Connect with us

សន្តិសុខសង្គម

បុរសខ្មែរម្នាក់ប្រើកាយវិការមិនសមរម្យដាក់ជនបរទេស នៅរបងវត្តឧណ្ណាលោម ជាជនអនាថា សមត្ថកិច្ចកំពុងស្រាវជ្រាវ

បានផុស

នៅ

បុរសខ្មែរម្នាក់ ដែលប្រើកាយវិការ និងសម្ដីមិនសមរម្យទៅលើជនបរទេសម្នាក់ជាអ្នកទេសចរ នៅរបងវត្តឧណ្ណាលោម គឺជាជនអនាថា គ្មានទីលំនៅច្បាស់លាស់ឡើយ ពេលនេះ សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវរកបុរសនោះមកសួរនាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីប្រើកាយវិការ និងសម្ដីមិនសមរម្យទៅលើជនបរទេសនេះ បានកើតឡើងតាំងពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៦ មកម្ល៉េះ ស្ថិតនៅរបងវត្តឧណ្ណាលោម មូលដ្ឋានសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បានបញ្ជាក់កាលពីល្ងាចថ្ងៃទី ១៩ មេសា ម្សិលមិញ ថា ក្រោយមានបទបញ្ជាពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកអធិការ បានណែនាំទៅនគរបាលផែនជំនាញ រួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ចុះទៅដល់ទីតាំងកើតហេតុ ធ្វើការសួរនាំ និងស្រាវជ្រាវ បានជួបជាមួយបុរសម្នាក់ជាអ្នករត់ម៉ូតូកង់បីកាលពីថ្ងៃកើតហេតុបានឃើញហេតុការណ៍ក៏បានបញ្ជាក់ជាមួយនគរបាលថា បុរសដែលប្រើកាយវិការ និងសម្ដីមិនសមរម្យទៅលើជនបរេស គឺជាជនអនាថា គ្មានទីលំនៅច្បាស់លាស់ ដើរគ្រប់ទីកន្លែង និងដេកតាមទីសាធារណៈ។

លោក សួន គឹមសុង ជាអ្នករត់ម៉ូតូកង់បី បានបញ្ជាក់បន្ថែមថា កាលពីថ្ងៃកើតហេតុ មានសប្បុរសជនមកចែកអំណោយដល់លោកតា លោកអ៊ំធាក់ស៊ីក្លូ ដោយជនខាងលើនោះក៏បាននៅជិតទីនោះដែរ ហើយស្រាប់តែមានជនបរទេសដើរមកបានប៉ះពាក្យសម្ដីគ្នាដូចក្នុងវីដេអូលើបណ្តាញសង្គមតែម្តង។

លោកអធិការនគរបាលខណ្ឌដូនពេញ បញ្ជាក់បន្ថែមដែរថា យ៉ាងណា កម្លាំងនគរបាល បាននិងកំពុងបន្តស្រាវជ្រាវរកបុរសខាងលើនោះមកសួរនាំ ដើម្បីអនុវត្តបន្តចំពោះមុខ៕
អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម