Connect with us

ព័ត៌មានជាតិ

និស្សិតកម្ពុជាមានឱកាសសិក្សាជំនាញវិស្វកម្មយន្តហោះនៅរុស្សី ក្រោយអាហារូបករណ៍កើនដល់ ៦០ នាក់

បានផុស

នៅ

សម្រាប់ឆ្នាំ ២០២៦នេះ រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី សម្រេចបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជារហូតដល់ ៦០នាក់ ដែលចំនួននេះមានការកើនឡើងពីឆ្នាំមុនៗដែលមានប្រមាណចន្លោះពី ៣០ ទៅ ៤០ នាក់ប៉ុណ្ណោះ។ និស្សិតដែលទទួលបានអាហារូបករណ៍ទាំងនោះ មានឱកាសសិក្សាជំនាញផ្សេងៗនៅតាមសាកលវិទ្យាល័យនានា ដែលកំណើននេះក៏បានផ្តល់ឱកាសដល់និស្សិតកម្ពុជាសិក្សាជំនាញវិស្វកម្មយន្តហោះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផន បុរី ជំនួយការនាយិកាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្សី បានថ្លែងប្រាប់ឱ្យដឹងនៅថ្ងៃទី ១១ ខែកុម្ភៈនេះថា ការបង្កើនចំនួនអាហារូបករណ៍នេះ ផ្តល់ជូនទៅលើអ្នកជាប់បម្រុង ដើម្បីឱ្យពួកគាត់មានឱកាសបានទៅបន្តការសិក្សានៅប្រទេសរុស្សី។ បើតាមលោក បុរី ជំនាញដែលរុស្ស៊ីផ្តល់ជូននិស្សិតកម្ពុជាសិក្សារួមមានវិស្វកម្មយន្តហោះ ការបញ្ជារផ្លូវអាកាសយន្តហោះ បច្ចេកវិទ្យាកែរច្នៃចំណីអាហារ បច្ចេកវិទ្យាគីមី វិស្វកម្ម មេកានិច អគ្គិសនី សំណង់ស៊ីវិល ស្ថាបត្យកម្ម ព័ត៌មានវិទ្យា កសិកម្ម វិទ្យាសាស្ត្រនយោបាយច្បាប់ ទេសចរណ៍ និងសារព័ត៌មានជាដើម។

ចំពោះលក្ខខណ្ឌក្នុងការជ្រើសរើសនិស្សិតទៅសិក្សានៅរុស្សី ទាមទារឱ្យនិស្សិតត្រូវមានសុខភាពល្អ មិនមានជំងឺអេដស៍ ថ្លើម និងរបេង ហើយបើចេះភាសាអង់គ្លេសខ្លះរឹតតែប្រសើរ។ លើសពីនេះ និស្សិតដែលជាប់អាហារូបករណ៍ទាំងអស់ តម្រូវឱ្យសិក្សាភាសារុស្ស៊ី មុនបន្តការសិក្សានៅក្នុងប្រទេសនេះ។ នេះបើតាមលោក បុរី បញ្ជាក់បន្ថែម។

ក្រៅពីធានារ៉ាប់រងថ្លៃសិក្សា និស្សិតទាំងអស់នឹងទទួលបានថវិកា ៣០ដុល្លារក្នុងមួយខែ រហូតដល់រៀនចប់ពីរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ខណៈរាជរដ្ឋាភិបាលកម្ពុជាវិញ បានជួយឧបត្ថម្ភចំនួន ១៥០ ដុល្លារ ក្នុង ១ ខែ ដល់និស្សិត។ ចំណែកក្រសួងអប់រំ យុវជន និងកីឡា គឺជាអ្នកចេញថ្លៃសំបុត្រយន្តហោះសម្រាប់ធ្វើដំណើរទៅសិក្សានៅប្រទេសរុស្សី ប៉ុន្តែពេលវិលត្រឡប់មកវិញនិស្សិតរ៉ាប់រងដោយខ្លួនឯង ឬអាចស្នើសុំពីរដ្ឋាភិបាលបានក្នុងករណីខ្វះខាត។

ក្នុងឱកាសនេះ លោក ផន បុរី អំពាវនាវដល់និស្សិតកម្ពុជាដែលមានបំណងចង់ទៅសិក្សានៅសហព័ន្ធរុស្សី ត្រូវមកទំនាក់ទំនងនៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្សី ដើម្បីរៀនភាសារុស្សី និងត្រៀមដាក់ពាក្យស្នើសុំអាហារូបករណ៍ទៅសិក្សានៅរុស្សី។

គិតចាប់តាំងពីឆ្នាំ ១៩៧៩ រហូតមកដល់ ឆ្នាំ ២០២៥ រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី បានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាប្រមាណ ៩ ០០០នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម