ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែនផ្ញើសារអបអរសាទរអតីតនាយករដ្ឋមន្ត្រីវៀតណាម ដែលត្រូវបានតែងតាំងជាប្រធានាធិបតី
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតមួយជូនចំពោះលោក ង្វៀន សួនហ៊្វុក អតីតនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលត្រូវបានតែងតាំងជាប្រធានាធិបតីវៀតណាម។
នៅក្នុងលិខិតនោះ សម្តេចតេជោបានបញ្ជាក់ថា “ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមផ្ញើជូនឯកឧត្តមនូវការអបអរសាទរយ៉ាងជ្រាលជ្រៅ អស់ពីដួងចិត្តជូនចំពោះការតែងតាំងឯកឧត្តមជាប្រធានាធិបតីវៀតណាម។

លិខិតរបស់សម្តេចតេជោ ចុះថ្ងៃទៅ០៥ ខែមេសា នេះ ដែលផ្ញើទៅកាន់លោក ង្វៀន សួនហ៊្វុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានលើកឡើងថា ការទទួលបាននូវតំណែងនេះ បានបង្ហាញអំពីជំនឿជឿជាក់ និងទំនុកចិត្តយ៉ាងខ្លាំងរបស់បក្សកុម្មុយនិស្ត និងប្រជាជនវៀតណាម ទាំងមូលមកលើភាពជាអ្នកដឹកនាំដ៏វាងវៃរបស់លោក ង្វៀន សួនហ៊្វុក។
សម្តេចសម្តែងការជឿជាក់យ៉ាងមុតមាំថា ក្រោមការគ្រប់គ្រង និងការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម សាធារណរដ្ឋសង្គមនិយមវៀតណាមនឹងបន្តទទួលបាននូវការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមកាន់តែធំធេងថែមទៀត ឈានទៅសម្រេចបាននូវគោលដៅក្លាយ ទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៥ និងបន្តបំពេញតួនាទីដ៏សកម្មទាំងនៅលើឆាកតំបន់ និងអន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវអំណរអរគុណដ៏ស្មោះជូនចំពោះលោក ង្វៀន សួនហ៊្វុក ដែលបានថែរក្សាពូនជ្រុំនូវចំណងមិត្តភាពជាប្រពៃណី និងធ្វើឲ្យកាន់តែសំបូរបែបនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់ប្រទេសទាំងពីរ។
សម្តេចបន្តថា ទោះបីជានៅក្នុងពេលបច្ចុប្បន្ននេះយើងមានតួនាទីផ្សេងគ្នាក៏ដោយ ទំនាក់ទំនងដ៏ស្និទ្ធស្នាលរបស់យើង នឹងនៅតែរឹងមាំ និងបន្តជាកត្តាជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរឱ្យកាន់តែមានវិសាលភាពធំធេងជាងមុន។
សម្តេចតេជោ ហ៊ុន សែន បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកបន្តវេនរបស់លោក ង្វៀន សួនហ៊្វុក ដើម្បីលើកកម្ពស់ភាពជាដៃគូយូរអង្វែង ផ្អែកលើ ស្មារតីភាពជាអ្នកជិតខាងល្អ សាមគ្គីភាព ការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ជាពិសេសការជម្នះបាននូវបញ្ហាប្រឈមនានាដែលមិនធ្លាប់បានជួបប្រទះកន្លងមក បណ្តាលមកពីការ រាតត្បាតនៃជំងឺកូវីដ-១៩ ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ប្រកបដោយចិរភាព និងវិបុលភាពរបស់ប្រជាជាតិយើងទាំងពីរ តំបន់ និងសាកលលោកទាំងមូល។
សូមបញ្ជាក់ថា រដ្ឋសភាវៀតណាមនៅថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានបោះឆ្នោតតែងតាំងលោក ង្វៀង សួនហ៊្វុក ជាប្រធានាធិបតីជំនួសលោក ង្វៀន ភូជុង ដោយទទួលបានសម្លេងគាំទ្រជាប្រធានាធិបតីថ្មីរបស់វៀតណាមចំនួន៩៧.៥ភាគរយ ហើយការបោះឆ្នោតនេះធ្វើឡើងក្នុងសម័យប្រជុំលើកទី១១ នៃសភានីតិកាលទី១៤។
លោក ង្វៀង សួនហ៊្វុក បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីវៀតណាមកាលពីខែមេសា ឆ្នាំ២០១៦៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


