ព័ត៌មានជាតិ
នាវាចម្បាំងបំបាំងកាយទំនើបបំផុតរបស់រុស្ស៊ី បំពេញបេសកកម្មក្រៅប្រទេសលើកដំបូងមកដល់កម្ពុជា
នាវាចម្បាំងនៃកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីចំនួន ២គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ ក្នុងដំណើរទស្សនកិច្ចមិត្តភាពរយៈពេល ៤ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។

នាវាចម្បាំងទាំងពីរគ្រឿងនោះមានឈ្មោះ SOVERSHENNYY (៣៣៣) និង REZKIY (៣៤៣) ដោយមានផ្ទុកនាវិកសរុបប្រមាណ ២៥០នាក់។ អ្វីដែលជាការចាប់អារម្មណ៍ខ្លាំងនោះ គឺនាវា REZKIY (៣៤៣) ដែលជានាវាចម្បាំងបច្ចេកវិទ្យាខ្ពស់ចុងក្រោយបង្អស់របស់រុស្ស៊ី។ ចាប់តាំងពីនាវានេះបានចាកចេញពីច្រាំងសមុទ្ររុស្ស៊ីកាលពីខែកុម្ភៈកន្លងទៅ វាក៏ត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់វិទ្យាស្ថានកងទ័ពជើងទឹកសហរដ្ឋអាមេរិក (U.S. Naval Institute) ផងដែរ។
យោងតាមការចុះផ្សាយរបស់ USNI News កាលពីខែកុម្ភៈ បានឱ្យដឹងថា ការដាក់ពង្រាយកងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ីក្នុងឆ្នាំនេះ អាចនឹងលាតសន្ធឹងដល់តំបន់មជ្ឈិមបូព៌ា ដើម្បីចូលរួមក្នុងសមយុទ្ធ “ខ្សែក្រវាត់សន្តិសុខសមុទ្រ” រួមជាមួយអ៊ីរ៉ង់ និងចិន។ ទោះជាយ៉ាងណាក៏ដោយ គេមិនទាន់ច្បាស់ទេថាតើនាវាទាំងនេះនឹងបន្តទៅចូលរួមក្នុងសមយុទ្ធនោះដែរឬទេ ស្របពេលដែលមានភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកំពុងកើតឡើង។

កាលពីខែកុម្ភៈ កងទ័ពជើងទឹករុស្ស៊ីប្រចាំតំបន់ប៉ាស៊ីហ្វិកបានប្រកាសថា នាវាចម្បាំង SOVERSHENNYY (៣៣៣), REZKIY (៣៤៣) និងនាវាដឹកប្រេង Pechenga នឹងធ្វើសមយុទ្ធជាបន្តបន្ទាប់នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងចូលចតនៅកំពង់ផែនៃបណ្តាប្រទេសជាមិត្តក្នុងតំបន់។ មុនពេលមកដល់កម្ពុជា នាវា REZKIY (៣៤៣) បានចូលចតនៅប្រទេសម៉ាឡេស៊ី ឥណ្ឌា បង់ក្លាដែស និងមីយ៉ាន់ម៉ា ខណៈដែលកម្ពុជាអាចជាប្រទេសចុងក្រោយក្នុងបេសកកម្មចេញឆ្ងាយពីផ្ទះជាលើកដំបូងរបស់នាវានេះ។
គួរជម្រាបជូនថា នាវា REZKIY (៣៤៣) គឺជាប្រភេទនាវាការពារមាត់ច្រាំង (Corvette) ដែលទើបដាក់ឱ្យចូលបម្រើការក្នុងកងទ័ពជើងទឹករុស្ស៊ី កាលពីខែកញ្ញា ឆ្នាំ២០២៣។ នាវានេះមានសមត្ថភាពបំបាំងកាយពីរ៉ាដា អាចការពារខ្លួនពីការវាយប្រហារបានយ៉ាងរហ័ស និងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការវិភាគ និងបញ្ជាទៅកាន់ប្រព័ន្ធអាវុធដោយស្វ័យប្រវត្តិ ដើម្បីកម្ទេចគោលដៅទាំងលើអាកាស ផ្ទៃទឹក និងក្រោមទឹក៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


