ព័ត៌មានជាតិ
កម្ពុជាប្ដេជ្ញាគោរពអនុវត្តតាមខ្លឹមសារនៃការឯកភាពគ្នាជាមួយថៃក្នុងកិច្ចប្រជុំ GBC
អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការអនុវត្តឱ្យបានជាក់លាក់ចំពោះខ្លឹមសារនៃការឯកភាពគ្នាជាមួយភាគីថៃក្នុងកិច្ចប្រជុំវិសាមញ្ញGBC ដែលបានធ្វើឡើងនៅប្រទេសម៉ាឡេស៊ី កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។

អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៨ ខែសីហានេះ ថា៖ «កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ ម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមខ្លឹមសារសេចក្តីប្រកាសព័ត៌មានរួមនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)»។
ការប្ដេជ្ញាចិត្តបែបនេះរបស់កម្ពុជា បន្ទាប់ពីកិច្ចប្រជុំ GBC ថ្នាក់រដ្ឋមន្ត្រីការពារជាតិកម្ពុជា-ថៃ ដោយមានការចូលរួមសង្កេតការណ៍ពីតំណាងម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន កាលពីម្សិលមិញ ដែលបានពិភាក្សានិងឯកភាពគ្នាលើលក្ខខណ្ឌពាក់ព័ន្ធនឹងបទឈប់បាញ់ និងការរៀបចំយន្តការតាមដានសម្រាប់ការអនុវត្តលើបទឈប់បាញ់នេះ ជាពិសេសការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពប្រទេសទាំងពីរ។

លោកស្រី ម៉ាលី សុជាតា បានគូសបញ្ជាក់ថា កិច្ចប្រជុំ GBC នេះ គឺបានប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនា និងវិជ្ជមាន ដែលនាំមកលទ្ធផលប្រកបដោយផ្លែផ្កា រហូតបានចេញនូវសេចក្ដីប្រកាសរួមរបស់ភាគីទាំងពីរ ដែលបានឯកភាពគ្នាលើ ១៣ចំណុច។ ការឈានដល់ការសម្រេចបាននូវការឯកភាពគ្នារបស់ភាគីទាំងពីរលើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការសម្រាប់អនុវត្តនេះ លោកស្រី ថា ជាជំហានដែលភាគីទាំងពីរត្រូវធ្វើដើម្បីរក្សាបានបទឈប់បាញ់ ដែលជាការត្រួសត្រាយផ្លូវដល់ការស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្តារឡើងវិញនូវប្រក្រតីភាពជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ការរៀបចំឱ្យមានយន្តការដើម្បីតាមដានការអនុវត្តបទឈប់បាញ់រវាងភាគីទាំងពីរ លោកស្រី ម៉ាលី សុជាតា ថា ជារឿងសំខាន់បំផុតចំពោះមុខនេះ ដោយភាគីទាំងពីរ ក៏បានយល់ព្រមជំរុញការរៀបចំលក្ខខណ្ឌយោង សម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ានឱ្យបានឆាប់រហ័សបំផុត ក្រោមការដឹកនាំ និងសម្របសម្រួលពីប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន។
ជាមួយនឹងការលើកឡើងខាងលើ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏មិនភ្លេចទាមទារឱ្យភាគីថៃដោះលែងកងកម្លាំងកម្ពុជាទាំង១៨នាក់ ដែលស្ថិតនៅក្រោមការឃុំគ្រងរបស់កងទ័ពថៃ ដើម្បីបញ្ជូនត្រឡប់មកកម្ពុជាវិញឱ្យបានឆាប់រហ័ស។ ចំពោះករណីចាប់កងកម្លាំងកម្ពុជានេះ ក៏ស្ថិតក្នុងសចក្ដីប្រកាសរួមរវាងកម្ពុជា និងថៃ ក្នុងកិច្ចប្រជុំ GBC ផងដែរ។

«ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា យើងនឹងមិនទុកសមាជិករបស់ខ្លួនណាម្នាក់ចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ»។ អ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បញ្ជាក់បន្ថែមយ៉ាងដូច្នេះ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


