Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល បញ្ជាឲ្យមន្ទីរពេទ្យថ្នាក់ជាតិចាត់ចែងក្រុមគ្រូពេទ្យ និងបរិក្ខារត្រៀមជួយ សង្គ្រោះនៅតំបន់កំពុងផ្ទុះអាវុធ

បានផុស

នៅ

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានដាក់បទបញ្ជាឱ្យមន្ទីរពេទ្យថ្នាក់ជាតិដែលជាសម្ព័ន្ធមេត្រីភាពជាមួយខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវរៀបចំចាត់ចែងក្រុមគ្រូពេទ្យសម្ភារ និងបរិក្ខាររួចជាស្រេច និងបានកំពុងចេញដំណើរឆ្ពោះទៅខេត្តទីតាំងរៀងៗខ្លួនដើម្បីត្រៀមជួយគាំទ្រដល់ក្រុមគ្រូពេទ្យដែលកំពុងប្រចាំការនៅទីនោះ ពិសេសនៅតំបន់កំពុងផ្ទុះអាវុធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងពិនិត្យផែនការយុទ្ធសាស្រ្តក្នុងការត្រៀមខ្លួនគាំទ្រផ្នែកសេវាសុខភាព និងសង្គ្រោះបន្ទាន់នៅតំបន់ព្រំដែន ជាពិសេសតំបន់ដែលកំពុងផ្ទុះអាវុធកាលពីរសៀលថ្ងៃទី២៤កក្តដា លោករដ្ឋមន្ត្រីបានដាក់ចេញនូវចំនុចអាទិភាពមួយចំនួន ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមត្រូវរៀបចំវិធីសាស្រ្តឱ្យមានការទំនាក់ទំនងគ្នាជាប់ជានិច្ច ក្នុងគោលបំណងបញ្ជូន និងទទួលព័ត៌មានអំពីស្ថានភាពនៅសមរភូមិជួរមុខបានឆាប់រហ័ស ពង្រឹងការយកចិត្តទុកដាក់ចំពោះការឆ្លើយតបបន្ទាន់ ទាំងការជួយ​សង្រ្គោះ​បឋម និងការបញ្ជូនយន្តការគាំពារសុខភាព សុវត្ថិភាពប្រជាពលរដ្ឋ និងបុគ្គលិកសុខាភិបាលខ្លួនឯងឱ្យបានល្អ ទាំងផ្លូវកាយ និងផ្លូវចិត្តគុណភាពសេវាសង្គ្រោះ និងរក្សាអនាម័យទៅតាមស្តង់ដារទោះបីស្ថិតក្នុងស្ថានភាពអាសន្ន។ ត្រូវមានយន្តការផ្តល់ព័ត៌មាននិងរបាយការណ៍ច្បាស់លាស់ មកក្រសួងសុខាភិបាល។

លោករដ្ឋមន្ត្រីបានណែនាំទៀតថា នៅតាមឃ្លាំងឱសថកណ្តាល និងខេត្ត ត្រូវពិនិត្យ និងរៀបចំរួចជាស្រេចនូវ សម្ភារ បរិក្ខារ ឱសថ ចាំបាច់ និងសំខាន់ៗ ដើម្បីផ្គត់ផ្គង់ទៅមូលដ្ឋានសុខាភិបាល និងក្រុមគ្រុពេទ្យនៅតាមតំបន់ព្រំដែន
កុំឱ្យមានការខ្វះខាត មន្ទីរសុខាភិបាលរាជធានី ខេត្ត ចាត់ចែងរៀបចំក្រុមគ្រូពេទ្យដើម្បីត្រៀមផ្លាស់ប្តូរវេន ជាមួយក្រុមគ្រូពេទ្យដែលនៅប្រចាំការតាមតំបន់ព្រំដែនក្នុងករណីមានតម្រូវការនិងនៅតាមមន្ទីរពេទ្យថ្នាក់ជាតិ ខេត្ត និងស្រុកទាំងអស់ត្រូវរៀបចំបែងចែកក្រុមគ្រូពេទ្យប្រចាំការនៅកន្លែងរបស់ខ្លួន ២៤ម៉ោងលើ២៤ម៉ោងដើម្បីធានាបាននូវការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋជាធម្មតា និងរង់ចាំទទួលជួយសង្រ្គោះ។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានបង្ហាញនូវអារម្មណ៍មោទនភាពចំពោះវីរកងទ័ពនៅសមរភូមិជួរមុខរបស់កម្ពុជា
ដែលបានលះបង់គ្រប់យ៉ាងក្នុងការការពារបូរណភាពទឹកដីនិងបានគោរពជូនទៅដល់វីរកងទ័ពកម្ពុជាដែលឈរជើងនៅសមរភូមិជួរមុខជាពិសេសនៅតំបន់ដែលផ្ទុះអាវុធ ប្រកបដោយសុខសុវត្ថិភាព និងទទួលបានជ័យជំនះ គ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា។

ជាមួយគ្នានេះលោករដ្ឋមន្ត្រីបានផ្តាំផ្ញើការសួខសុខទុក្ខ និងជូនពរដល់ក្រុមគ្រូពេទ្យដែលកំពុងប្រចាំការនៅតាមតំបន់ព្រំដែន និងក្រុមគ្រូពេទ្យចេញដំណើរជួយគាំទ្របន្ថែមជួបតែសុខសុវត្ថិភាពទាំងអស់គ្នា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម