Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំតម្រូវឲ្យមន្ទីរអប់រំរាជធានី ខេត្តចំនួន​២៣ ទទួលពាក្យសុំចុះឈ្មោះប្រឡងបេក្ខជនភៀសខ្លួននៅត្រឹមថ្ងៃ១៥សីហា

បានផុស

នៅ


ក្រសួងអប់រំយុវជន និងកីឡា បានតម្រូវឱ្យមន្ទីរអប់រំយុវជន និងកីឡា រាជធានី ខេត្តចំនួន២៣ លើកលែងតែខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ត្រូវចាត់ចែងទទួលពាក្យសុំចុះឈ្មោះប្រឡង និងទទួលបូកសរុបព័ត៌មានដែលទទួលបានពីបេក្ខជនភៀសខ្លួន ពីខេត្តទាំងព្រះវិហារ និងឧត្តរមានជ័យ រួចហើយរៀបចំជាបញ្ជីឈ្មោះបេក្ខជនភៀសខ្លួនដែលបានដាក់ពាក្យប្រឡង ព្រមទាំងបញ្ជូនមកក្រសួងនៅត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ដើម្បីក្រសួងអាចបូកសរុប និងរៀបចំជាបញ្ជីរាយនាមបេក្ខជន និងសលាកបត្រឯកត្តជន និងបន្តនីតិវិធីនៃដំណើការប្រឡងជាបន្តទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងអប់រំ ដើម្បីធានាឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ អាចប្រព្រឹត្តទៅដោយរលូន និងបេក្ខជន គណៈមេប្រយោគគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធមានសុខសុវត្ថិភាព ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំបេក្ខជននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ អាចសម្រេចចិត្តចូលរួមការប្រឡង នៅទីតាំងក្នុងខេត្តរបស់ខ្លួនក៏បាន ឬនៅខេត្តផ្សេងទៀតក៏បាន ប្រសិនបើបេក្ខជនបានភៀសខ្លួនចេញពីខេត្ត។

ជាមួយគ្នានេះដែរ បេក្ខជនដែលភៀសខ្លួន ត្រូវទៅដាក់ពាក្យនៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ដែលខ្លួនបាន សម្រេចចិត្តជ្រើសរើសប្រឡង។ បេក្ខជនភៀសខ្លួន ត្រូវទៅទទួលសលាកបត្រឯកត្តជន (បោះពុម្ពថ្មី) នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ដែលសាមីជនបានដាក់ពាក្យ ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។ ចំណែកបេក្ខជនដែលសម្រេចចិត្តប្រឡងនៅខេត្តព្រះវិហារ ត្រូវត្រៀមទៅប្រឡងនៅក្នុងទីរួមខេត្តព្រះវិហារ ដដែល។ ចំពោះបេក្ខជន ដែលសម្រេចចិត្តចូលរួមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅក្នុងខេត្តឧត្តរមានជ័យ ដើម្បីធានាសុវត្ថិភាព ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំមណ្ឌលប្រឡងនៅ ក្នុងភូមិសាស្ត្រស្រុកពួកនៃខេត្តសៀមរាប។ ក្រសួងនឹងបង្កើតក្រុមការងារ ដើម្បីគាំទ្រលើការដឹកជញ្ជូនបេក្ខជន ផ្តល់ថវិកាសម្រាប់ការហូបចុក ការស្នាក់នៅ និងរៀបចំយន្តការផ្សេងទៀត តាមការ ចាំបាច់។

ក្រសួងនឹងបោះពុម្ពសលាកបត្រឯកត្តជន របស់បេក្ខជន ដើម្បីឱ្យបេក្ខជនភៀសខ្លួន អាចមកទទួលនៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត។ ក្រសួងនឹងមានវិធានការគាំទ្រពិសេស សម្រាប់បេក្ខជននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

សង្គ្រាមឈ្លានពាននៅតាមព្រំដែនកម្ពុជា-ថៃ បានបណ្តាលឱ្យមានការផ្អាកដំណើរការសាលារៀន និងប្រជាជនភៀសខ្លួន។ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡាសម្រេចពន្យារពេលនៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ដែលគ្រោងរៀបចំនៅថ្ងៃទី១៨ និងទី១៩ ខែសីហា ឆ្នាំ ២០២៥ ទៅថ្ងៃទី២៨ និងទី២៩ ខែសីហា ឆ្នាំ២០២៥ វិញ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម