Connect with us

ព័ត៌មានជាតិ

៣ភូមិនៅស្រុកកោះធំបានបើកដំណើរការអាជីវកម្មឡើងវិញ

បានផុស

នៅ

ភូមិចំនួន៣នៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដែលបានបិទនៅក្នុងកំឡុងមានផ្ទុះជំងឺកូវីដ-១៩ ធ្ងន់ធ្ងរនោះត្រូវបានអាជ្ញាធរបើកដំណើរអាជីវកម្មឡើងវិញហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាលបានមានប្រសាសន៍នៅល្ងាចថ្ងៃនេះថា​ ភូមិចំនួន៣នោះរួមមាន ភូមិជ្រៃធំ ភូមិព្រែកស្បូវ និងភូមិព្រែកស៊ឹង ស្ថិតនៅក្នុងតំបន់ទីប្រជុំជនជ្រៃធំដែលមានករណីជំងឺកូវីដ-១៩​ ច្រើនករណី បានបើកដំណើរការអាជីវកម្មឡើងវិញហើយបន្ទាប់ពីស្ថានភាពឆ្លងជំងឺនៅក្នុងតំបន់នោះមានសភាពធូរស្រាលរួចមក។

លោកបានបន្តថា៖ “កន្លងមកអាជ្ញាធរបានជូនដំណឹងដោយស្នើឱ្យម្ចាស់អាជីវកម្មគ្រប់ប្រភេទផ្អាកដំណើរការអាជីវកម្មរបស់ខ្លួនជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩​ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ”។ ប៉ុន្តែដោយពិនិត្យឃើញស្ថានភាពក្នុងតំបន់មានសភាពធូរស្រាល យើងក៏សម្រេចឱ្យបើកអាជីវកម្មឡើងវិញ”។

យ៉ាងណាក៏ដោយ នាយករដ្ឋបាលសាលាខេត្តកណ្តាលរូបនេះ បានសំណូមដល់ ម្ចាស់អាជីវកម្មទាំងអស់ត្រូវរក្សាអនាម័យ និងការបង្ការដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ជាយថាហេតុ ដោយធ្វើការវាស់កម្ដៅ លាងដៃ ពាក់ម៉ាស រក្សាគម្លាតសុវត្តិភាព១ ម៉ែត្រកន្លះ និងគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ពិសេសតាមវិធានការ ៣ការពារនិង៣កុំរបស់សម្ដេចនាយករដ្ឋមន្ត្រី៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម