Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌកំបូល ដាក់គ្រឿងចក្រឈូសឆាយកិនបង្ហាប់ផ្លូវជង្ហុកសំបុកមាន់ សម្រួលការធ្វើដំណើរប្រជាពលរដ្ឋ

បានផុស

នៅ

រដ្ឋបាល​ខណ្ឌ​កំបូល បាន​ដាក់​គ្រឿងចក្រ ឈូស​ឆាយ កៀរ​សម្រួល និង​កិន​បង្ហាប់​ផ្លូវ​ក្នុង​តំបន់​ជង្ហុក​សំបុក​មាន់ ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ និង​បំពេញ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ទាំងមូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា ឃឿន ប្រធាន​ការិយាល័យ​សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន បាន​ប្រាប់ កម្ពុជា​ថ្មី នៅ​ព្រឹក​ថ្ងៃ​ទី ៧ ខែ​ឧសភា ឆ្នាំ ២០២៥ នេះ​ថា ដោយ​មាន​ការ​ណែនាំ​ពី លោក ឃឹម ស៊ុនសូដា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​កំបូល បាន​ចាត់​ឱ្យ​លោក ដឹកនាំ​មន្ត្រី​ការិយាល័យ និង​សណ្ដាប់ធ្នាប់​សាធារណៈ ចុះ​ធ្វើការ​ឈូស​ឆាយ កៀរ​សម្រួល និង​កិន​បង្ហាប់​ផ្លូវ​ជង្ហុក​សំបុក​មាន់ ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើដំណើរ​ចំនួន ០១ ខ្សែ ចាប់ពី​ភូមិ​ត្រពាំង​ឈូក រហូត​ដល់​ប្រឡាយ​តា​ហោ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ឈូក សង្កាត់​កន្ទោក ភូមិ​ត្មាត​ពង ភូមិ​ព្រៃ​រមាស​ទី ១ និង​ភូមិ​ព្រៃ​រមាស​ទី ២ សង្កាត់​បឹង​ធំ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។

ប្រឡាយតាហោ

លោក ជា ឃឿន បាន​បន្ត​ថា ផ្លូវ​មួយ​ខ្សែ​នេះ មាន​ប្រវែង ៣៥០០ ម៉ែត្រ ហើយ​ផ្លូវ​នេះ​ស្ថិត​ក្នុង​គម្រោង​របស់​សាលា​រាជធានី។ ចំពោះ​ផ្លូវ​នេះ​ទៀត រដ្ឋបាល​ខណ្ឌ ក៏បាន​ដាក់​ស្នើ​ចូល​ទៅ​គម្រោង ៣ ឆ្នាំ​រំកិល របស់​សាលា​រាជធានី​រួចហើយ។ ការងារ​ជួសជុល​នេះ គឺជា​ផ្នែក​មួយ នៃ​យុទ្ធនាការ​របស់​រដ្ឋបាល​ខណ្ឌ ក្នុង​ការ​កែសម្រួល​គ្រប់​ផ្លូវ​ដែល​ខូចខាត​ដោយ​ទឹកភ្លៀង​នា​រដូវវស្សា ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​បាន​ល្អ​ប្រសើរ និង​បង្កើន​សុវត្ថិភាព​ចរាចរណ៍ និង​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ជាមួយ​រាជរដ្ឋាភិបាល។

អ្នក​ស្រី អៀង ផល្លា ជា​អាជីវករ​លក់ដូរ​តាម​បណ្ដោយ​ផ្លូវ​ខាងលើ មាន​ចំណាប់អារម្មណ៍​ថា អ្នក​ស្រី ត្រេកអរ​សប្បាយចិត្ត​ដែល​អាជ្ញាធរ​យកចិត្តទុកដាក់​មក​ជួយ​ឈូស​បង្ហាប់​ផ្លូវ​នេះ​ឱ្យ​ល្អ​ប្រសើរ ព្រោះ​ផ្លូវ​មួយ​ខ្សែ​នេះ នៅ​មិន​ទាន់​មាន​ផ្លូវ​បេតុង​នៅឡើយ​ទេ។

អ្នក​ស្រី បាន​បន្ត​ថា ផ្លូវ​មួយ​ខ្សែ​ខាង​លើ​នេះ នៅ​ខែប្រាំង គឺ​មាន​ដី​ហុយ ហើយ​ខែវស្សា​វិញ​ គឺ​ទឹក​ដក់​ជង្ហុក​ពិបាក​ក្នុង​ការ​ធ្វើដំណើរ។

ជាមួយ​នេះ អ្នក​ស្រី អៀង ផល្លា ក៏ដូចជា​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​មួយ​ខ្សែ​ខាង​លើ​នេះ ក៏បាន​សំណូមពរ​ដល់​អាជ្ញាធរ​ខណ្ឌ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជួយ​ស្ថាបនា​ផ្លូវ​នេះ​ឱ្យ​ក្លាយ​ជា​ផ្លូវ​បេតុង ដើម្បី​ឱ្យ​ការ​ធ្វើ​ដំណើរ ប្រកប​របរ​រកស៊ី បាន​ស្រួល​ផង។ បច្ចុប្បន្ន ការ​ធ្វើដំណើរ​របស់​ប្រជាជន​ក្នុង​តំបន់ កំពុង​ប្រឈមមុខ​នឹង​ការ​លំបាក​ដោយសារ​មិន​មាន​ផ្លូវ​ល្អ​គ្រប់គ្រាន់៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម