Connect with us

សន្តិសុខសង្គម

រយៈពេល ២ ថ្ងៃ អគ្គិភ័យលេបត្របាក់ផ្ទះពលរដ្ឋអស់ ២០ ខ្នង ប្រើប្រាស់ឡានទឹក ៦៧ ឡាន

បានផុស

នៅ

អគ្គិភ័យដែលបានឆាបឆេះផ្ទះពលរដ្ឋកើតចេញពីការឆ្លងចរន្តអគ្គិសនី រយៈពេលតែ ២ថ្ងៃ បណ្តាលឲ្យផ្ទះឈើប្រក់ស័ង្កសី ចំនួន ២០ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ដោយអណ្តាតភ្លើងអស់ទាំងស្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងគិតចាប់ពីថ្ងៃទី ១៥ ដល់ទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីអគ្គិភ័យកើតឡើងរហូតដល់ ៣ករណី នៅទីតាំង ៣ផ្សេងគ្នា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឆក់យកផ្ទះប្រជាពលរដ្ឋចំនួន ២០ខ្នង អស់ទាំងស្រុង ភាគច្រើនគឺ កើតជាចេញពីការឆ្លងចរន្តអគ្គិសនី ។

យោងតាមផេកផ្លូវការរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះឲ្យដឹងថា រយៈពេល២ថ្ងៃតែប៉ុណ្ណោះ អគ្គិភ័យបានកើតឡើងរហូតដល់ ៣ករណី ដោយករណីទី១ នៅវេលាម៉ោង ៨ព្រឹក ថ្ងៃសៅរិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឆាបឆេះផ្ទះពលរដ្ឋអស់ចំនួន ១២ខ្នង នៅក្បែរគល់ស្ពានអាកាសមរតកតេជោ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ , ករណីទី២ នៅវេលាម៉ោង ៣ និង ៣០នាទី ទៀបភ្លឺឈានចូលថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឆាបឆេះផ្ទះពលរដ្ឋអស់ចំនួន ៤ខ្នង នៅភូមិទួលគោក សង្កាត់ទួលសង្កទី១ ខណ្ឌឬស្សីកែវ នឹង ករណីទី៣ នៅវេលាម៉ោង ៨យប់ ថ្ងៃទី ១៦ ខែវិច្ចិកា ឆ្នាំ២០២៥ ដដែល ផ្ទះពលរដ្ឋចំនួន ៤ខ្នង នៅចំណុចផ្សារខ្មែរ-ឥស្លាម តាមបណ្តោយផ្លូវលេខ ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមបញ្ជាក់ផងដែរថា ៣ករណីនេះ គឺសុទ្ធកើតចេញពីការឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យកើតមានអគ្គិភ័យយ៉ាងសន្ធោសន្ធៅ។

ជាមួយគ្នានេះ លោក សាន វឌ្ឍនា មន្រ្តីជំនាញពន្លត់អគ្គិភ័យ បានសំណូមពរប្រជាពលរដ្ឋទូទាំងរាជធានី និង ២៥ ខេត្ត-ក្រុង ទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ នារដូវនេះ ដោយសារតែអាកាសធាតុចាប់ផ្តើមធ្លាក់ខ្យល់ខ្លាំង ត្រូវការពារជៀសវាងមានអគ្គិភ័យកើតឡើងជាយថាហេតុ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម