នយោបាយ
លោក សុខ ឥសាន ៖ អ្នកច្បាប់បានគិតគូរហើយ ចំពោះសំណើសុំវិសោធនកម្ម ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ
មន្ត្រីនាំពាក្យ គណបក្សកាន់អំណាច បានលើកឡើងថា ក្រុមការងារផ្នែកច្បាប់ របស់រាជរដ្ឋាភិបាល បានគិតគូយ៉ាងល្អិតល្អន់រួចហើយ ទៅលើការស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលៗ របស់ជាតិ ហើយថា ការធ្វើច្បាប់អ្វីមួយ មិនមែនត្រូវការហើយ ទើបធ្វើនោះទេ។ ការលើកឡើងនេះ បន្ទាប់ពីមានគណបក្សនយោបាយខ្លះ យល់ថា ការវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ មិនទាន់ដល់ពេលនៅឡើយ ហើយជំរុញឲ្យរាជរដ្ឋាភិបាល គិតគូដោះស្រាយបញ្ហាកូវីដ-១៩ និងបញ្ហាសេដ្ឋកិច្ចវិញ។
ទាក់ទងនឹងការលើកឡើងនេះ លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៣ ខែតុលានេះថា គំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលៗ របស់ជាតិនោះ មានការសាទរយ៉ាងច្រើនលើសលប់ ពីប្រជាពលរដ្ឋទូទាំងប្រទេស និងពីគ្រប់មជ្ឈដ្ឋានទាំងអស់។

ទោះជាយ៉ាងណាក៏ដោយ ក៏មានមជ្ឈដ្ឋានខ្លះដែរ ដែលមិនបានគាំទ្រចំពោះបញ្ហានេះ។ លោក សុខ ឥសាន យល់ថា ចំពោះការមានមតិផ្ទុយនេះ បានឆ្លុះបញ្ចាំងថា ប្រទេសកម្ពុជា កំពុងដំណើរការតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ចំពោះការលើកឡើង របស់គណបក្សនយោបាយខ្លះ ដែលថា មិនទាន់ដល់ពេលធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ ដល់ថ្នាក់ដឹកនាំកំពូលៗ របស់ជាតិនោះ ត្រូវបានអ្នកនាំពាក្យ គណបក្សកាន់អំណាច បានបញ្ជាក់ថា ក្រុមការងារផ្នែកច្បាប់របស់រាជរដ្ឋាភិបាល បានគិតគូរួចហើយ ពោលគឺការធ្វើច្បាប់អ្វីមួយ មិនមែនត្រូវការ ហើយទើបធ្វើនោះទេ។
លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា «ទោះបីថា គាត់ថាមិនទាន់ដល់ពេលវេលាយ៉ាងណាក៏ដោយ ក៏ក្រុមប្រឹក្សាអ្នកច្បាប់ គេគិតគូរួចហើយ ការធ្វើច្បាប់មិនមែនដល់ពេលត្រូវការ ហើយបានធ្វើទេ គេធ្វើទុកមុន ដើម្បីបង្កាជាយថាហេតុ ឧទាហរណ៍ដូចជា ច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន គឺថា គេត្រូវធ្វើទុកជាមុន ដើម្បីម្ចាស់ការក្នុងការអនុវត្តពេលណា ដែលកើតព្រឹត្តិការណ៍ចៃដន្យកើតឡើង អាហ្នឹងគេអនុវត្ត»។
អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានលើកឡើងបន្តថា ទោះបីជាច្បាប់ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ប្រធានស្ថាប័នកំពូលទាំង ៤នោះ មិនទាន់ដល់ពេលអនុវត្តក៏ពិតមែន តែយើងត្រូវមានច្បាប់ត្រៀមលក្ខណៈទុកអនុវត្ត។ បើមិនដូច្នេះទេ នឹងអាចបើកផ្លូវដល់ជនឱកាសនិយម ដើម្បីជ្រៀតចូលទៅក្នុងស្ថាប័នកំពូលៗ របស់ជាតិទាំងនោះ ដែលនាំទៅដល់គ្រោះថ្នាក់ សម្រាប់ប្រទេសជាតិ ដោយមិនមែនជារឿងធម្មតានោះទេ។
លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់បន្ថែមថា សំណើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលៗ របស់ជាតិនោះ បាននិងកំពុងដំណើរការទៅដោយរលូន មិនមានការរាំងស្ទះនោះទេ ពោលគឺកំពុងស្ថិតនៅក្នុងដៃរដ្ឋសភា។
សូមជម្រាបថា លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាជាតិ បានឲ្យដឹងថា សំណើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញខាងលើនេះ បានទៅដល់រដ្ឋសភា កាលពីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ហើយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំពិនិត្យមើលលើសេចក្តីស្នើនេះ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ខាងមុខ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?