Connect with us

ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀងប៉ះពាល់ពលរដ្ឋកើនឡើងជិត​៤ម៉ឺនគ្រួសារ និងដំណាំស្រូវជាង២ម៉ឺន២ពាន់ហិកតាក្នុងខេត្ត១០

បានផុស

នៅ

ជំនន់ទឹកភ្លៀងបានបង្កឱ្យរងគ្រោះដល់ខេត្តចំនួន១០ ប៉ះពាល់ប្រជាពលរដ្ឋកើនឡើងដល់ជិត៤ម៉ឺនគ្រួសារ ផ្ទះជាង​២ម៉ឺន៣ពាន់ខ្នង ជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាពជាង២៥០០ខ្នង និងដំណាំស្រូវជាង២ម៉ឺន២ពាន់ហិកតា ក្នុងនោះខូចខាតជិត៣ពាន់ហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៤កញ្ញានេះថា គិតចាប់ពីថ្ងៃទី២៦កញ្ញា ដល់ល្ងាចថ្ងៃទី៣តុលា ឆ្នាំ២០២៥ ខេត្តដែលជន់លិចចំនួន ១០ខេត្ត រួមមាន ស្ទឹងត្រែង ក្រចេះ ព្រៃវែង កំពង់ធំ សៀមរាប បន្ទាយមានជ័យ ត្បូងឃ្មុំ ព្រះវិហារ កណ្តាល និងកំពង់ចាម បណ្តាល​ឱ្យ​ប៉ះពាល់ ៥៣ ក្រុង/ស្រុក ស្មើ ៣៨,៩៤០ គ្រួសារ (កើន ៥,០៨៩ គ្រួសារ) ផ្ទះប៉ះពាល់ចំនួន២៣,៣៥១ ខ្នង (កើន ២,៤០១ ខ្នង) ជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាពចំនួន២,៥១២ គ្រួសារ ស្រូវប៉ះពាល់ចំនួន២២,៥២៣ ហិកតា (កើន ៥,៦១៥ ហិកតា) ក្នុងនោះស្រូវខូចខាតចំនួន២,៨៩៤ ហិកតា (កើន ១,៩០១ ហិកតា)។

ចំពោះខេត្តរតនគីរី ខេត្តមណ្ឌលគីរី និងខេត្តឧត្តរមានជ័យ ទឹកបានបន្តចុះស្រកជាបណ្តើរៗហើយ។ រីឯកម្ពស់ទឹកនៅតាមស្ថាននីយមួយចំនួនរួមមានទន្លេមេគង្គស្ទឹងត្រែង ទឹកមានកម្ពស់១០.២៣ម៉ែត្រ (កម្រិតប្រុងប្រយ័ត្ន ១០.៧០ម៉ែត្រ) ទន្លេមេគង្គក្រចេះទឹកមានកម្ពស់២១.៦២ម៉ែត្រ (កម្រិតប្រុងប្រយ័ត្ន ២២.០០ម៉ែត្រ) និងទន្លេបាសាក់ចតុមុខទឹកមានកម្ពស់ ៩.៤២ម៉ែត្រ (កម្រិតប្រុងប្រយ័ត្ន ១០.៥០ម៉ែត្រ)។

ក្រសួងសុខាភិបាលបានក្រើនរំលឹកពលរដ្ឋរងគ្រោះដោយទឹកជំនន់ត្រូវបង្កើនការប្រុងប្រយ័ត្នចៀសវាងប៉ះពាល់សុខភាពនិងអាយុជីវិត ក្រសួងសុខាភិបាលបានធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋពិសេសប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់ និងជំនន់ទឹកភ្លៀងសូមបង្កើនការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈទុកជាមុនក្នុងការឆ្លើយតប ដើម្បីការពារខ្លួន និងគ្រួសារពីផលប៉ះពាល់នៃគ្រោះទឹកជំនន់ចៀសវាងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធទ្រព្យសម្បត្តិ សុខភាព និងអាយុជីវិត។

ក្រសួងសូមអំពាវនាវឱ្យប្រជាពលរដ្ឋ នៅក្នុងអំឡុងពេលមានទឹកជំនន់មិនត្រូវចូលទៅក្នុងផ្ទះ ឬអគារទ្រុឌទ្រោម ព្រោះអាចស្រុតបាក់បែកបង្កឱ្យគ្រោះថ្នាក់ មិនត្រូវប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនីដោយដៃសើម ឬកំពុងឈរនៅក្នុងទឹកត្រូវសម្រាន្តក្នុងមុងគ្រប់ពេលដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនឈីក និងជំងឺផ្សេងៗ។ ត្រូវការពារកុមារតូចៗមិនឱ្យចុះទឹក និងពន្យល់កុមារពីគ្រោះថ្នាក់ នៃការលង់ទឹក ក៏ដូចជានាំកុមារទៅកន្លែងខ្ពស់ និងមានអ្នកថែទាំ ព្រមទាំងប្រើអាវពោងសុវត្ថិភាព ឬប៊ីដុង ជ័រគ្រប់ពេលកុមារចេញពីផ្ទះត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអសិរពិសផ្សេងៗ។

ជាមួយគ្នានេះដែរក្រោយពេលទឹកជំនន់ត្រូវបន្តបរិភោគចំណីអាហារស្អាត ទឹកស្អាត និងអនាម័យខ្លួនប្រាណឱ្យបានស្អាត
ដើម្បីចៀសវាងនូវជំងឺផ្សេងៗត្រូវបន្តសម្រាន្តក្នុងមុងគ្រប់ពេលដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនឈិកនិងជំងឺផ្សេងៗទៀតត្រូវពិនិត្យមើលផ្ទះក្រែងមានបាក់ស្រុតនាំឱ្យមានគ្រោះថ្នាក់ប្រុងប្រយ័ត្នក្រែងមានសត្វពស់ ឬសត្វ អសិរពិសផ្សេងៗ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម