាចធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​សុខុមាលភាព​របស់​កុមារ ការបង្កើន​គុណភាព ​នៃ​ការសិក្សា និង​ការ​កសាង​សហគមន៍​ដែល​មាន​ភាព​ធន់​បន្ថែម​ទៀត។

លោកស្រី​បាន​បន្តថា កម្មវិធី​ស្បៀងអាហារ​ពិភពលោក មាន​មោទនភាព​បំផុតក្នុង​ការបន្ត​គាំទ្រ​ដល់​ដំណើរ​របស់​ប្រទេស​កម្ពុជា ក្នុងការ​ឆ្ពោះទៅកាន់​ភាពជា​ម្ចាស់​យ៉ាង​ពេញលេញ នៃ​កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន​ប្រកបដោយ​និរន្តរភាព៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម