Connect with us

ព័ត៌មានជាតិ

មកស្គាល់រឿងរ៉ាវផ្ទះខ្មោច គ្មានអ្នករស់នៅជាច្រើនកន្លែងរបស់ជនជាតិដើមភាគតិច ខេត្តរតនគិរី

បានផុស

នៅ

នៅតំបន់ខ្លះក្នុងខេត្តរតនគិរី គេតែងតែសង្កេតឃើញមានផ្ទះមួយចំនួនហាក់ដូចជាត្រូវបោះបង់ចោលយូរឆ្នាំមកហើយ ដោយមិនមានមនុស្សរស់នៅ ផ្ទះមានស្ថានភាពចាស់ ជាប់ធូលី គ្មានអ្នកថែទាំជូតសម្អាត។ ផ្ទះចាស់ដែលមិនមានមនុស្សរស់នៅទាំងអស់នោះ គេនិយមហៅថា ផ្ទះខ្មោច។ រឿងរ៉ាវផ្ទះខ្មោចនេះ អាចចម្លែកបន្តិចសម្រាប់អ្នកស្រុកដទៃ ប៉ុន្តែ វាជារឿងធម្មតាទេសម្រាប់ជនជាតដើមភាគតិចនៅក្នុងខេត្តរតនគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើភ្ញៀវទេសចរទៅលេងខេត្តភូមិភាគឦសាន ពិសេស ខេត្តរតនគិរី នៅពេលគេទៅកម្សាន្តនៅទីជនបទចុងកាត់មាត់ញក គេនឹងបានស្តាប់ឮភាសា គ្រឹង ទំពួន ដែលភាសាទាំងនេះជនជាតិដើមភាគតិច ចូលចិត្តនិយាយរកគ្នាណាស់។ ពួកគេចូលចិត្តដំណាលគ្នាពីបុណ្យភូមិ ការសែនព្រេនពេលមានអ្នកឈឺថ្កាត់ សែនព្រេនកូនចៅយកគ្នាជាប្តីប្រពន្ធ ការផឹកស្រាពាង ជិះម៉ូតូតាមផ្លូវស្ពាយកាផា ទៅចម្ការទៅស្រែ ខ្លះក៏ដើរទៅចម្ការក៏មានដែរ។ ជីវិតបែបអ្នកស្រុកស្រែចម្ការ គឺងើបពីព្រឹកទៅចម្ការ លុះល្ងាចវិលទៅផ្ទះវិញ ការធ្វើដំណើរនេះមានរយៈពេលរាប់សិបគីឡូម៉ែត្រក៏មាន ព្រោះដីស្រែចម្ការភាគច្រើនស្ថិតនៅលើភ្នំតូចធំ ឬជើងភ្នំ។

ព្រោះតែការទៅធ្វើស្រែចម្ការមានចម្ងាយឆ្ងាយ និងរយៈពេលយូរបែបនេះហើយ ទើបកើតចេញនូវរឿងរ៉ាវផ្ទះខ្មោចនេះឯង។ តាំងពីដើមឡើយ ការធ្វើចម្ការវិលជុំ ផ្លាស់ប្ដូរទីកន្លែងកាប់ព្រៃ ធ្វើចម្ការពីកន្លែងមួយទៅកន្លែងមួយទៀត។ ចម្ការទាំងនោះទម្រាំដល់ពេល ត្រូវដាំស្រូវមានរយៈពេល៧ទៅ៨ឆ្នាំក៏មានដែរ ហើយវាមានចម្ងាយឆ្ងាយពីភូមិស្រុក ឬផ្ទះសម្បែង។ ហេតុនេះហើយ នៅពេលចាប់កាប់ព្រៃឈើធ្វើចម្ការ ជនជាតិដើមភាគតិចក៏ចាប់ផ្តើមធ្វើផ្ទះអំពីឈើចាប់ពី៦ ម៉ែត្រ និង៧ម៉ែត្រ អារឈើធ្វើជញ្ជាំង និងប្រក់សង្ក័សី មួយដាច់ដោយឡែកទៀតនៅត្រង់កន្លែងនោះតែម្តងទៅ។

អ្នកស្រី នាង គឺជាជនជាតិគ្រឹងដែលតែងតែទៅធ្វើរបរកសិកម្មឆ្ងាយ ហើយបានសង់ផ្ទះជាបន្តបន្ទាប់នៅលើដីធ្វើកសិកម្មនោះ។ គាត់ បានរៀបរាប់ប្រាប់ថា ពីដំបូងឡើយ គាត់់នៅក្នុងទីក្រុងបានលុង មានផ្ទះ២ខ្នង ទទឹង ៦ ម៉ែត្រ និង៧ ម៉ែត្រ នៅជិតសាលាក្មេងរៀន ដោយបានទិញជាមួយបងបង្កើតសម្រាប់រស់នៅ។ ក្រោយមកទៀត គាត់មានដីចម្ការនៅភូមិរបស់ម្តាយ គាត់ព្រមទាំងគ្រួសារក៏ទុកចោលផ្ទះនោះ មិនដែលទៅរស់នៅ និងជូតសម្អាត អស់រយៈពេល១៥ឆ្នាំមកហើយ។ បច្ចុប្បន្ន ផ្ទះកណ្តៀរស៊ី និងពុកផុយជិតរលំហើយ ពីព្រោះនៅស្រុកកំណើតខាងម្តាយ មានដីស្រែ និងចម្ការច្រើនកន្លែង សម្រាប់ដាំស្រូវ ដំឡូងមី និងស្វាយចន្ទី និងប្រកបលក់ដូរបាយម្ហូបឱ្យសិស្សសាលាផង។ ចំណែកកូនៗមិនទាន់មានគ្រួសារ ជាប់នៅរៀនសូត្រ ម៉្យាងវិញទៀត ពីមួយឆ្នាំទៅមួយឆ្នាំ មានអ្នកស្រុកភូមិលក់ដីឱ្យ គាត់ក៏បន្តទិញ ដើម្បីពង្រីកដាំដំឡូងមី និងស្រូវបន្លែមទៀត។

លោកស្រីបញ្ជាក់ថា ការខិតខំប្រឹងប្រែងនេះ ពីព្រោះចង់ផ្គត់ផ្គង់គ្រួសារ កូនៗ និងចៅទៅជំនាន់ក្រោយ កុំឱ្យខ្វះខាត។ ស្រ្តីជនជាតិដើមភាគតិចរូបនេះ ក៏បានប្រាប់ទៀតថា នៅតាមចម្ការនីមួយៗ គាត់ក៏មានផ្ទះ២ទៅ៣កន្លែងដែរ សព្វថ្ងៃគ្មានអ្នករស់នៅទេ ពីព្រោះផ្ទះទាំងនេះ ជាប្រភេទផ្ទះចម្ការ ដល់ពេលធ្លាក់ទឹកភ្លៀង ទើបទៅជូតសម្អាត និងធ្វើចម្ការម្តងម្កាលប៉ុណ្ណោះ។

មែនទែនទៅ តាមការនិយមធ្វើផ្ទះស្រែនេះ មានមកតាំងពីដូនតាមកដល់ពេលបច្ចុប្បន្ន ក៏នៅតែបន្តទៀត ពីព្រោះការវិលទៅវិញមក ផ្លូវពិបាកធ្វើដំណើរ យប់ព្រលប់ និងត្រូវចំណាយពេលវេលាយូរម៉ោង។ ការទៅធ្វើចម្ការកន្លែងផ្សេងនេះ មិនត្រឹមតែ១ ឬ២គ្រួសារទេ ពោល គឺនៅពេលធ្លាក់ទឹកភ្លៀងនៅតាមភូមិពុំសូវមានមនុស្ស រស់នៅផឹកស៊ីអ៊ូអរ ដូចរដូវប្រាំងបុណ្យទានផ្សេងៗឡើយ៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៦ ម៉ោង មុន

នេះ​ជា​ការ​បញ្ជាក់​ពី​សហព័ន្ធ​គុន​ខ្មែរពី​រឿង​ ពេជ្រ​ សម្បត្តិ​ មិន​បាន​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ WBC នៅ​អាមេរិក​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហ្សេលេនស្គី ខឹងថា ដោយសារ ត្រាំ មិនមាត់មិនក ទើប ពូទីន បានដៃ វាយប្រហារខ្លាំងទៅៗ

កីឡា៧ ម៉ោង មុន

ច្បាស់​១០០​% Nieto ប្រាប់​ថា នឹង​​ចាកចេញពី ភ្នំពេញក្រោន នៅរដូវកាលនេះហើយ

សន្តិសុខសង្គម៦ ម៉ោង មុន

ព្រះសង្ឃជាង១០អង្គពុលផ្សិតឬស្សី បញ្ជូនទៅសង្គ្រោះបន្ទាន់

សន្តិសុខសង្គម៨ ម៉ោង មុន

មន្ទីរធម្មការរាជធានីភ្នំពេញ ចុះធ្វើកិច្ចសន្យាអ្នកតាំងខ្លួនជាតាបសភ្នំគូលេន ឲ្យបញ្ឈប់សកម្មភាពចែកចាយវីដេអូធ្វើឲ្យប៉ះពាល់សង្គម

Sokha Hotels

ព័ត៌មានពេញនិយម