Connect with us

នយោបាយ

អនុប្រធានសភា​រុស្ស៊ីថាត្រូវ​តែ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កម្ពុជាឱ្យ​កាន់​តែជិតស្និតថែម​ទៀត

បានផុស

នៅ

អនុប្រធាន​រដ្ឋសភា​នៃ​សហព័ន្ធ​រុស្ស៊ីថាលោក KARA-OLL Shalban បានលើក​ឡើង​ដោយ​គាំទ្រ​ដល់​គំនិត​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​រួម​គ្នា​អ្វីមួយ​ដើម្បី​អប​អរនៅ​លទ្ធផល​នៃ​ទំនាក់ទំនងកម្ពុជា​-រុស្ស៊ី​ខួប​៧០​ឆ្នាំ​ ខណៈលោក​ថាទំនាក់​ទំនង​ជាមួយ​កម្ពុជា​ត្រូវ​តែ​ពង្រឹង​បន្ថែម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើក​ឡើង​ក្នុងជំនួប​ជាមួយ​ប្រធាន​សភា​កម្ពុជា នៅ​ទី​ក្រុង​កូឡាឡាំពួ ក្នុង​ឱកាស​មហាសន្និបាត​អន្តរសភាអាស៊ានលើក​ទី​៤៦ លោក KARA-OOL Shalban បាន​សំឡឹង​មើល​ការ​ភ្ជាប់​ជើង​ហោះ​ហើរ​ត្រង់​ពី​មូស្គូ​មក​ភ្នំពេញ​តែ​ម្ដងដើម្បីងាយស្រួលដល់ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន។ លោក​យល់ស្រក​នឹង​គំនិត​របស់ប្រធានសភា​កម្ពុជា​ក្នុង​ការ​អបអរ​ខួប​៧០​ឆ្នាំនៃ​ទំនាក់ទំនង​រវាង​រុស្ស៊ី និង​កម្ពុជា​នៅ​ឆ្នាំ​២០២៦​ខាង​មុខ​ ប្រទេស​ទាំង​ពីរ​គួរ​មាន​ការ​រៀបចំ​ព្រឹត្តិការណ៍​រួម​គ្នា​អ្វី​មួយ​ដើម្បីអបអរសាទរនូវសមិទ្ធផលគួរជាទីមោទនៈជាច្រើន ដែលកើតចេញពីចំណង មិត្តភាព ទំនាក់ទំនងដ៏ល្អ យូរអង្វែង និងភាពជាដៃគូនៃប្រទេសទាំងពីរ។

លោក KARA-OOL Shalban ក៏បានអបអរសាទរចំពោះការគំាទ្រគ្នាទៅវិញទៅមករវាងសភាប្រទេសទំាងពីរនៅលើវេទិកាអន្តរជាតិនានា ហើយកម្ពុជានិងរុស្ស៊ី ក៏បានសិក្សាបទពិសោធន៍ពីគ្នាទៅវិញទៅមក ជាច្រើនវិស័យដែរ នៅក្នុងនោះមានការបោះឆ្នោតជាដើម។

ប្រធាន​រដ្ឋសភា​កម្ពុជា​ សម្ដេច​សភា​ធិបតី ឃួន សុដារី មាន​ប្រសាសន៍​ដោយបានថ្លែងអំណរគុណរុស្ស៊ីដែលតំាងពីអតីតសហភាពសូវៀត បានចូលរួមគំាទ្រ ដល់ការស្តារនិងអភិវឌ្ឍន៍សង្គមកម្ពុជាឡើងវិញក្រោយពីថ្ងៃទី៧មករាឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ។ សម្ដេច​បានស្នើដល់រុស្ស៊ីជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ប្រទេសទំាងពីរឱ្យមានកំណើនបន្តទៀត។ នៅក្នុងនោះសម្តេចក៏បានស្នើដល់រុស្ស៊ី បន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅសហព័ន្ធរុស្ស៊ីឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍមូលធនមនុស្សរបស់កម្ពុជា។ 

ថ្នាក់ដឹកនាំសភាប្រទេសទាំងពីរ បានសន្យាថាបន្តរក្សាការផ្លាស់ប្តូរទស្សនកិច្ច គាំទ្រគ្នាទៅវិញទៅមក និងការពិគ្រោះយោបល់កម្រិតខ្ពស់។ 

យោង​តាម​ការ​ចុះ​ផ្សាយរ​បស់​រដ្ឋ​សភា​កម្ពុជា៖ «ការពង្រឹងចំណងមិត្តភាពទាំងនេះ នឹងជួយជំរុញការយល់ដឹងគ្នាទៅវិញទៅមក កសាងទំនុកចិត្ត ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកនីតិប្បញ្ញត្តិកាន់តែរឹងមាំនិងស៊ីជម្រៅ» 

ទំនាក់ទំនង​ការ​ទូត​រុស្ស៊ីកម្ពុជា​បង្កើត​ឡើង​នៅ​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​១៩៥៦ នៅ​ខែ​ធ្នូ ឆ្នាំ១៩៩១ កម្ពុជា​បាន​ទទួល​ស្គាល់​រុស្ស៊ី​ជា​អ្នក​បន្តតំណែង​ស្រប​ច្បាប់​របស់​សហភាព​សូវៀត។ រុស្ស៊ីបានរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ទប់​ស្កាត់​ជម្លោះ​នៅ​កម្ពុជា រៀបចំកិច្ច​ព្រមព្រៀង​សន្ដិភាព​ក្រុង​ប៉ារីស ក៏​ដូច​ជាអ្នក​មក​ចូល​រួម​រក្សា​សន្ដិភាពរបស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​ពី​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​១៩៩៣​ផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម