Connect with us

ព័ត៌មានជាតិ

តំណាង​កសិករ​ខេត្ត​បាត់ដំបង និង​កំពង់​ចាម ចុះកិច្ចសន្យាទិញលក់ ជាមួយសហគ្រាស លាង ឡេង និងរីងហ្គាខេម

បានផុស

នៅ

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម តាម​រយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា អេមស៍ បានជួយសម្រប​សម្រួល​ដល់​តំណាង​កសិករ​ចង្កោម​អាជីវកម្ម​គ្រឿង​ទេស​មក​ពី​ខេត្ត​បាត់ដំបង និងកំពង់ចាមចំនួន ៣៤នាក់ ដើម្បីចុះ «កិច្ចសន្យាទិញលក់» ជាមួយសហ​គ្រាសកែច្នៃ​គ្រឿង​ផ្សំចំណីអាហារ និងគ្រឿងទេស «លាង ឡេង» និង «រីងហ្គាខេម» ស្ថិតនៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងអំឡុងពេលមានដំណើរទស្សនកិច្ចសិក្សាមួយ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងរៀនសូត្រគំរូអាជីវកម្ម ដោយមាន​កិច្ច​សហ​ការគ្នារវាងគម្រោង អេមស៍ (AIMS) របស់ក្រសួងពាណិជ្ជកម្ម និងមន្ទីពាណិជ្ជកម្មខេត្ត ក្នុងគោលបំណងបង្កើតកិច្ចសហការ ភាពជា​ដៃគូ​អាជីវកម្ម​រវាងចង្កោមអាជីវកម្ម និងសហគ្រាស ដើម្បីពង្រីកទីផ្សារគ្រឿងទេសឱ្យកាន់តែល្អប្រសើរ និងទូលាយជាងមុន។

លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម និង​ជា​ប្រធានគ្រប់គ្រងគម្រោងថ្នាក់ខេត្តបានថ្លែងថា លោក​មានសុទិដ្ឋិ​និយម​ចំពោះ​កិច្ច​ព្រម​ព្រៀងរវាងតំណាងកសិករចង្កោមអាជីវកម្មគ្រឿងទេសមកពីខេត្តបាត់ដំបង និងកំពង់ចាម ដែលបានចុះកិច្ចសន្យាទិញលក់ ជាមួយ​សហ​គ្រាស​កែច្នៃ​គ្រឿងផ្សំចំណីអាហារ និងគ្រឿងទេស លាង ឡេង និងរីងហ្គាខេម ស្ថិតនៅរាជធានីភ្នំពេញ។

លោក​បន្ត​ថា កសិករនៅខេត្តកំពង់ចាមសរុបចំនួន ៧.៧៥៣ នាក់ក្នុងគម្រោង អេមស៍ ជំហានទី១ និងជំហានទី២ មាន ១៧៥ ក្រុម ដែលកំពុង​ស្ថិត​នៅក្រោមគម្រោង AIMS ហើយពួកគាត់ទទួលបានការគាំទ្រដូចជា សម្ភារៈ បច្ចេកទេសដាំដុះ និងគ្រាប់ពូជផងដែរ។ ក្នុងនោះ គម្រោង អេមស៍(AIMS) បានជួយសម្របសម្រួលជាមួយធនាគារជាដៃគូអភិវឌ្ឍន៍ ដើម្បីផ្ដល់ប្រាក់កម្ចីជូន​កសិករសម្រាប់​ពង្រីកអាជីវ​កម្មរបស់​ពួកគាត់​បន្ថែម​ទៀត។

លោកបញ្ជាក់​ថា «យើង​សប្បាយរីករាយ ដែលបានជួយសម្របសម្រួលជាមួយសហគ្រាសកែច្នៃ​គ្រឿងផ្សំចំណីអាហារ និង​គ្រឿង​ទេស​លាង ឡេង និង​រីងហ្គាខេម ក៏ដូចជាឈ្មួញកណ្ដាលដទៃទៀត ឱ្យបានជួបជាមួយកសិករ ដើម្បីភាក្សា និងផ្លាស់ប្ដូរយោបល់អំពីតម្លៃ ក៏ដូចជា​ការចរចា​ពីនីតិ​វិធី​ទិញ-លក់រវាងកសិករ និងឈ្មួញកណ្ដាលដោយផ្ទាល់ផងដែរ»។

លោក ថត ស៊ីថាន មន្រ្តីមន្ទីរ និង​ជា​មន្ត្រី​បង្គោល​អភិវឌ្ឍន៍​ខ្សែ​ច្រវាក់​តម្លៃ​នៃ​មន្ទីរ​ពាណិជ្ជកម្មបាត់ដំបងបានថ្លែងថា តាម​រយៈកិច្ចព្រមព្រៀងនេះ សហ​គ្រាស​បាន​សន្យា​ជួយ​ទិញ​វត្ថុធាតុ​ដើម​គ្រឿងទេសពីកសិករប្រមាណជាង ៣០តោនក្នុងមួយឆ្នាំ ដើម្បីយកមក​ផ្គត់ផ្គង់ច្រវាក់​ផលិត​កម្ម​របស់​ខ្លួន។ កិច្ចព្រមព្រៀងនេះ គឺជាភាពជោគជ័យរបស់គម្រោង AIMS ដែលខិតខំប្រឹងប្រែងសម្របសម្រួលកន្លងមក។

លោក​បញ្ជាក់​ថា «ខ្ញុំសង្ឃឹមថា កសិករយើងនឹងខិតខំប្រឹងប្រែងពង្រឹងគុណភាព និងបរិមាណបន្ថែមទៀត ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ និងផ្គត់ផ្គង់ជូនសហគ្រាស ដែលបានចុះកិច្ចសន្យាទិញលក់ជាមួយគ្នានៅពេលនេះ។ ក្នុងនាមគម្រោង AIMS យើង​នៅតែ​កៀរគរ​កសិករ​មក​ចូល​រួមជាមួយគម្រោងយើងបន្ថែមទៀត ដើម្បីពង្រីកសមាជិករបស់គម្រោង AIMS ឱ្យកាន់តែច្រើនថែមទៀតនៅតាមមូលដ្ឋាន»។

អ្នកស្រី ឌី ស្រីហាច តំណាងចង្កោមអាជីវកម្មគ្រឿងទេសជយោ នៅឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាមបានថ្លែងថា អ្នកស្រីសប្បាយរីករាយ បន្ទាប់​ពីបាន​ដើរ​ទស្សនកិច្ច​មើលពីដំណើរការកែច្នៃផលិតផលកសិកម្មរបស់សហគ្រាស ជាពិសេសក្រុម​អ្នកស្រីបាន​ចុះកិច្ចសន្យា​ទិញលក់​ជាមួយ​សហ​គ្រាស​ទាំង​ពីរផងដែរ។

អ្នកស្រីបានបញ្ជាក់ថា «ខ្ញុំពិតជាសូមអរគុណដល់គម្រោង អេមស៍ (AIMS) ដែល​បានជួយ​សម្របសម្រួល​ឱ្យ​មាន​កិច្ចព្រមព្រៀង​នា​ពេល​នេះ គឺជួយកសិករដូចជា ពួក​ខ្ញុំ​ឱ្យ​មានទីផ្សារសម្រាប់លក់ដូរផលិតផលកសិកម្មរបស់ពួកខ្ញុំដែលផលិតបាន។ ខ្ញុំនឹងពិភ្សាគ្នា​ជាមួយ​សមាជិក​ក្រុម​បន្ថែម​ទៀត ដើម្បីពង្រីកផ្ទៃដីដាំដុះ ព្រោះពេលនេះយើងមានខាងសហគ្រាសជួយទិញ ដែលធ្វើឱ្យពួកខ្ញុំមានកម្លាំងចិត្តក្នុងការផលិតបន្ថែមទៀត»។

លោក សោម វិសាល តំណាងចង្កោមអាជីវកម្មគ្រឿងទេសតាសាញ នៅឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបងបានថ្លែងថា គម្រោង អេមស៍ (AIMS) បាន​ជួយ​កសិករ​ជាច្រើន​តាមរយៈ​ជួយសម្ភារៈសម្រាប់ប្រើប្រាស់​ក្នុង​ដំណើរការ​ផលិតកសិផល ជាពិសេសមាន​ជំនាញ​ខាងបច្ចេក​ទេស​ជួយ​បង្រៀនបច្ចេកទេសដាំដុះដល់ប្រជាពលរដ្ឋ និង​ជួយរក​ទីផ្សារលក់ដូរផលិតផលរបស់កសិករផងដែរ។

លោកបញ្ជាក់ថា «ខ្ញុំពិតជារំភើបរីករាយដែលគម្រោង អេមស៍ (AIMS) បាន​ជួយ​សម្របសម្រួល​ឱ្យ​មាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​សហគ្រាស​ទាំង​ពីរ​ក្នុងការទិញ-លក់ផលិតផល​របស់ពួកខ្ញុំជាអ្នកផលិត។ នៅពេលនេះ យើងមានទីផ្សារជាក់លាក់ហើយ គឺជាការផ្ដល់​កម្លាំងចិត្ត​ដល់កសិករ​ឱ្យ​មាន​ការខិតខំប្រឹងប្រែងផលិតបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ»។

លោក លាង ឡេង ម្ចាស់សហគ្រាស លាង ឡេង បានថ្លែងថា សហគ្រាស លាង ឡេង បានជួយគាំទ្រដល់​កសិករជាច្រើន​នាក់រួចមក​ហើយ​តាម​រយៈ​ការ​ជួយទិញផលិតផលកសិផលពីពួកគាត់ ខណៈដែលពួកគាត់កំពុងត្រូវការទីផ្សារសម្រាប់លក់ផលិតផលរបស់ខ្លួន។ សហគ្រាស​របស់លោក​បាន​ប្រើប្រាស់វត្ថុធាតុដើមនៅក្នុងស្រុកស្ទើតែទាំងស្រុង ដើម្បីគាំទ្រផលិតផលក្នុងស្រុកឱ្យកាន់តែមានតម្លៃ។

លោកបញ្ជាក់ថា «សហគ្រាស លាង ឡេង យើងខ្ញុំបានចុះកិច្ចព្រមព្រៀង គឺជួយទិញ​កសិផលពីប្រជាកសិករយើងចំនួនពីរ គឺខេត្តបាត់ដំបង និង​ខេត្ត​កំពង់​ចាម តាមរយៈការបញ្ជាទិញម្ទេសក្នុងតម្លៃសមរម្យ ព្រោះកសិករលក់ក្នុងតម្លៃល្អមកឱ្យសហគ្រាសយើងដែរ។ ខ្ញុំក៏សូម​អរគុណ​ដល់​គម្រោង អេមស៍ (AIMS) ដែរ ដែលបានជួយសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងរវាងសហគ្រាសខ្ញុំ និងកសិករនាពេលនេះ»។

សម្រាប់លោកស្រី ស ស្រីហួច ម្ចាស់សហគ្រាស រីងហ្គាខេម បានថ្លែងថា លោកស្រីមានអារម្មណ៍​សប្បាយរីករាយ​ដែលបាន​រួមចំណែក​ជួយ​ដល់​កសិករ​​​តាម​រយៈការចុះកិច្ចព្រមព្រៀងនេះ។ លោកស្រីរំពឹងថា កសិករនឹងពង្រីកការដាំដុះរបស់របស់ពួកគាត់ ក៏ដូចជា​ពង្រីងគុណ​ភាពសម្រាប់​ផ្គត់​ផ្គង់​ដល់សហគ្រាស។

លោកស្រីបានបញ្ជាក់ថា «ពួកគាត់បានមកសិក្សាពីទីតាំងរបស់ខ្ញុំដែរ ហើយពួកគាត់បានជឿជាក់​ទៅលើច្រវាក់​ផលិតកម្ម​របស់​សហគ្រា​ស​យើង​ខ្ញុំ​ដែរ ហើយកន្លងមកនេះ ខ្ញុំបានជួយទិញផលិតផលកសិផលជាច្រើននៅតាមខេត្តគោលដៅផងដែរ។ សហគ្រាស​ខ្ញុំបាន​ជួយទិញ​គ្រឿងផ្សំ​ចំណី​អាហារ និង​គ្រឿងទេសរាប់រយតោនក្នុងមួយឆ្នាំ ដើម្បីយកមកកែច្នៃទៅតាមមុខងាររបស់វត្ថុធាតុដើម»។

គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(អេមស៍) គឺជាគម្រោងអនុវត្តដោយក្រសួងពាណិជ្ជកម្ម ដែលជាគំនិតផ្តួចផ្តើម​រួមគ្នារវាង​រាជ​រដ្ឋាភិបាល​កម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម(IFAD) ក្នុងគោលបំណង ជំរុញកំណើនទីផ្សារប្រកបដោយបរិយាបន្ន សម្រា​ប់ផលិត​ផល​កសិ​កម្ម​ដែលមានតម្លៃខ្ពស់ និងការអភិវឌ្ឍចង្កោមអាជីវកម្មតាមជនបទ ដែលអ្នកផលិតជាក្រុមកសិករខ្នាតតូច ក្នុងនោះ​កសិករ​ក្រីក្រក៏​អាចទទួល​បាន​ផល​ប្រយោជន៍រួមគ្នាដែរ។

ចំពោះជំហានទី១ គឺគម្រោង អេមស៍ ត្រូវបានអនុវត្តរយៈពេលប្រាំពីរឆ្នាំ ដែលផ្តើមអនុវត្តចាប់ពី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដើម្បីអនុវត្តនៅតាមបណ្ដាខេត្តគោលដៅចំនួន១៨ រួមមាន ខេត្តបាត់ដំបង កំពង់ចាម កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង សៀមរាប បន្ទាយមានជ័យ ប៉ៃលិន កែប កណ្តាល តាកែវ កំពត កំពង់ស្ពឺ ព្រៃវែង ត្បូងឃ្មុំ រតនគិរី និងមណ្ឌលគិរី ប៉ុន្តែបន្ទាប់ពីការត្រួតពិនិត្យវាយតម្លៃពាក់​កណ្តាលគម្រោងនៅឆ្នាំ២០២១ កាលបរិច្ឆេទបញ្ចប់គម្រោង ត្រូវបានពន្យារពេលដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។

សម្រាប់ជំហានទី២ ក្នុងឆ្នាំ២០២៤ IFAD បានអនុម័តថវិកាបន្ថែមចំនួន ២០ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងរយៈពេល ៣ឆ្នាំ បន្ត​ទៀត ដែលចាប់ផ្តើមពី ខែតុលា ឆ្នាំ ២០២៤ ហើយនឹងត្រូវបញ្ចប់ក្នុង ខែកញ្ញា ឆ្នាំ ២០២៧៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម