Connect with us

ព័ត៌មានជាតិ

មេយោធភូមិភាគទី៤កម្ពុជា និងមេយោធភូមិភាគទី២ថៃ ជួបគ្នានៅព្រឹកថ្ងៃនេះ

បានផុស

នៅ

កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤កម្ពុជា និងយោធភូមិភាគទី២ថៃ បានចាប់ផ្ដើមហើយនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ ដែលប្រព្រឹត្តទៅនៅច្រកព្រំដែនអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំជាវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ នៅថ្ងៃនេះ ភាគីកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងភាគីថៃដឹកនាំដោយឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២។

កម្ពុជា រំពឹងថា កិច្ចប្រជុំនេះ នឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដែលអនុញ្ញាតឱ្យភាគីទាំងពីរអាចជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ នឹងនាំមកនូវសន្តិភាព ស្ថិរភាព និងប្រក្រតីភាពវិលត្រឡប់មកវិញបានឆាប់រហ័ស។ នេះជាការគូសបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា។

នេះជាលើកទី៤ហើយសម្រាប់កិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគរវាងប្រទេសកម្ពុជា និងប្រទេសថៃ ស្របតាមលទ្ធផលនៃកិច្ចប្រជុំពិសេសររវាងប្រមុខដឹកនាំរដ្ឋាភិបាលប្រទេសទាំងពីរ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងអនុវត្តតាមស្មារតីឯកភាពគ្នានូវគោលការណ៍ ១៣ចំណុចក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។

គោលបំណងនៃការប្រាស្រ័យទាក់ទងគ្នានេះ គឺដើម្បីរក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់ឡើងវិញអំពីការប្ដេជ្ញាចិត្តក្នុងការខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា។

កិច្ចប្រជុំគណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា​-​ថៃបានប្រព្រឹត្តទៅលើកទី១ រវាងយោធភូមិភាគទី៣កម្ពុជា និងបញ្ជាការដ្ឋានការងារច័ន្ទបុរី-ត្រាតថៃ កាលពីថ្ងៃទី១៦ ខែសីហា លើកទី២ យោធភូមិភាគទី៥កម្ពុជា​ និងយោធភូមិភាទី១​ថៃ កាលពីថ្ងៃទី២២ ខែសីហា លើកទី៣ នាថ្ងៃទី២៥ ខែសីហា រវាងយោធភូមិភាគទី៥កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាតថៃ និងលើកទី៤ គឺរវាងយោធភូមិភាគទី៤កម្ពុជា និងយោធភូមិភាគទី២ថៃ នៅថ្ងៃនេះ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម