Connect with us

ព័ត៌មានជាតិ

ព្រឹទ្ធសភានឹងពិនិត្យសំណើសុំដាក់វិសោធនកម្មច្បាប់សញ្ជាតិ ទៅក្នុងសម័យប្រជុំពេញអង្គ

បានផុស

នៅ

នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ស្អែកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំពិនិត្យ និងសម្រេចលើសំណើសុំដាក់សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំព្រឹទ្ធសភានេះ ធ្វើឡើងបន្ទាប់ការអនុម័តរបស់រដ្ឋសភាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិនេះ ហើយបានបញ្ជូនមកព្រឹទ្ធសភា ដើម្បីពិនិត្យបន្ត មុនដាក់ឱ្យសម័យប្រជុំពេញអង្គព្រឹទ្ធសភាពិភាក្សា និងឱ្យយោបល់ នាពេលខាងមុខ។

កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃព្រឹទ្ធសភា ដឹកនាំដោយលោកបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ បានដឹកនាំកិច្ចប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយលោក ស សុខា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងសហការី ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិ។

ក្រោយបានពិនិត្យសិក្សាជាមួយតំណាងរាជរដ្ឋាភិបាលរួចមក គណៈកម្មការជំនាញនៃព្រឹទ្ធសភា ក៏បាននាំយោបល់ជូនគណៈកម្មាធិការអចិន្រ្តៃយ៍វិញ ដើម្បីសុំដាក់សេចក្តីព្រាងច្បាប់ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ ខាងពេលខាងមុខ។

គួរជម្រាបថា រដ្ឋសភាកាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ក្នុងសម័យប្រជុំដែលមានវត្តមានសមាជិកចំនួន១២០រូបបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ។ សេចក្តីព្រាងច្បាប់នេះ គឺតាក់តែងឡើងក្នុងគោលបំណងកែសម្រួល និងបន្ថែមរបបគតិយុត្តអំពីការបាត់សញ្ជាតិខ្មែរ តាមរយៈការដកសញ្ជាតិខ្មែររបស់ជនដែលរស់នៅលើទឹកដីប្រទេសកម្ពុជា ឬនៅបរទេស ឱ្យស្របតាមមាត្រា៣៣ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលជាក្របខ័ណ្ឌគតិយុត្តដ៏រឹងមាំក្នុងការទប់ស្កាត់ និងប្រឆាំងការជ្រៀតជ្រែកខាងក្រៅចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើឃុបឃិតជាមួយបរទេស ឬភ្នាក់ងារបរទេស។ ការដកសញ្ជាតិខ្មែរ ជាការកាត់ផ្តាច់ចំណងគតិយុត្តនិងនយោបាយចំពោះជនដែលក្បត់ជាតិតែប៉ុណ្ណោះ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម