Connect with us

នយោបាយ

មនុស្សស្និទ្ធលោក កឹម សុខា ចេញសារវាយប្រហារបកខ្លាំងៗលើអតីតមន្រ្តីបក្សប្រឆាំងលោក ​គឹមសួរ ​ភិរិទ្ធ

បានផុស

នៅ

យ៉ាងហោចណាស់មនុស្សស្និទ្ធនឹងលោក កឹម សុខា ២រូប គឺលោក មុត ចន្ថា និងលោក យឹម ស៊ីណន បានចេញសារវាយប្រហារបកខ្លាំងៗទៅលើលោកគឹមសួរ ភិរិទ្ធ អតីតអ្នកតំណាងរាស្រ្តបក្សប្រឆាំងដែលបាននិយាយឌឺដងដាក់លោក កឹម សុ​ខា ពាក់ព័ន្ធនឹងការចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលថ្មីៗនេះ លោក កឹម សុខា ដែលកំពុងជាប់រឿងក្តីក្តាំសន្ទិដ្ឋិភាពជាមួយបរទេស បានចុះទៅសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានាជុំវិញបឹងទន្លេសាប។ ប៉ុន្តែដំណើររបស់លោកនេះ គឺមិនពេញចិត្តសម្រាប់លោក គឹមសួរ ភិរិទ្ធ ដែលជាអតីតមន្រ្តីជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិ។ នាព្រឹកព្រលឹមថ្ងៃចន្ទនេះ លោក គឹមសួរ ភិរីទ្ធ បានចេញសារឌឺដងតាមហ្វេសប៊ុករបស់លោកទៅកាន់លោក កឹម សុខាថា ៖«បើពីមុនក្លាហានហ៊ានចេញដើរធ្វើតែប៉ុណ្ណឹង មិនដឹងជាល្អយ៉ាងណា!»។

ប្រតិកម្មទៅនឹងការលើកឡើងនេះ លោក មុត ចន្ថា នាយកខុន្ធកាល័យលោក កឹម សុខា នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ បានវាយបកទៅកាន់លោក គឹមសួរ ភិរិទ្ធ ថា មុនយកម្រាមដៃចង្អុលដាក់គេឯង គួរសួរខ្លួនឯងផងថា ខ្លួនបានធ្វើអីខ្លះរយៈពេលជិត៤ឆ្នាំមកនេះ។ ខ្លួនឯង ជាសត្វគីង្គក់ ធ្វើម៉េចទៅពពាយនាយលក់ថ្នាំព្យាបាលស្រែងឱ្យគេជឿ។ លោកអះអាងថា៖« កុំភ្លេចទុកដាក់ប្រាក់ជាង៣ពាន់ដុល្លាររបស់ខេត្តកំពង់ស្ពឺឱ្យល្អ និងសុវត្ថិភាព ព្រោះវាជាញើសឈាមរបស់មនុស្សច្រើននាក់។ ប្រយ័ត្នលុយចងក! មេខ្លួនឯងចោលម្សៀត ចរិតដូចសត្វទន្សាយចេះត្រឹមតែរត់គ្រាន់តែផ្អែលព្រៃ!»។

ចំណែក លោក យឹម ស៊ីណន ដែលជាមនុស្សស្និទ្ធនឹងលោក គឹម សុខា មួយរូបទៀត ក៏មិនបាននៅស្ងៀមដែរ។ តាមរយៈហ្វេសប៊ុកនារសៀលថ្ងៃចន្ទនេះ លោក យឹម ស៊ីណន បានសរសេរថា កុំថាឡើយពីមុន ឬបច្ចុប្បន្ន និងអនាគត មូលដ្ឋានគ្រឹះនយោបាយរបស់លោក កឹម សុខា គឺការចុះនៅជាប់ជាមួយអ្នកមូលដ្ឋានរាប់សិនឆ្នាំមកហើយ មិនមែនតែពេលនេះនោះទេ ហើយសារជាតិនយោបាយនៃការរត់ចោលស្រុក រត់ចោលអ្នកគាំទ្រ និងបោះបង់សមរភូមិមូលដ្ឋាននៃលោកសម រង្ស៊ី ក៏បានស្តែងឲ្យឃើញរាប់សិបឆ្នាំមកដែរ។

ដូច្នេះហើយ លោក យឹម ស៊ីណន បានគូសបញ្ជាក់ថា ការចុះមូលដ្ឋានសួរសុខទុក្ខរបស់លោកឹម សុខា តាំងពីរាប់ឆ្នាំមុនក្តី នាពេលថ្មីៗនេះក្តី និងទៅអនាគតក្តី វាជាសក្ខីភាពពិតនៃភាពជាមេដឹកនាំពិតៗ ពោល គឺមិនមែនជារឿងចម្លែកអ្វីនោះទេ។ អ្វីដែលគួរឲ្យចម្លែកនោះគឺ នាមជាមេដឹកនាំ តែជើងមិនជាប់ដី ក្បាលមិនទល់មេឃ មានតែជំនាញ និងសេណារីយ៉ូច្បាស់លាស់ក្នុងការរុញឲ្យសកម្មជនខ្លួនបែកក្បាល ជាប់គុកជំនួសខ្លួន៕

ដោយ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម